(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានរៀបចំពិធីបិទការប្រឡងចម្រៀងបុរាណសម័យ អបអរសាទរខួបលើកទី៤៦ ទិវាជ័យជម្នះ៧មករា (១៩៧៩-២០២៥) នៅផ្សារមរតកស្រុកស្ទោង នារាត្រីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥។

ថ្លែងទៅកាន់ប្រជាពលរដ្ឋ មន្ត្រីរាជការ បេក្ខជន បេក្ខនារី អាជីវករ នៅក្នុងមូលដ្ឋាននាឱកាសនោះ លោកបានបញ្ជាក់ថា ពិធីដ៏មហោឡារិកនេះ លើសពីការអបអរសាទរទិវាជ័យជំនះលើរបបអាវខ្មៅយង់ឃ្នងដែលសម្ដេចតេជោហ៊ុន សែន បានបូជាសាច់ស្រស់ ឈាមស្រស់ដើម្បីប្ដូរយកនូវសុខសន្តិភាពមកជូនជាតិមាតុភូមិរហូតមកដល់ពេលបច្ចុប្បន្ននេះគឺ ការបង្កលក្ខណៈកម្សាន្តសប្បាយ ជួបជុំរីករាយរបស់ពុកម៉ែបងប្អូននៅក្នុងស្រុកស្ទោយនិងជិតឆ្ងាយផងដែរ។

លោកបានបន្តថាការប្រឡងចម្រៀងបុរាណសម័យនៅក្នុងពេលនេះគឺជាការរក្សានូវទំនៀមទម្លាប់ប្រពៃណីដែលអាជ្ញាធរនិងរដ្ឋបាលស្រុកស្ទោងតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំដើម្បីថែរក្សានូវវប្បធម៌ព្រមទាំង ទម្លាប់ដែលតែងធ្វើឡើងហើយលោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក កុក វិទូ អគ្គនាយកផ្សារមរតកស្រុកស្ទោង ដែលបានសហការនិងផ្ដល់ទីតាំងសម្រាប់ប្រារព្ធពិធីដ៏សប្បាយរីករាយនេះឡើងផងដែរ។

ទន្ទឹមនឹងនេះ លោកបានកោតសរសើរនិង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កងកម្លាំងទាំងបីនិងអាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាអនុគណៈកម្មការទាំងអស់និងសហការីដែលបាន អនុវត្តសហការ ក៏ដូចដែលបានចូលរួមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងកម្មវិធីទាំងបីរាត្រីប្រកបដោយប្រសិទ្ធភាពនិងសុវត្ថិភាពខ្ពស់បំផុត។

លោកបានអំពាវនាវដោយទទូចដល់ប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោងទាំងមូល សូមបន្តថែរក្សាការពារសុខសន្តិភាពទោះក្នុងតម្លៃណាក៏ដោយ ត្រូវថែរក្សាឱ្យខាងតែបាន ដើម្បីមានឱកាសអភិវឌ្ឍន៍ និងកសាងមូលដ្ឋានប្រទេសជាតិឱ្យបានកាន់តែរីកចម្រើនថែមទៀត។

សូមបញ្ជាក់ថា ម្ចាស់ជ័យលាភីលេខ១ គឺអ្នកស្រី ឈន ចន្ទរស្មី ម្ចាស់ជ័យលាភីលេខ២ គឺលោក រី វ៉ិត និងម្ចាស់ជ័យលាភី៣ គឺលោក ប៉ាង បញ្ញា៕