(តាកែវ)៖ លោក នួន ចំណូល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំគោកធ្លក និងលោក ឈឹម ធី អភិបាលរងស្រុកអង្គរបូរី និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំគោកធ្លក ស្រុកអង្គរបូរី នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ បានដឹកនាំរៀបចំពិធីអបអរសាទររំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ -៧ មករា ២០២៥) នៅស្នាក់ការបក្សឃុំគោកធ្លក ស្រុកអង្គរបូរី
ដោយមានការចូលរួមពីសំណាក់ក្រុមការងារចុះមូលដ្ឋានឃុំ ដែលជាអនុប្រធាន សមាជិក សមាជិកា មន្ត្រីរាជការ កងកម្លាំង និងបងប្អូនពលរដ្ឋ។
ក្នុងឱកាសនោះ លោក ឈឹម ធី បានអានសារទាំងស្រុងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលមានខ្លឹមសារថា ទិវាគម្រប់ខួបលើកទី៤៦ ជ័យជម្នះជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា លើរបបប្រល័យពូជសាស្រ្ត ប៉ុល ពត ថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ ដែលបានសង្គ្រោះប្រទេសជាតិ និងពលរដ្ឋឱ្យរស់រានមានជីវិតឡើងវិញ រួចផុតពីការទារុណកម្ម និងការកាប់សម្លាប់ដ៏សាហាវយង់ឃ្នងបំផុត ដែលកម្ពុជាពុំធ្លាប់មាន នៅក្នុងប្រវត្តិសាសន៍បស់មនុស្សជាតិ។
តាមរយៈសុន្ទរកថារបស់សម្តេចប្រធានគណបក្សប្រជាជនកម្ពុជា នេះដែរ លោក ឈឹម ធី បានលើកឡើងថា ថ្ងៃ៧ មករា ១៩៧៩ គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា បើគ្មានថ្ងៃនោះទេ ក៏គ្មានថ្ងៃនេះដែរ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ គ្មានជនណា ឬកម្លាំងណាមកបំភ្លៃ និងបំផ្លាញបានឡើយ ពីព្រោះបានកើតចេញពីការលះបង់សាច់ស្រស់ ឈាមស្រស់និងភាពអង់អាចក្លាហាន របស់ថ្នាក់ដឹកនាំ កម្មាភិបាល យុទ្ធជន និងយុទ្ធនារីកម្ពុជា។ លោកបន្តថា ៤៦ឆ្នាំកន្លងមកនេះ គឺផ្តើមចេញពីចំណងសាមគ្គីភាព និងការខិតខំពុះពារ របស់គណបក្សប្រជាជនកម្ពុជា បានកែប្រែមាតុភូមិ ពីគំនរផេះផង់ បានរស់រានឡើងវិញ និងមានការ អភិវឌ្ឍន៍លើគ្រប់វិស័យជា មូលដ្ឋានគ្រឹះសម្រាប់ឱ្យមាតុភូមិយើង ឈានទៅសម្រេចគោលដៅដ៏ឧត្តុងឧត្តម គឺកម្ពុជាមានឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រិត ប្រជាធិបតេយ្យ និងវឌ្ឍនភាព។
«ព្រមជាមួយគ្នានេះ យើងទាំងអស់គ្នា សូមលំឱនកាយវាចារចិត្ត គោរពដល់វិញ្ញាណក្ខន្ធរបស់ជនរួមជាតិ ជាង៣លាននាក់ ដែលត្រូវបានសម្លាប់យ៉ាងអយុត្តិធម៌បំផុត នៅក្នុងរបបដ៏យង់ឃ្នង ក្នុងអំឡុង៣ឆ្នាំ ៨ខែ ២០ថ្ងៃ និងសូមឧទ្ទិសបួងសួង សូមឱ្យអ្នកទាំងអស់នោះ បានទៅកាន់សុគតិភពជារៀងដ៏រាប»។ លោក ឈឹម ធី បានបញ្ជាក់បន្ថែម។
លោកបានបន្តទៀតថា គិតមកដល់ពេលនេះ ៤៦ឆ្នាំហើយ ដែលកម្ពុជាយើងបាននឹងកំពុងឈរជើងយ៉ាងរឹងមាំ ក្នុងភាពធ្វើជាម្ចាស់លើប្រទេសជាតិ និងជោគវាសនារបស់ខ្លួន ឈានទៅមុខប្រកបដោយភាពជឿជាក់ ក្នុងការដឹកនាំនាវាកម្ពុជាបន្តទៅមុខ ឆ្ពោះទៅរកត្រើយ នៃវិបុលភាពកាន់តែរុងរឿង ស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់ជាតិ។ រាជរដ្ឋាភិបាលកម្ពុជា ពីមួយជំនាន់ទៅមួយជំនាន់ បានដឹកនាំប្រទេសកម្ពុជា ឱ្យទទួលបានសន្តិភាពពេញលេញ មានការឯកភាពរួបរួមជាតិ អភិវឌ្ឍន៍ទឹកដី ក្នុងល្បឿនគួរឱ្យមោទនៈ ពិសេសក្នុងអាណត្តិដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តវេនដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោក ឈឹម ធី បានបន្ថែមថា ស្តែងចេញពីនេះ សម្តេចត្រូវបានទទួលការគាំទ្រយ៉ាងទូលំទូលាយពីប្រជាជន ដោយបានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់នូវការគាំទ្រ មានទំនុកចិត្តលើការគ្រប់គ្រងដឹកនាំ និងបន្តដំណើរការកែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ ដោយផ្អែកទៅលើសាមគ្គីភាព គតិបណ្ឌិត ទេព្យកោសល្យ ភាពអង់អាចក្លាហាន និងសេចក្តីព្យាយាម ដើម្បីជម្រុញនូវការផ្លាស់ប្តូរជាវិជ្ជមាន ក្នុងសង្គមជាតិ ឆ្ពោះទៅរកភាពកាន់តែរីកចម្រើនរុងរឿង លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន គ្រប់ស្រទាប់ជាន់ថ្នាក់ ឱ្យកាន់តែល្អប្រសើរ។
តាមរយៈនៃអង្គមិទ្ទីងនេះ លោក ឈឹម ធី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសដល់ក្មួយៗ យុវជន យុវនារី ដែលជាទំពាំងស្នងឬស្សីសម្រាប់អនាគតកម្ពុជា ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងការប្រើប្រាស់អំពើហិង្សា បងតូច បងធំ នៅក្នុងសង្គម ត្រូវតបស្នងសងគុណចំពោះបុព្វការីជន និងអ្នកស្នេហាជាតិទាំងអស់ ដោយត្រូវប្រែក្លាយគុណតម្លៃ និងចងចាំសច្ចភាពប្រវត្តិសាស្ត្រ ប្តេជ្ញាចិត្តចូលរួមយ៉ាងសកម្ម ក្នុងការរក្សាការពារស្មារតីជ័យជម្នះ ៧ មករា ឱ្យបានស្ថិតស្ថិរគង់វង្ស៕