(តាកែវ)៖ នៅក្នុងពិធីអបអរសាទខួបលើកទី៤៦ ទិវាជ័យជម្នះ៧មករា (១៩៧៩-២០២៥) នៅបរិវេណសាលាឃុំបូរីជលសារ ស្រកបុរីជលសា នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ លោក អ៊ុក សំនៀង អនុប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបុរីជលសា បានថ្លែងថា «យើងទាំងអស់គ្នាត្រូវចងចាំជានិច្ចនូវស្មារតី៧មករា ដែលជាថ្ងៃកំណើតទី២ តាមរយៈការគោរព និងដឹងគុណដល់ការលះបង់របស់អ្នកស្នេហាជាតិ ដែលបានស្វែងរកសុខ សន្តិភាព បូរណភាពទឹកដី ការអភិវឌ្ឍឥតឈប់ឈររបស់ប្រទេសកម្ពុជា»

អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបុរីជលសា បានថ្លែងបន្តថា «ថ្ងៃនេះយើងទាំងអស់គ្នាមានឱកាសប្រារព្ធមិទ្ទិញអបអរសាទរខួបលើកទី៤៦ ទិវាជ័យជម្នះ៧មករា គឺដោយសារប្រទេសជាតិ មានសុខសន្តិភាព។ ថ្ងៃ៧មករា ឆ្នាំ១៩៧៩ គឺជាទិវាមហាជ័យជម្នះរបស់ប្រជាជនកម្ពុជាលើបនប្រល័យពូជសាសន៍ ប៉ុល ពត»។

កម្ពុជាបានបិទនូវទំព័រសករាជដ៏ខ្មៅងងឹតរបស់ខ្លួន ហើយបើកចេញនូវទំព័រសករាជថ្មី គឺសករាជឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ ប្រជាជនកម្ពុជាបានប្រសិទ្ធនាមថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ថាជាថ្ងៃកំណើតទី២របស់ខ្លួន ហើយកំណត់នូវគោលជំហរយ៉ាងច្បាស់ថា (បើគ្មានថ្ងៃ៧ មករា ឆ្នាំ១៩៧៩ទេនោះ យើងនឹងគ្មានអ្វីៗទាំងអស់នៅថ្ងៃនេះ)។

លោក អ៊ុក សំនៀង បានបន្តថា មកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននិងកំពុងអនុវត្តភារកិច្ចរបស់ខ្លួនប្រកបដោយការ ទទួលខុសត្រូវខ្ពស់ ចំពោះជោគវាសនាប្រទេសជាតិ ដោយបន្តថែរក្សាសន្តិភាព ពូនជ្រុំនូវរាល់សមិទ្ធផល និងជំរុញសន្ទុះកំណើនសេដ្ឋកិច្ចជាតិ។ ស្របពេលដែលប្រទេសកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះដែរគ្រប់មូលដ្ឋានភូមិ ឃុំដែលនៅស្រុកបុរីជលសា ក៏ទទួលបាននូវសមិទ្ធផលធំៗនិងថ្មីៗជាច្រើន ដូចជា ផ្លូវ ស្ពាន ប្រឡាយ អគ្គិសនី រោងចក្រ សហគ្រាសជាច្រើន ដែលផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋជាច្រើន និងធ្វើឱ្យជីវភាពពួកគាត់ធូរធាមួយកម្រិត។

ជាមួយគ្នានេះ លោកបានសម្តែងអំណរគុណចំពោះប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំបុរីជលសា ដែលតែងតែគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលគ្រប់អាណត្តិរហូតមក។ លោក អ៊ុក សំនៀង ក៏បានអំពាវនាវប្រជាពលរដ្ឋ គ្រប់មូលដ្ឋានភូមិ ឃុំ ស្រុកទាំងអស់ រួមដំណើរជាមួយសម្តេចតេជោ និងសម្តេចបវរធិបតី ដើម្បីបានបន្តគ្រប់គ្រងដឹកនាំនាវាកម្ពុជា ឆ្ពោះទៅការអភិវឌ្ឍលើគ្រប់វិស័យ និងមានឱកាសថែរក្សាសុខសន្តិភាពបន្តទៀត៕