(ភ្នំពេញ)៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញចូលថ្វាយបង្គំ សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត ព្រះសាកលវិទ្យាធិការ ព្រមទាំងព្រះសាកលវិទ្យាធិការរង ពិភាក្សាការងារព្រះពុទ្ធសាសនា និងប្រគេនបច្ច័យចំនួន ៥០ ០០០ ដុល្លារ (ប្រាំម៉ឺនដុល្លារអាមេរិក) ដើម្បីទិញសម្ភារបំពាក់ក្នុងអាគារសិក្សា និងសាលប្រជុំថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ។
ក្នុងឱកាសនោះក៏មានការអមដំណើរដោយ លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា។
បន្ទាប់ពីធម្មបដិសណ្ឋារកិច្ចនៅក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី និងលោករដ្ឋមន្ត្រី ក៏បានអញ្ជើញសួរសុខទុក្ខ សាស្ត្រាចារ្យ និស្សិត មន្ត្រី ព្រមទាំងពិនិត្យវឌ្ឍនភាពនៃសំណង់អាគារ និងសាលប្រជុំ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ផងដែរ។
ថ្នាក់ដឹកនាំ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧបនាយករដ្ឋមន្ត្រី និងលោករដ្ឋមន្ត្រី ដែលមានទឹកចិត្តដ៏ល្អប្រពៃ ប្រគេនបច្ច័យចំនួន ៥០ ០០០ ដុល្លារ ដើម្បីទិញសម្ភារៈបំពាក់ក្នុងអាគារសិក្សា និងសាលប្រជុំថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ៕