(ព្រះវិហារ)៖ លោក អ៊ុក គឹមសាន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា (CPP) និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ បានថ្លែងអំពាវនាវដល់យុវជនគណបក្សទូទាំងខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ ត្រូវបន្តធ្វើអំពើល្អ អំពើត្រឹមត្រូវ ជៀសវាងអំពើទាំងឡាយណាដែលធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ។
ការថ្លែងអំពាវនាវរបស់លោក អ៊ុក គឹមសាន ក្នុងឱកាសដែលលោកអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់យុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ នៅស្នាក់ការគណបក្សខេត្ត ដោយមានការចូលរួមពីលោក លោកស្រីជាប្រធាន អនុប្រធាន សមាជិក សមាជិកា យុវជនគណបក្សខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ជាច្រើនរូបទៀត។
បន្ទាប់ពីបានស្តាប់នូវរបាយការណ៍លទ្ធផលការងារប្រចាំឆ្នាំ២០២៤ ក៏ដូចជាបញ្ហាប្រឈម សំណូមពរ និងផែនការសម្រាប់អនុវត្តឆ្នាំ២០២៥ របស់ក្រុមយុវជនគណបក្សខេត្តរួចមក លោក អ៊ុក គឹមសាន បានថ្លែងអំណរគុណ និងកោតសរសើរចំពោះក្រុមការងារគណបក្សខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការបំពេញតួនាទីភារកិច្ច យ៉ាងសកម្មរហូតទទួលបានលទ្ធផលល្អប្រសើរ និងទទួលបានជោគជ័យជាបន្តបន្ទាប់។
លោកប្រធានយុវជនគណបក្សខេត្ត ក៏បានថ្លែងណែនាំដល់មន្រ្តីគណបក្សទាំងអស់ត្រូវបន្តធ្វើអំពើល្អ, អំពើត្រឹមត្រូវ, ជៀសវាងអំពើទាំងឡាយណា ដែលប៉ះពាល់ដល់ប្រយោជន៍ប្រជាជន និងត្រូវបន្តខិតខំបម្រើប្រជាជន ពិសេសត្រូវពង្រឹងការផ្តល់សេវាសាធារណៈផ្សេងៗឱ្យបានលឿន និងប្រកបដោយគុណភាព ព្រមទាំងត្រូវយកចិត្តទុកដាក់ដោះស្រាយភាពអសកម្មនានា និងខិតខំអនុវត្តការងារមួយចំនួនន ដែលមានចរិតយុទ្ធសាស្រ្តយូរអង្វែង។
លោក អ៊ុក គឹមសាន ក៏បានណែនាំបន្ថែមដល់ក្រុមយុវជនគណបក្ស ត្រូវបន្តចុះតាមខ្នងផ្ទះ ដែលជាការចិញ្ចឹមចលនាសម្រាប់គណបក្សតាមរូបភាព ជាការងារមនុស្សធម៌ កម្មវិធីផ្សេងៗ និងសួរសុខទុក្ខអ្នកដែលមានជំងឺផ្សេងៗ ជាពិសេសប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ព្រមទាំងបន្តធ្វើការត្រួតពិនិត្យជាប្រចាំ និងការពង្រឹងប្រព័ន្ធរចនាសម្ព័ន្ធក្នុងការដឹកនាំសមាជិក និងអ្នកគាំទ្រគណបក្ស ការគ្រប់គ្រងសមាជិកជាយុវជន និងអ្នកគាំទ្រគណបក្សតាមក្រុមបក្ស តាមគ្រួសារបក្សឱ្យបានហ្មត់ចត់។បន្តចូលរួមជាមួយគណៈកម្មាធិការគណបក្ស និងអង្គការមហាជនដែលមាននិន្នាការស្របគណបក្ស បំផុសស្មារតី សតិអារម្មណ៍យុវជនជាប្រចាំ ដើម្បីជំរុញការចិញ្ចឹមចលនាមហាជន ក្តាប់សតិអារម្មណ៍របស់យុវជន ជាពិសេស យុវជនដែលជាអ្នកបោះឆ្នោតលើកដំបូង ដើម្បីទាក់ទាញពួកគេចូលជាសមាជិកគណបក្ស។
លើសពីនេះលោក អ៊ុក គឹមសាន បានណែនាំឱ្យរួបរួមគ្នាជាកម្លាំងសរុប ក្នុងគោលដៅតែមួយ និងលើផ្លូវតែមួយ ដើម្បីបង្ហាញ និងផ្សព្វផ្សាយព័ត៌មានស្តីពីសមិទ្ធផលជាក់ស្តែងនានា របស់គណបក្សជូនដល់ស្រទាប់យុវជន និងប្រជាជដើម្បីសម្រេចបានចក្ខុវិស័យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមកសាង និងពង្រឹងគណបក្ស តាមរយៈការពង្រឹងការដឹកនាំនៅគ្រប់ថ្នាក់, ការធ្វើជាគំរូល្អ ប្រកបដោយគុណធម៌ និងសីលធម៌, ការរៀបចំប្រព័ន្ធការងារ និងរបៀបរបបការងារ ទាំងរបបប្រជុំ, របបរាយការណ៍ និងត្រួតពិនិត្យ ក៏ដូចជាទប់ស្កាត់ និងឆ្លើយតបរាល់ឧបាយកលទុច្ចរិតនានា ដែលមានបំណងចង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដើម្បីរក្សាសន្តិភាព និងភាពសុខសាន្តជូនប្រជាជន៕