(ក្រចេះ)៖ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ និងជានាយកគម្រោង បានដឹកនាំក្រុមការងារបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ក្នុងខេត្តក្រចេះ កាលពីល្ងាចថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥។
នៅក្នុងដំណើរកាចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់ស្ពានកាត់ទន្លេ និងផ្លូវតភ្ពាប់ក្នុងខេត្តក្រចេះ ក៏មានការចូលរួមពីសំណាក់ អនុរដ្ឋលេខាធិការ សមាជិកអនុវត្តគម្រោង តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ តំណាងក្រុមហ៊ុនសៀងហៃ និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន។
លោក លឹម ស៊ីដេនីន បានណែនាំក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក៏ដូចជាក្រុមហ៊ុនសាងសង់ពង្រឹងធ្វើឲ្យប្រសើឡើងនូវវិធីសាស្រ្តសាងសង់ (Construction MethodStatement) សុវត្ថិភាពការងារការដ្ឋាន មានកម្មវិធីការងារ ច្បាស់លាស់ និងរាល់ដំណាក់កាលការងារនីមួយៗ ត្រូវធ្វើតេស្តឲ្យបានត្រឹមត្រូវ។ ចំណែកការងារសាងសង់ផ្លូវ ក៏បានជំរុញឲ្យក្រុមហ៊ុនសាងសង់បន្ថែមគ្រឿងចក្រ ព្រោះពេលវេលានេះជារដូវប្រាំង និងជាពេលវេលាល្អ សម្រាប់ធ្វើគ្រឹះផ្លូវ។
បើតាមបញ្ជាក់ពីក្រុមការងារក្រសួង បានឲ្យដឹងថា គិតត្រឹមដើមខែមករា ឆ្នាំ២០២៥នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ សម្រេចលទ្ធផល៧៩.២២% ខណៈដែលគម្រោងទាំងមូល រួមមាន៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ ប្រវែង១,៧៦១ម៉ែត្រ, ផ្លូវមេតភ្ជាប់មានប្រវែងសរុប១៥,៤៩០ម៉ែត្រ (ផ្លូវមេតភ្ជាប់ត្រើយខាងកើតប្រវែង ៧.៦៨៤គីឡូម៉ែត្រ និងត្រើយខាងលិចប្រវែង ៧.៨០៦គីឡូម៉ែត្រ) និងផ្លូវខ្នែងមានចំនួន៤ខ្សែ ប្រវែងសរុប១៦.២០៨គីឡូម៉ែត្រ សម្រេចលទ្ធផល៥៥.២៧%។
លោកបានអះអាងថា ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយក្នុងកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ គឺការលើក កម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន។
គម្រោងស្ពាន និងផ្លូវតភ្ជាប់នេះ គឺជាគម្រោងយុទ្ធសាស្រ្តមួយដ៏សំខាន់សម្រាប់ការតភ្ជាប់ទំនាក់ទំនង និងជាក្តីសង្ឃឹមរវាងប្រជាពលរដ្ឋដែលរស់នៅត្រើយខាងកើត និងប្រជាពលរដ្ឋដែលរស់នៅត្រើយខាងលិច ទាំងការតភ្ជាប់តំបន់ដាច់ ស្រយាលនៅភូមិភាគឦសាន មកកាន់ទីប្រជំជន។
គម្រោងនេះគឺជាផ្នែកមួយនៃផ្លូវជាតិលេខ៦០B តភ្ជាប់ពីខេត្តក្រចេះ ទៅខេត្តកំពង់ធំដែលមានភាពប្រទាក់ក្រឡាគ្នាជាមួយផ្លូវជាតិសំខាន់ៗ ដូចជាត្រើយខាងលិចតភ្ជាប់ផ្លូវជាតិលេខ៦ ត្រង់ផ្លូវបំបែកកំពង់ថ្ម កំពង់ធំ ឆ្ពោះទៅកាន់ខេត្ត សៀមរាប និងតភ្ជាប់តាមរយៈផ្លូវខេត្តលេខ២៧៩ ឆ្ពោះទៅកាន់ខេត្តកំពង់ចាម ចំណែកឯត្រើយខាងកើតវិញនោះ គឺតភ្ជាប់ផ្លូវជាតិលេខ៧ ឆ្ពោះទៅកាន់ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងតភ្ជាប់ជាមួយផ្លូវជាតិលេខ៧៣ ដោយឆ្លងកាត់ស្រុកឆ្លូង ស្រុកតំបែ ឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ រួចតភ្ជាប់ទៅកាន់ផ្លូវជាតិលេ៧ ឆ្ពោះទៅកាន់ខេត្តកំពង់ចាម ឬខេត្តព្រៃវែង រួចបន្តឆ្ពោះទៅរាជធានីភ្នំពេញ។
បើគ្មានការប្រែប្រួលទេ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ អាចនឹងបើកឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ន នៅអំឡុងខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះ៕