(ភ្នំពេញ)៖ ក្នុងឱកាសធ្វើដំណើរទស្សនកិច្ចជាផ្លូវការ មកកម្ពុជា លោក KATO Katsunobu រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនៃរដ្ឋាភិបាលជប៉ុន នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះ បានចុះទស្សនកិច្ចរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនិរោធ ខណៈកម្ពុជា-ជប៉ុន បាននិងកំពុងសិក្សាលទ្ធភាពពង្រីក ការសាងសង់រោងចក្រផលិតទឹកស្អាតនិរោធ ជំហានទី៣បន្ថែម នៅឆ្នាំ២០២៧។
លោក ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឱ្យដឹងថា គោលដៅនៃការចុះទស្សនកិច្ចរបស់ លោក KATO Katsunobu មកកាន់រោងចក្រផលិតទឹកស្អាតនិរោធ នាឱកាសនេះ គឺដើម្បីពិនិត្យមើលនូវសមិទ្ធផលក្នុងវិស័យទឹកស្អាត ដែលរដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយហិរញ្ញប្បទាន មករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនាពេលកន្លងមក និងដើម្បីសិក្សាលទ្ធភាពក្នុងការផ្តល់ជំនួយ និងកម្ចីបន្ថែមដល់ការសាងសង់រោងចក្រផលិតទឹកស្អាតនិរោធ ជំហានទី៣ ដែលមានសមត្ថភាពផលិតទឹកស្អាតប្រមាណ ២០០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ។
បើតាមលោក ឡុង ណារ៉ូ រោងចក្រផលិតទឹកស្អាតនិរោធជំហានទី៣ គ្រោងសាងសង់ នៅឆ្នាំ២០២៧-២០២៨ ខាងមុខ។ ការពង្រីកសាងសង់រោងចក្រនេះ គឺដើម្បីផ្គត់ផ្គង់ទឹកស្អាតទៅតំបន់ប៉ែកខាងត្បូង និងប៉ែកខាងលិចរាជធានីភ្នំពេញ ជាពិសេសតំបន់កួរស្រូវ ព្រលានយន្តអន្តរជាតិភ្នំពេញថ្មី ,ស្រុកកណ្តាលស្ទឹង និងតំបន់កៀនស្វាយ ក្នុងខេត្តកណ្តាលជាដើម។
លោកបានបញ្ជាក់ថា ចំពោះតម្លៃនៃការសាងសង់រោងចក្រផលិតទឹកស្អាតនិរោធ ជំហានទី៣ មិនទាន់ត្រូវបានកំណត់នៅឡើយទេ ដោយភាគីជប៉ុន និងកម្ពុជា កំពុងធ្វើការចរចា ទាំងលក្ខខណ្ឌបច្ចេកទេស និងហិរញ្ញវត្ថុ។
លោកគូសបញ្ជាក់បន្ថែមថា «តាមរយៈកិច្ចពិភាក្សាអម្បិញមិញនេះ គាត់នឹងពាំនាំនូវអ្វីដែលជាសំណើររបស់យើង ជាពិសេសទៅលើការខ្ចីនូវហិរញ្ញប្បទានថ្មី សម្រាប់ការពង្រីកនូវរោងចក្រនិរោធជំហានទី៣ ដែលមានសមត្ថភាពផលិតទឹកស្អាត ២០០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ហើយគ្រោងសាងសងអាចនៅក្នុងឆ្នាំ២០២៧-២០២៨ ខាងមុខនេះបន្ថែមទៀត។ហេតុនេះ ទស្សនកិច្ចនេះ គឺមាន២ចំណុច គឺទី១ទៅមើលអ្វីដែលលោកបានផ្តល់និងសាងសង់រួចដែលបានដាក់ដំណើរការ និងការគិតគូរទៅថ្ងៃអនាគត ទៅលើការពង្រីកទៅការជួយក៏ដូចជាកិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងរដ្ឋាភិបាលជប៉ុនិង និងកម្ពុជា។»
លោកបានឱ្យដឹងថា គិតចាប់តាំងពីឆ្នាំ ១៩៩៣មកទល់ពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយសរុបដល់វិស័យទឹកស្អាត ប្រមាណជាង២០ពាន់លានយេន និង៣១១លានដុល្លារអាមេរិក ពោលគឺរួមចំណែក២៧% នៃការចំណាយវិនិយោគសរុបក្នុងវិស័យទឹកស្អាត ដែលធ្វើឱ្យជប៉ុនស្ថិតក្នុងលំដាប់ទី២ ដែលបានផ្តល់ជំនួយលើវិស័យទឹកស្អាតកម្ពុជាច្រើនជាងគេ បន្ទាប់ពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍(AFD)»។
សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានរោងចក្រផលិតទឹកស្អាតចំនួន៧ទីតាំង និងមានសមត្ថភាពទឹកស្អាតប្រមាណជាង ១លានម៉ែត្រគូបក្នុងមួយថ្ងៃ៕