(ភ្នំពេញ)៖ អគ្គលេខាធិការរងនៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) លោក កាំង ម៉ូនីកា បានលើកឡើងថា ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៥ រួមបញ្ចូលទាំងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតដែលបងប្អូនកម្មករនិយោជិតនៅកម្ពុជាទទួលបានប្រចាំខែ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការទ្រទ្រង់ជីវភាព និងជាប្រភពចំណូលថ្មីបន្ថែមមួយកំរិតទៀតសម្រាប់គ្រួសាររបស់ពួកគាត់។

អគ្គលេខាធិការរងនៃសមាគម TAFTAC រូបនេះ បានពន្យល់ថា ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៥ ចំនួន ២០៨ដុល្លារ បូករួមទាំងប្រាក់រង្វាន់ និងប្រាក់ឧបត្ថម្ភ រួមទាំងអត្ថប្រយោជន៍ផ្សេងៗទៀតដែលនិយោជក និងរាជរដ្ឋាភិបាលផ្តល់ជូនកម្មករនិយោជិតទៀតនោះ គឺកម្មករនិយោជិតកម្នាក់នឹងទទួលបានចំណូលប្រចាំខែសរុបប្រមាណជា៣០០ដុល្លារ ក្នុងមួយខែ។ ចំណូលនេះគឺសមល្មមសម្រាប់កម្មករនិយោជិត ហើយអាចជួយទ្រទ្រង់ជីវភាពរបស់ពួកគេបានមួយផ្នែកធំ។

សម្រាប់លោកមើលឃើញថា តួលេខប្រាក់ឈ្នួលអប្បបរមាចំនួន ២០៨ដុល្លារ ប្រសិនបើប្រៀបធៀបជាមួយប្រទេសដែលមានកម្រិតឧស្សាហកម្មដូចកម្ពុជា គឺប្រទេសកម្ពុជាមានតួលេខប្រាក់ឈ្នួលអប្បបរមាខ្ពស់ជាងគេបន្តិច។ ដូច្នេះប្រទេសកម្ពុជានៅតែអាចរក្សាបាននូវកម្រិតប្រកួតប្រជែងខ្ពស់ជាមួយបណ្តាប្រទេសទាំងនោះក្នុងកម្រិតការវិនិយោគលើវិស័យដូចគ្នានេះផងដែរ។

លោក កាំង ម៉ូនីកា សង្កត់ធ្ងន់ថា តាមរយៈការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដាក់ចេញគោលនយោបាយ យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ឆ្នាំ២០២២-២០២៧ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងធ្វើកំណែរទម្រង់លើសេវាសាធារណៈ និងការកាត់បន្ថយការចំណាយផ្សេងៗក្នុងការធ្វើធុរកិច្ចនោះ លោកសង្ឃឹមថាកម្ពុជានៅតែរក្សាភាពរឹងមាំ និងរក្សាបានកំណើនវិនិយោគលើវិស័យមួយនេះ។

ទន្ទឹមនេះ លោកស្រី ខាន់ នារតី ជាកម្មការិនីនៅរោងចក្រកាត់ដេរក្នុងរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៥ ចំនួន ២០៨ដុល្លារ រួមបញ្ចូលបន្ថែមលើអត្ថប្រយោជន៍ផ្សេងៗទៀតដែលកំពុងទទួលបានស្រាប់ វានឹងអាចចូលរួមចំណែកយ៉ាងសំខាន់ក្នុងការទ្រទ្រង់ជីវភាពគ្រួសាររបស់គាត់ ហើយអាចសន្សំសំចៃបានមួយផ្នែកទៀតដើម្បីពង្រឹងជីវភាពប្រចាំថ្ងៃផងដែរ។

កម្មការិនីរូបនេះបានគូសបញ្ជាក់បន្ថែមថា ការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតគឺជារឿងសំខាន់ ក៏ប៉ុន្តែអ្វីដែលសំខាន់នោះគឺតួលេខប្រាក់ឈ្នួលនេះអាចរក្សាបាននូវស្ថេរភាពការងារសម្រាប់កម្មករនិយោជិត។ កម្មការិនីរូបនេះសប្បាយចិត្តនៅពេលដែលខ្លួននៅតែអាចបន្តបំពេញការងារនៅកន្លែងធ្វើការបាន និងមានការងារថ្មីៗបន្តមកជាហូរហែដែលធ្វើឱ្យខ្លួននៅតែបន្តអាចទទួលបានប្រាក់ចំណូល និងការងារធ្វើជាប់ជាប្រចាំ។

ដោយឡែកលោក លាង សាវឿន ជាកម្មករនិយោជិតរោងចក្រកាត់ដេរ ក្នុងរាជធានីភ្នំពេញម្នាក់ទៀតបានលើកឡើងថា កាលពីប៉ុន្មានឆ្នាំមុនជីវភាពរបស់ខ្លួនលំបាក ក៏ប៉ុន្តែក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះចំណូលប្រចាំខែរបស់ខ្លួនមានភាពល្អប្រសើរ ក្នុងនាមជាកម្មករកាត់ដេរ។ដោយឡែកប្រាក់ឈ្នួលថ្មីចំនួន ២០៨ដុល្លារក្នុងមួយខែ បូករួមទាំងប្រាក់ឧបត្ថម្ភ និងអត្ថប្រយោជន៍ផ្សេងៗទៀតជាច្រើន នឹងធ្វើឱ្យជីវភាពរបស់ខ្លួនកាន់តែប្រសើរជាងមុនថែមទៀត។

កម្មកររូបនេះសប្បាយចិត្តនៅពេលដែលប្រាក់ឈ្នួលថ្មី នឹងចាប់ផ្តើមអនុវត្តចាប់ពីខែមករា ឆ្នាំ២០២៥ នេះតទៅ។ លោកសូមថ្លែងអំណរអរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងដំឡើងប្រាក់ឈ្នួលជូនដល់កម្មករនិយោជិតជារៀងរាល់ឆ្នាំ បើទោះបីស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ ដែលទាំងនេះបង្ហាញឃើញយ៉ាងច្បាស់ពីការគិតគូរសុខទុក្ខរបស់កម្មករនិយោជិតពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំចាប់តាំងពីសម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី បន្តមកដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីកម្ពុជា នាពេលបច្ចុប្បន្ន៕