(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ សាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ទីតាំងទួលគោក បានរៀបចំសន្និសីទស្តីពីការសិក្សានៅឧត្តមសិក្សា និងឱកាសការងារ ដល់និស្សិតគ្រប់ទីតាំងគោល និងសាខាទាំង ៩ទីតាំង ក្នុងបំណងផ្តល់ការស្វែងយល់ពីការសិក្សានៅឧត្តមសិក្សា និងឱកាសការងារឱ្យបានល្អប្រសើរបន្ថែមទៀត។
សន្និសីទនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោកបណ្ឌិត មាស បូរ៉ា សាកលវិទ្យាធិការសាកលវិទ្យាល័យឯកទេសនៃកម្ពុជា និងមាននិស្សិតចូលរួមប្រមាណ ១,៨០០នាក់។
លោកបណ្ឌិត កែវ ជា សាកលវិទ្យាធិការរងសាកលវិទ្យាល័យឯកទេស នៃកម្ពុជា បានបញ្ជាក់ថា សាកលវិទ្យាល័យបង្កើតឡើងជាង២០ឆ្នាំមកហើយ។ បច្ចុប្បន្ន CUS មាន ៩ទីតាំង គឺ៣ទីតាំងនៅរាជធានីភ្នំពេញ និង៦ទីតាំងនៅតាមបណ្តាខេត្តមាន ខេត្តកំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង និងខេត្តកំពត។ និស្សិតដែលបានបញ្ចប់ការសិក្សាមានចំនួនជិត ៥០,០០០នាក់ ដែលនិសិ្សតចំនួននេះមានការកើនឡើងជារៀងរាល់ឆ្នាំ ហើយសាកលវិទ្យាល័យបានបណ្តុះបណ្តាលដោយផ្តោតទៅលើ គុណភាព (បង្រៀន រៀនអនុវត្ត ស្រាវជ្រាវ សេវាកម្ម សមត្ថភាពវិជ្ជាជីវៈ), ចំណេះដឹង ចំណេះធ្វើ, បុគ្គលិកលក្ខណៈសម្បត្តិល្អ ចរិយាសម្បត្តិ រូបសម្បត្តិ ភាពសកម្មការងារ និងសិល្បៈនៃការរស់នៅ។
មកដល់ពេលនេះ មាននិស្សិតបានចេញទៅបម្រើការងារ ក្រសួង ស្ថាប័ន និងតាមក្រុមហ៊ុនដៃគូជាច្រើនពាន់នាក់ ក្នុងនោះមាននិស្សិតមួយចំនួនក្លាយជាពាណិជ្ជករ ឬជាម្ចាស់សហគ្រាសធុនតូច និងមធ្យម (SME) ឬធំ និងជាមន្ត្រីរបស់រដ្ឋដែលមានឋានៈរហូតដល់សមាជិកសភាជាតិ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អភិបាលរងខេត្ត អភិបាលស្រុក មេឃុំ និង ជាមន្ត្រី នៅតាមស្ថាប័នក្រុមហ៊ុនរដ្ឋ ឬឯកជន ជាតិ និងអន្តរជាតិ។ ក្នុងឆ្នាំ២០២៤ នេះសាកលវិទ្យាល័យឯកទេសនៃកម្ពុជា បានបង្កើនទាំងសមត្ថភាពធនធានហិរញ្ញវត្ថុ និងធនធានសម្ភារ ដើម្បីជំរុញឱ្យហេដ្ខារចនាសម្ព័ន្ធរូបវ័ន្តរបស់ខ្លួនកាន់តែល្អ និងមានប្រសិទ្ធភាពថែមទៀត។
បើតាមលោក កែវ ជា សន្និសីទនេះ ធ្វើឡើង ក្នុងគោលបំណងឱ្យនិស្សិតស្វែងយល់កាន់តែច្បាស់លាស់អំពីឯកទេសនីមួយៗ នៃមហាវិទ្យាល័យទាំង៥ ដើម្បីសិក្សាស្របតាមចំណង់ចំណូលចិត្ត និងឱកាសការងារដែលនិសិ្សតគ្រប់រូបចង់បាន និង ស្វែងយល់អំពីគន្លឹះជោគជ័យសំខាន់ៗសម្រាប់ត្រៀមលក្ខណៈសម្បត្តិរកការងារធ្វើ និងរក្សាការងារ ស្វែងយល់អំពីសេវាគាំពារផ្សេងៗរបស់តម្រូវការសង្គម ព្រមទាំង ស្វែងយល់ពីគន្លឹះសិក្សាជោគជ័យនៅថ្នាក់ឧត្ដមសិក្សា និងវិសាលភាពនៃទីផ្សារការងារក្នុងប្រទេស។
