(ភ្នំពេញ)៖ ស្ថានទូតម៉ាឡេស៉ីប្រចាំរាជធានីភ្នំពេញ បានរៀបចំជូនអ្នកសារព័ត៌មានកម្ពុជា និងក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍នៅកម្ពុជាទៅចូលរួមក្នុងវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៥ (ASEAN TOURISM FORUM 2025) នៅទីក្រុងចូហូរ (Johor) ប្រទេសម៉ាឡេស៉ី។
សូមជម្រាបថា វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៥នេះ ប្រារព្ធឡើងចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ រួបរួមជាចលនា-កំណត់ទិសដៅទេសចរណ៍អាស៊ាននៅថ្ងៃស្អែក (UNITY IN MOTION- Shaping ASEAN's Tourism Tomorrow)។ នឹងការដាក់តាំងបង្ហាញផលិតផលទេសចរណ៍នៅតាមស្តង់ពិព័រណ៍ប្រមាណ២០០ស្តង់ របស់ប្រតិបត្តិករទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍ សេវាកម្មធ្វើដំណើរ សេវាកម្មសណ្ឋាគារ និងភាគីពាក់ព័ន្ធនៃបណ្តាប្រទេសសមាជិកអាស៊ានផងដែរ។
ចំពោះភាគីពាក់ព័ន្ធរបស់កម្ពុជាដែលចូលរួមក្នុងវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៥នេះ រួមមាន៖ រដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ អ្នកលក់និងអ្នកទិញ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដែលក្នុងនោះក៏មានសារព័ត៌មាន Fresh News ផងដែរ។
សូមបញ្ជាក់ដែរថា ជារៀងរាល់ឆ្នាំ ប្រទេសសមាជិកអាស៊ានទាំង១០តែងបានប្ដូរវេនគ្នារៀបចំវេទិកាទេសចរណ៍អាស៊ាននេះ ក្នុងគោលបំណងដើម្បីលើកកម្ពស់កំណើនទេសចរណ៍ក្នុងតំបន់ បង្កើតឱកាសអាជីវកម្មទេសចរណ៍ និងជំរុញការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់ប្រទេសជាសមាជិកឱ្យកាន់តែទូលាយទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារអាស៊ាន ព្រមទាំងជាឱកាសក្នុងការបង្កើតទំនាក់ទំនងអាជីវកម្មថ្មី កិច្ចសហប្រតិបត្តិការល្អក្នុងវិស័យទេសចរណ៍ និងការពង្រឹងភាពជាដៃគូទេសចរណ៍ជាតិ-អាស៊ាន តាមរយៈបណ្តាញទំនាក់ទំនងទីភ្នាក់ងារទេសចរណ៍ និងកិច្ចសហការក្នុងវិស័យទេសចរណ៍អាស៊ាន៕