(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានថ្លែងថា សូមព្រះសង្ឃគ្រប់ព្រះអង្គ ក៏ដូចជាភាគីពាក់ព័ន្ធ រួមគ្នាធ្វើយ៉ាងណាបន្តថែរក្សាសុខសន្តិភាពឲ្យបានជានិរន្តរ៍ ដើម្បីបន្តស្ថិរភាពសង្គម និងការអភិវឌ្ឍន៍ប្រទេសជាតិ លើគ្រប់វិស័យ។
ការថ្លែងបែបនេះរបស់អភិបាលខេត្តព្រៃវែង បានធ្វើឡើងក្នុងពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ និងបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងដាក់ទិសដៅបន្តឆ្នាំ២០២៥ ដោយមានការនិមន្តចូលរួមពីព្រះធម្មវង្សា ជា វ៉ាននី ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះមេគណខេត្តព្រៃវែង គណៈមហានិកាយ ព្រះធម្មមុនី នួន សុផល ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះមេគណខេត្តព្រៃវែង គណៈធម្មយុត្តិកៈនិកាយ ព្រមទាំងព្រះបាឡាត់គណ ព្រះមន្ត្រីសង្ឃ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ លោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរអង្គភាព កងកម្លាំង មន្ត្រីរាជការជុំវិញខេត្ត គណៈកម្មការ-អាចារ្យវត្ត តំណាងវិហារ-ស្នាក់ការ ឥស្លាមសាសនា គ្រិស្តសាសនា នៅព្រឹកថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២៥ នៅសាលាខេត្តព្រៃវែង។
លោកអភិបាលខេត្ត បានកោតសរសើរសាលាគណខេត្តទាំងពីរគណៈ ដែលបានចូលរួមចំណែកយ៉ាងច្រើនក្នុងការលើកកម្ពស់ការអប់រំ ចរិយាធម៌ សីលធម៌សង្គម និងកសាងសមិទ្ធិផលផ្សេងៗជាច្រើនជូនសង្គមជាតិ តាមរយៈព្រះ មេគណខេត្ត និងមន្ត្រីសង្ឃគ្រប់ឋានុក្រមទាំងពីរគណៈ ព្រះសង្ឃ ក្នុងខេត្តព្រៃវែង បានចូលរួមយ៉ាងសកម្ម ក្នុងការចូលរួមជួយផ្សព្វផ្សាយ អប់រំ នៅតាមបណ្តាវត្តទាំង៥១៩វត្តក្នុងខេត្ត ទៅដល់ព្រះសង្ឃ ពុទ្ធបរិស័ទចំណុះជើងវត្ត ព្រមទាំងបានបរិច្ចាគនូវសម្ភារៈផ្សេងៗជាច្រើនដល់រដ្ឋបាលខេត្ត ឧបត្ថម្ភដល់កងទ័ពការពាព្រំដែន និងគ្រួសារក្រីក្រ ដើម្បីរួមចំណែកជួយឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង ក៏ដូចជាការងារកាកបាទក្រហមកម្ពុជា ជាដើម។
លោកបានស្នើគណៈសង្ឃគ្រប់ថ្នាក់ទាំងពីរគណៈក្នុងខេត្ត រួមគ្នាបំពេញភារកិច្ចតាមឋានុក្រម ដើម្បីបម្រើដល់ព្រះពុទ្ធ សាសនាក្នុងខេត្ត និងរួមចំណែកជួយដល់ការអភិវឌ្ឍជាតិ ស្របតាមគោលនយោបាយយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ជាមួយគ្នានេះ គណៈសង្ឃគ្រប់ថ្នាក់ទាំងពីរគណៈក្នុងខេត្ត សហការជាមួយមន្ទីរធម្មការ និងសាសនាខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីចូលរួមដោះស្រាយ និងរម្ងាប់នូវអធិករណ៍ ទាំងឡាយ ដែលកើតមាននៅក្នុងខេត្ត ដោយអនុវត្តទៅតាម ពុទ្ធប្បញ្ញត្តិ និងពុទ្ធានុញ្ញាត និងច្បាប់របស់រដ្ឋ ព្រមទាំងឯកសារគតិយុត្តិនានាដែលមានជាធរមាន។
លោកបន្តថា គណៈសង្ឃគ្រប់ថ្នាក់ទាំងពីរគណៈក្នុងខេត្ត ត្រូវសហការជាមួយមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរគ្រប់ លំដាប់ថ្នាក់ ត្រូវយកព្រះទ័យ និងចិត្តទុកដាក់ជម្រុញដល់ ព្រះសង្ឃដែលជាសមណៈសិស្សឱ្យបន្ត រៀនសូត្រឱ្យបានជ្រៅជ្រះ តាមរយៈសាលាពុទ្ធិកសិក្សាដែលមានគ្រប់កម្រិតនៅក្នុងខេត្ត និងជួយគាំទ្រ ដល់វត្តដែលមានសាលាពុទ្ធិកសិក្សា ដើម្បីភាពរីកចម្រើននៃធនធានមនុស្ស ធនធានសង្ឃ តាមរយៈ វិស័យពុទ្ធិកសិក្សានៃក្រសួងធម្មការ និងសាសនា។
លោកបានបន្ថែមថា ថ្នាក់ដឹកនាំព្រះពុទ្ធសាសនា និងពាហិរសាសនា (មិនថាឥស្លាមសាសនា គ្រីស្ទសាសនា) ទាំងអស់ ត្រូវបន ប្រកាន់ខ្ជាប់ការយោគយល់គ្នា គោរពគ្នាតាមឋានានុក្រម សំដៅធ្វើឲ្យមានការឯកភាពគ្នា សាមគ្គី ក្នុងស្ថាប័ននីមួយៗឲ្យបានល្អប្រសើរឡើង។
បើតាមលោក លី សិទ្ធី ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បានឲ្យដឹងថា ទូទាំងខេត្តព្រៃវែងមានវត្តសរុបចំនួនសរុប៥១៩វត្ត (ក្នុងនោះវត្តគណៈមហានិកាយចំនួន ៥០០វត្ត និងវត្តគណៈធម្មយុត្តិកនិកាយចំនួន១៩វត្ត)។ ព្រះសង្ឃសរុបចំនួន៥.០៥២អង្គ ភិក្ខុមាន១.៣០៥អង្គ សាមណេរចំនួន៣.៧៤៧អង្គ (ព្រះសង្ឃគណៈមហានិកាយចំនួន៤.៩៣៥អង្គ ភិក្ខុ១.២៧២អង្គសាមណេរ៣.៦៦៣អង្គ និងព្រះសង្ឃគណៈធម្មយុត្តិកនិកាយចំនួន១១៧អង្គ ភិក្ខុ៣៣អង្គសាមណេរ៨៤អង្គ។ អាចារ្យសរុបចំនួន១.៦៩៩រូប គណៈកម្មការវត្តសរុបចំនួន៤.៣៥៨រូប ដូនជីសរុបចំនួន ៣១០រូប និងក្មេងវត្តសរុបចំនួន៤៥៦នាក់៕