(បាត់ដំបង)៖ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកភ្នំព្រឹក ដឹកនាំដោយលោក សុង សុភ័ក្ដ្រ អភិបាលស្រុកភ្នំព្រឹក និងជាប្រធានគណៈកម្មាធិការអនុសាខាស្រុក បានចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន២គ្រួសារ ស្ថិតភូមិអូរតាប៉ុន និងចូលរួមបុណ្យសពរងគ្រោះដោយគ្រោះថ្នាក់ចរាចណ៍ ស្ថិតនៅភូមិអន្លង់មៀន ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥។

លោក សុង សុភ័ក្ដ្រ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលសម្តេចតែងតែគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោលកាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល។

លោកប្រធានអនុសាខាស្រុកក៏សូមឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ថែរក្សាសុខភាព ដោយប្រកាន់ភ្ជាប់នូវអនាម័យទាំងការរស់នៅ និងការហូបចុច ដើម្បីចៀសវាងពីជំងឺដង្កាត់ផ្សេងៗមកបៀតបៀន។

ក្រុមការងារអនុសាខាស្រុកបានបន្តចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារបសពយុវជន សុង សំណាង អាយុ១៥ឆ្នាំ ស្លាប់ដោយករណីគ្រោះថ្នាក់ចរាចរណ៍ ស្ថិតនៅភូមិអន្លង់មៀន ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងផងដែរ។

អំណោយមនុស្សធម៌ដែលផ្តល់ជូនគ្រួសារក្រីក្រចំនួន២គ្រួសារ រួមមាន៖ អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៉ី១យួរ និងថវិកាមួយចំនួន។ ដោយឡែកគ្រួសាសពក្រុមការងារបានចូលរួមបុណ្យ រួមមាន៖ អង្ករ២៥គីឡូ ទឹកត្រី១យួរ ទឹកស៉ីអ៉ីវ១យួរ ត្រីខ១យួ សរុបចំនួន៩២៥,០០០រៀល៕