(ភ្នំពេញ)៖ ក្នុងសម័យប្រជុំជាវិសាមញ្ញ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ ព្រឹទ្ធសភាកម្ពុជា បានអនុម័តលើសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា ដើម្បីធានានូវការអនុវត្តមុខងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ជាងមុនទ្វេដង។

កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ដោយមានវត្តមានសមាជិក ព្រឹទ្ធសភាចូលរួមចំនួន ៥៩រូប។

អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈតែមួយគឺ ពិនិត្យនិងអនុម័តលើសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុង ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ អនុលោមតាមប្រការ ៨២ នៃបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភាបច្ចុប្បន្ន សមាជិក សមាជិកា ព្រឹទ្ធសភាចំនួន ២៣រូប បានស្នើសុំធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា។

ការធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនេះ គឺផ្អែកលើគោលការណ៍នីតិកម្ម នៃការរៀបចំបទប្បញ្ញត្តិគតិយុត្ត ដែលឆ្លើយតបយ៉ាងសមស្របទៅនឹងតួនាទីរបស់ព្រឹទ្ធសភា ដែលជាអង្គការដែលមានអំណាចនីតិប្បញ្ញត្តិ។

សេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនេះ មាន១៧ជំពូក ចែកចេញជា ៨៩ប្រការ ដោយបានចែងលម្អិតអំពី «នីតិវិធីនៃសម័យប្រជុំ និងសកម្មភាពផ្សេងៗនៃព្រឹទ្ធសភា ព្រមទាំងរចនាសម្ព័ន្ធ និងយន្តការនានានៃព្រឹទ្ធសភា និងវិធានផ្ទៃក្នុងមួយចំនួន»។ ការរៀបចំបទប្បញ្ញត្តិនេះ ក៏ធ្វើឱ្យមានភាពងាយស្រួលយល់ និងមានលំដាប់លំដោយប្រទាក់ក្រឡាគ្នាពីបទប្បញ្ញត្តិមួយទៅបទប្បញ្ញត្តិមួយ និងមានព័ត៌មានគ្រប់គ្រាន់ ដែលអាចដឹងបានយ៉ាងឆាប់រហ័សនូវទំនាក់ទំនងជាមួយបទដ្ឋានគតិយុត្តផ្សេងទៀត។

សេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនេះ ក៏បានឆ្លុះបញ្ចាំងឱ្យឃើញអំពីការទទួលខុសត្រូវខ្ពស់របស់ព្រឹទ្ធសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន និងដើម្បីធានានូវការអនុវត្តមុខងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ជាពិសេសឱ្យស្របទៅនឹងបរិបទនៃការរីកចម្រើននៅក្នុងសេដ្ឋកិច្ចសង្គម ការវិវត្តឥតឈប់ឈរនៃប្រព័ន្ធបច្ចេកវិទ្យា និងដើម្បីឆ្លើយតបទៅនឹងទស្សនវិស័យវែងឆ្ងាយរបស់ព្រឹទ្ធសភានីតិកាលទី៥។

តំណាងសមាជិកព្រឹទ្ធសភាហត្ថលេខី អញ្ជើញមកការពារសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា ដឹកនាំដោយលោកស្រីបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា និងសហការី។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងអនុម័តលើសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា ដោយមានសំឡេងគាំទ្រចំនួន ៥៩សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

ការអនុម័តបទបញ្ជាផ្ទៃក្នុងនាថ្ងៃនេះ ក៏ជាពេលវេលាដ៏សំខាន់បំផុតមួយនៃប្រវត្តិសាស្ត្រកម្ពុជាយើង ដោយហេតុថានៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ កាលពី៤០ឆ្នាំមុន សម្តេចតេជោ ហ៊ុន សែន ត្រូវបានបោះឆ្នោតជ្រើសតាំងជាឯកច្ឆន្ទ ជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី ក្នុងវ័យ៣២ឆ្នាំ (ជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា)។

សមាជិក សមាជិកា ព្រឹទ្ធសភា ក្នុងអង្គប្រជុំជាវិសាមញ្ញទាំងមូល បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងពិតជាមានមោទនភាពបំផុត ដែលបានបំពេញការងារក្រោមការដឹកនាំរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា នីតិកាលទី៥ ដែលជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមបំផុត៕