សាកលវិទ្យាល័យមានបទពិសោធន៍លើការបណ្តុះបណ្តាលជាច្រើនឆ្នាំ ប្រកបដោយភាពជោគជ័យ មានសាស្ត្រាចារ្យ បុគ្គលិកគ្រប់គ្រាន់ដែលមានសញ្ញាបត្រខ្ពស់ បទពិសោធន៍ជំនាញច្បាស់លាស់ និងបានធ្វើកិច្ចសហប្រតិបត្តិការព្រមទាំងចុះអនុស្សារណៈយោគយល់ជាមួយសាកលវិទ្យាល័យនិងស្ថាប័នបរទេស។
លោកបណ្ឌិត កែវ ជា បានបញ្ជាក់បន្ថែមថា ដើម្បីជួយនិស្សិតងាយស្រួលរកកន្លែងហាត់ការ ធ្វើកម្មសិក្សា ការងារស្ម័គ្រចិត្ត និងរកការងារធ្វើ សាកលវិទ្យាល័យឯកទេសនៃកម្ពុជា បានចុះអនុស្សរណៈយោគយល់ជាមួយបណ្តាក្រុមហ៊ុន និងស្ថាប័នក្នុងស្រុកចំនួន៥៨៣នៅទូទាំងប្រទេស ហើយនឹងបន្តជំរុញឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត និងបានចុះអនុស្សរណៈយោគយល់ជាមួយសាកលវិទ្យាល័យនិងស្ថាប័ន បរទេសចំនួន៥៦ប្រទេស តាមរយៈកិច្ចសហប្រតិបត្តិការនេះសាកលវិទ្យាល័យបានបញ្ជូនសាស្ត្រាចារ្យ និងនិស្សិត ទៅសិក្សាវគ្គវែង និងកម្មសិក្សាខ្លីៗ ព្រមទាំងបានទទួលនិស្សិតបរទេសមកផ្លាស់ប្តូរការសិក្សាជាមួយនិស្សិតសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជាផងដែរ។
លោក ឆោម សុខឃឿន ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ បានបង្ហាញថាមជ្ឈមណ្ឌលការងាបានបម្រើលើ៖
១) សេវារបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ
២) ទទួលចុះឈ្មោះ ផ្គូរផ្គងការងារក្នុងប្រទេស ដោយឥតគិតថ្លៃ
៣) ផ្ដល់ការបណ្ដុះបណ្ដាលស្ដីពីវគ្គត្រៀមលក្ខណៈសម្បត្តិស្វែងរកការងារធ្វើ និងវគ្គបបណ្ដុះបណ្ដាលជំនាញទន់
៤) ប្រឹក្សាយោបល់ការងារ វិជ្ជាជីវៈ និងការជ្រើសជំនាញសិក្សា។
លោកបណ្ឌិត មាស បូរ៉ា បានបង្ហាញអំពីវិធីសាស្រ្តក្នុងការសិក្សាស្រាវជ្រាវ ដែលមានវិធីជាច្រើន ក្នុងការទទួលបានចំណេះដឹង ដូចជាការអានសៀវភៅជំនាញជាដើម។ លោកបណ្ឌិតបានថ្លែងថា ជាទ្រឹស្តីជោគជ័យ និងការទទួលបានចំណូលខ្ពស់ វាចាប់ផ្តើមពីការសិក្សា និងស្រាវជ្រាវ ដែលចូលរួមក្នុងការអភិវឌ្ឍបុគ្គល និងសង្គម សិស្ស-និស្សិតត្រូវចាត់ទុកការសិក្សាស្រាវជ្រាវជាការងារអាទិភាពក្នុងអំឡុងជីវិតក្នុងសាកលវិទ្យាល័យ ដោយព្យាយាមចងក្រងឯកសារជំនាញអាន ដកស្រង់ ធ្វើបទបង្ហាញ បោះពុម្ពផ្សាយស្នាដៃ ធ្វើខ្លួនឱ្យក្លាយជាមនុស្សពូកែគិតពិចារណា ក្លាយជាបុគ្គលមានជំនាញជាក់លាក់ ដើម្បីមានឧត្តមប្រកួតប្រជែងខ្ពស់ទទួលបានការងារល្អ។
លោកបណ្ឌិតបន្តថា សាកលវិទ្យាល័យបានកំណត់ថា និស្សិតដែលបញ្ចប់ការសិក្សាត្រូវមានសមត្ថភាពវិជ្ជាជីវៈ បុគ្គលិកលក្ខណសម្បត្តិល្អ និស្សិតនឹងទទួលបានទ្រឹស្តីជំនាញ ចំណេះធ្វើ ដើម្បីសម្រេចទិសដៅនោះបាន សាកលវិទ្យាល័យ នឹងផ្តល់នូវសេវាកម្ម ការស្រាវជ្រាវ ការបង្រៀន និងរៀនប្រកបដោយគុណភាព ដែលទាំងអស់នេះពាក់ព័ន្ធជាមួយការគ្រប់គ្រងគុណភាពសរុប ដែលសាកលវិទ្យាល័យ បានធ្វើ និងកំពុងធ្វើប្រកបដោយឆន្ទៈមោះមុត។ អាស្រ័យហេតុនេះ និស្សិតនិងអាណាព្យាបាល ត្រូវផ្តល់ការជឿទុកចិត្ត និងគាំទ្រដល់សាកលវិទ្យាល័យ៕