(សៀមរាប)៖ ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ បានបើកកិច្ចប្រជុំវិសាមញ្ញ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តទៅលើ សេចក្តីព្រាងក្របខ័ណ្ឌអភិវឌ្ឍន៍ខេត្ត និងកម្មវិធីអភិវឌ្ឍន៍មូលដ្ឋានរយៈពេល៥ឆ្នាំ (២០២៥-២០២៩) នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥នេះ នៅសាលប្រជុំសាលាខេត្តសៀមរាប។
ពិធីនេះ ក្រោមវត្តមានរបស់លោក លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ ថុល អភិបាលរងខេត្ត ដោយមានការចូលរួមពីសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត, លោក លោកស្រី ជានាយករងរដ្ឋបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ទីចាត់ការ អង្គភាព ចំណុះ សាលាខេត្តផងដែរ។
បន្ទាប់ពីលោក សុខ ថុល បានធ្វើសេចក្តីរាយការណ៍ អំពីសូចនាករនៃគម្រោងផែនការក្នុងក្របខ័ណ្ឌ អភិវឌ្ឍន៍ខេត្ត និងកម្មវិធី អភិវឌ្ឍន៍មូលដ្ឋានរយៈពេល៥ឆ្នាំ(២០២៥-២០២៩) របស់រដ្ឋបាលខេត្ត រួចមក ក្នុងនោះដែរ សមាជិកក្រុមប្រឹក្សាខេត្ត បានពិនិត្យ ពិភាក្សាទៅលើចំណុចមួយចំនួន ដែលជាសូចនាករនៃមន្ទីរ អង្គភាពបានលើកផែនការក្នុងរយៈពេល៥ឆ្នាំ ដោយបានសូមឲ្យធ្វើការកែតម្រូវនូវខ្លឺមសារ អត្ថន័យ ក្នុងគម្រោង ដើមី្បធ្វើការអនុម័ត។
លោក លី សំរិទ្ធ ក៏បានធ្វើការណែនាំមួយចំនួន ដែលជាគន្លឹះក្នុងការកសាងផែនការ ដល់បណ្តាមន្ទីរ អង្គភាពសាមី ក្នុងការកែសម្រួលខ្លឹមសារ ពាក្យ ពេជ្រមួយចំនួន សំដៅលប់បំបាតនូវវប្បធម៌អន្តរាគមន៍ នៅក្នុងសង្គមផងដែរ។
ក្នុងកិច្ចប្រជុំបន្ត ដើមី្បធ្វើការពិនិត្យ ពិភាក្សាទៅ លើដីកា ស្តីពីការចុះមូលដ្ឋានរបស់ក្រុមប្រឹក្សាខេត្ត ក្នុងគោលបំណង កំណត់អំពីរបៀបរបបចុះមូលដ្ឋានរបស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ដើមី្បធ្វើការជួបប្រាស្រ័យ សួរសុខទុក្ខ និងក្តាប់នូវសំណូមពររបស់ប្រជាពលរដ្ឋ ដើមី្បធ្វើការដោះស្រាយនូវរាល់បញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ នៅក្នុងដែនសមត្ថកិច្ចខេត្តសៀមរាប។
ខ្លឹមសារនៃដីកា បានបញ្ជាក់ថា សមាជិក សមាជិកាក្រុមប្រឹក្សា ដែលមានជំនាញ និងបទពិសោធន៍ ដែលទាក់ទងនឹងចង្កោមវិស័យផ្នែករបស់ខ្លួន។ ចំពោះសេចក្តីសម្រេចបង្កើតក្រុមការងារ ចុះមូលដ្ឋានរបស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ដោយបានចែកជា៥ក្រុម ដើមី្បធ្វើការជួបប្រាស្រ័យ សំណេះសំណាលសួរសុខទុក្ខ ស្តាប់នូវរាល់សំណូមពរ និងដោះស្រាយនូវបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ។
លោក លី សំរិទ្ធ ក៏បានធ្វើការណែនាំដល់ក្រុមការងារទាំង៥ ត្រូវប្រកាន់ភ្ជាប់ពីតួនាទី ភារកិច្ចរបស់ក្រុមនីមួយៗ សំដៅធ្វើការដោះស្រាយនូវរាល់ទុក្ខ កង្វល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ព្រមទាំងត្រូវឈរលើស្មារតីអព្យាក្រិត្យ មិនលំអៀង មិនប្រកាន់និន្មាការនយោបាយណាមួយឡើយ ដោយឈលើភាពយុត្តិធម៌។ ក្នុងការចុះមូលដ្ឋាននេះ ក្រុមការងារត្រូវគោរពឲ្យបាននូវក្រមសីលធម៌ សមាជិក ក្រុមប្រឹក្សារាជធានី ខេត្ត ដែលបញ្ញត្តដោយសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត។
លោកបានបញ្ជាក់ថា ការចុះទៅតាមមូលដ្ឋាន ធ្វើទៅតាមប្រតិទិនរបស់ក្រុមប្រឹក្សាខេត្ត ដែលបានកំណត់។ ម៉្យាងទៀត ក្នុងករណីមានការណែនាំពីប្រធានក្រុមប្រឹក្សា ឲ្យចុះទៅមូលដ្ឋានណាមួយដោយមានការចាំបាច់ ក្រុមដែលពាក់ព័ន្ធត្រូវចុះទៅ កាន់មូលដ្ឋាននោះ ដើមី្បបំពេញភាកិច្ចស្នូលរបស់ខ្លួន។ ការចុះមូលដ្ឋាននេះ ប្រជាពលរដ្ឋ ជាកម្មវត្ថុចម្បងនៃការចុះមូលដ្ឋានរបស់ក្រុមការងារក្រុមប្រឹក្សា ដោយមានសមាសភាពពាក់ព័ន្ធក្នុងមូលដ្ឋានចូលរួមផងដែរ៕