(ភ្នំពេញ)៖ ភាគីកម្ពុជា និងភាគីអារ៉ាប៊ីសាអូឌីត បានបញ្ជាក់ពីជំហរនៅតែបន្តពង្រឹងកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ ពិសេសគឺជួយគ្នាផ្សព្វផ្សាយនិងទាក់ទាក់ទេសចរទៅវិញទៅមក ដើម្បីសម្រេចតាមគោលដៅទាក់ទាញភ្ញៀវទេសចរមូស្លីមឱ្យមកទស្សនាកម្ពុជាកានតែច្រើន និងផែនការប្រែក្លាយរដូវ Low season ទៅជារដូវ Green season នៅកម្ពុជា។

ការបញ្ជាក់ពីជំហររួមគ្នានេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ម៉ូហាំម៉េដ អ៉ីស្មាអ៊ែល ដះលវី (Mohammed Ismaeil A. Dahlwy) ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា ដែលមាននិវេសដ្ឋាននៅទីក្រុងហាណូយ នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងទេសចរណ៍។

លោក ហួត ហាក់ បានជម្រាបជូនឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតពីគោលបំណងចង់ប្រែក្លាយ Low season ទៅជា Green season ដែលនៅតែរក្សាចំនួនភ្ញៀវច្រើនដូច Hight season។ លោកថា ផែនការនេះគឺនឹងទាក់ទាញភ្ញៀវទេសចរមូស្លីមឱ្យមកទស្សនាកម្ពុជាកានតែច្រើននៅរដូវមានភ្លៀងធ្លាក់ ពីព្រោះប្រជាជនមូស្លីមមានជំនឿថា «ភ្លៀង» គឺជា «ពរជ័យរបស់ព្រះអាឡោះ» ដែលជាហេតុនាំឱ្យប្រជាជនមូស្លីមចូលចិត្តដើរទស្សនានារដូវភ្លៀង។

លោកឯកអគ្គរាជទូត ម៉ូហាំម៉េដ បានប្ដេជ្ញាជួយជំរុញភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនាកម្ពុជា។ លោកឯកអគ្គរាជទូតថែមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសុខសន្តិភាព ភាពរីកចម្រើន ភាពសុខដុមរមនាជំនឿសាសនានៅប្រទេសកម្ពុជា។

ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ឱ្យកាន់តែជិតស្និទ្ធ លោករដ្ឋមន្ត្រី ហួត ហាក់ និងឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត បានឯកភាពរៀបចំចាត់តាំងក្រុមការងារក្នុងការចុះអនុស្សរណៈនៃការយោគយល់គ្នាមួយ រវាងក្រសួងទេសចរណ៍កម្ពុជា និងស្ថានទូតអារ៉ាប់ប៊ីសាអូឌីត៕