(ភ្នំពេញ)៖ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាកម្មវិធីកែទម្រង់អាទិភាពមួយ នៅក្នុងរបៀបវារៈនៃការអនុវត្ដការងារកែទម្រង់របស់រាជរដ្ឋាភិបាល, កម្មវិធីនេះត្រូវបានប្រកាសដាក់ឱ្យអនុវត្ដ នៅក្នុងខែធ្នូ ឆ្នាំ២០០៤ ដោយត្រូវអនុវត្ដតាមអភិក្រមជាជំហានៗ តាមដំណាក់កាលទាំង៤ គឺ៖ ១៖ ភាពជឿទុកចិត្ដនៃថវិកា (២០០៥-២០០៨), ២៖ គណនេយ្យភាពហិរញ្ញវត្ថុ (២០០៩-២០១៥), ៣៖ ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ (២០១៦-២០២២), និង ៤៖ គណនេយ្យភាពសមិទ្ធកម្ម (២០២៣-២០២៧)។
គោលដៅចម្បងនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺការផ្លាស់ប្ដូរជាបណ្ដើរៗ នៃប្រព័ន្ធថវិកា និងប្រតិបត្ដិការហិរញ្ញវត្ថុសាធារណៈពី «ប្រព័ន្ធថវិកាដែលផ្អែកលើធាតុចូល និងមជ្ឈការ» ឆ្ពោះទៅ «ប្រព័ន្ធថវិកាដែលផ្ដោតលើលទ្ធផល ឬសមិទ្ធកម្ម និងវិមជ្ឈការ» ស្របតាមបទដ្ឋាន និងឧត្ដមានុវត្ដន៍ជាអន្ដរជាតិ ព្រមទាំងបរិការណ៍ជាក់ស្ដែងរបស់កម្ពុជា។
ជាងបីទសវត្សរ៍កន្លងមកនេះ ប្រទេសកម្ពុជាមានច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ដែលជាគតិយុត្ដគោល ត្រូវបានរៀបចំនិងប្រកាសដាក់ឱ្យប្រើប្រាស់ដំបូង នៅឆ្នាំ១៩៩៣ ក្រោមឈ្មោះថា «ច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុ»និងត្រូវបានពិនិត្យឡើងវិញលើកទី១ នៅឆ្នាំ២០០៨ ដែលត្រូវជំនួសដោយ «ច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ» ក្នុងគោលដៅចម្បងដើម្បីរៀបចំ និងដាក់ឱ្យអនុវត្ដប្រព័ន្ធថវិកាកម្មវិធី។ នៅក្នុងឆ្នាំ២០២៣, ច្បាប់នេះក៏ត្រូវបានពិនិត្យឡើងវិញម្ដងទៀត និងត្រូវបានជំនួសដោយច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្មី ក្នុងគោលដៅរៀបចំមូលដ្ឋានគ្រឹះ ក្នុងការកសាងប្រព័ន្ធថវិកាសមិទ្ធកម្ម ដែលគ្រោងនឹងអនុវត្ដឱ្យបានជាមូលដ្ឋានច្បាប់ពីឆ្នាំ២០២៦ តទៅ។
ទន្ទឹមនេះរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាសេនាធិការ បានរៀបចំគោលការណ៍ណែនាំរួម ស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលត្រូវអនុលោមតាមច្បាប់ស្តីពី ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ នឹងជួយពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅតាមក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេស គឺការផ្ដល់នូវតម្លៃបន្ថែមជាសារវន្ដដល់ដំណើរការនៃការរៀបចំ ការវិភាជ ការអនុវត្ដ និងការត្រួតពិនិត្យនិងវាយតម្លៃថវិការដ្ឋ ឱ្យកាន់តែមានផលិតភាព ប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព គណនេយ្យភាព តម្លាភាព និងចីរភាព។
គោលការណ៍ណែនាំរួមស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានដាក់ឱ្យអនុវត្ដដោយអនុក្រឹត្យលេខ២៦ អនក្រ.បក ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ និងត្រូវបានផ្សព្វផ្សាយក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពីការដាក់ឱ្យអនុវត្ដគោលការណ៍ណែនាំរួម ស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ប៉ែន ធីរុង្គ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងមានការចូលរួមពីក្រសួង ស្ថាប័ន, រដ្ឋបាលថ្នាក់ក្រោមជាតិ, គ្រឹះស្ថានសាធារណៈរដ្ឋបាល, សហគ្រាសសាធារណៈ, មន្ទីរជំនាញពាក់ព័ន្ធ, និងដៃគូអភិវឌ្ឍ។
គោលការណ៍ណែនាំរួមនេះ គឺជាឯកសារគោលដែលចង្អុលបង្ហាញណែនាំក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិ អំពីគោលការណ៍ច្បាប់, លិខិតបទដ្ឋានគតិយុត្ដ, វិធាន, យន្ដការ, និងនីតិវិធីរួម សំដៅធានាសង្គតិភាព និងភាពគ្រប់ជ្រុងជ្រោយនៃការអនុវត្ដគោលការណ៍គន្លឹះៗ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ គោលការណ៍ណែនាំរួមនេះនឹងក្លាយជាឯកសារប្រើប្រាស់ដ៏មានសារៈសំខាន់ សម្រាប់គ្រប់ភាគីពាក់ព័ន្ធ ដើម្បីយល់កាន់តែច្បាស់ពីតួនាទីភារកិច្ចនិងភាពប្រទាក់ក្រឡានៃការអនុវត្ដការងារ ហិរញ្ញវត្ថុសាធារណៈរបស់ក្រសួង ស្ថាប័នសាមី និងអង្គភាពសាធារណៈពាក់ព័ន្ធដទៃទៀត។
គោលការណ៍ណែនាំរួមស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មានគោលបំណងកំណត់បទដ្ឋានរួមមួយ ដើម្បីចង្អុលបង្ហាញ និងណែនាំអំពីគោលការណ៍ វិធាន និងនីតិវិធីរួម ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅគ្រប់ដំណាក់កាលនៃវដ្ដថវិកា និងការងារពាក់ព័ន្ធផ្សេងទៀត ដើម្បីរួមចំណែកពង្រឹងប្រសិទ្ធភាពនៃប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា។
ផ្ដើមចេញពីមគ្គទេសក៍រួមនេះ ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិ អាចប្រើប្រាស់គោលការណ៍ណែនាំរួមនេះ ជាឯកសារយោង ដើម្បីប្រមូលផ្ដុំ ចងក្រងនិងរៀបចំគោលការណ៍ណែនាំលម្អិតស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅតាមអង្គភាពសាមី។ គោលការណ៍ណែនាំលម្អិតទាំងនេះ ត្រូវគោរពតាមគោលការណ៍ចម្បង ដែលមានចែងនៅក្នុងគោលការណ៍ណែនាំរួមនេះ ដើម្បីពង្រឹងអនុលោមភាពសង្គតិភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ទន្ទឹមនេះ,គោលការណ៍ណែនាំរួមស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ រៀបចំគោលការណ៍ណែនាំលម្អិតស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ខ្លួន ដើម្បីចង្អុលបង្ហាញ និងណែនាំដល់អង្គភាពក្រោមឱវាទប្រើប្រាស់ ចាត់ចែងធនធាន និងអនុវត្ដថវិកាប្រកបដោយតម្លាភាព, គណនេយ្យភាព, ចីរភាព, ប្រសិទ្ធភាព, និងស័ក្ដិសិទ្ធភាព។
មកដល់ពេលនេះ, ក្រសួង ស្ថាប័នទំាងអស់ស្ថិតក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានដាក់ផែនការរបស់ខ្លួនទៅក្នុងផែនការសកម្មភាពលម្អិតរបស់ក្រសួង ស្ថាប័ន (GDAP 4 និង MAP 4 ២០២៤)។ ទន្ទឹមនេះ, ក្រសួង ស្ថាប័នមួយចំនួនក៏បាននិងកំពុងរៀបចំជាសេចក្តីព្រាង FMM និងបានដាក់ក្នុងសិក្ខាសាលាពិគ្រោះយោបល់ ជាមួយតួអង្គពាក់ព័ន្ធនានាផងដែរ ដើម្បីឱ្យការរៀបចំគោលការណ៍ណែនាំនេះមានភាពគ្រប់ជ្រុងជ្រោយ, សង្គតិភាពទៅនឹងលិខិតបទដ្ឋានគតិយុត្តជាធរមាន, និងប្រសិទ្ធភាពអនុវត្តខ្ពស់ ក្រោមការសម្របសម្រួលរបស់អគ្គលេខាធិការដ្ឋានគណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.)៕