(កំពង់ចាម)៖ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដឆ្នាំ២០២៥របស់រដ្ឋបាលខេត្តកំពង់ចាម។

សន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្ដរបស់រដ្ឋបាលខេត្តកំពង់ចាម បានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ពោលចាប់ផ្ដើមដំណើរការនៅថ្ងៃទី១៣ ខែមករាម្សិលមិញ ដើម្បីត្រួតពិនិត្យ វាយតម្លៃលើសមិទ្ធផលបទពិសោធន៍ បញ្ហាប្រឈម និងដំណោះស្រាយនានាជុំវិញការអនុវត្តតួនាទី ភារកិច្ច និងការទទួខុសត្រូវរបស់រដ្ឋបាលខេត្ត។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម តាមរយៈរបាយការណ៍ស្វាគមន៍បានឲ្យដឹងថា រដ្ឋបាលខេត្តបានបន្តខិតខំដោះស្រាយ និងឆ្លើយតបប្រកបដោយការទទួលខុសត្រូវ ហើយរាល់សំណើ សំណូមពរ និងក្តីកង្វល់របស់ប្រជាពលរដ្ឋត្រូវបានដោះស្រាយនៅនឹងកន្លែង និងបន្តដោះស្រាយ តាមរយៈការលើកសំណើរទៅថ្នាក់ជាតិ ព្រមទាំងសិក្សាដាក់បញ្ចូលក្នុង ផែនការប្រចាំឆ្នាំរបស់ក្រសួងពាក់ព័ន្ធ។

ក្រៅពីសមិទ្ធផល និងលទ្ធផលនៃការដោះស្រាយ យើងក៏កត់ សម្គាល់ឃើញថានៅមានសេសសល់ បញ្ហាប្រឈមជាចំបងដែលត្រូវបានរៀបចំជាប្រធានបទ សម្រាប់ ពិភាក្សានៅតាមក្រុមពិភាក្សាក្នុងអង្គសន្និបាត ដោយផ្តោតលើសមិទ្ធផលដែលលេចធ្លោ បញ្ហាប្រឈម និងការផ្ដួចផ្ដើមគំនិតក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះ។

លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៤កន្លងទៅ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងមានសមត្ថកិច្ចទាំងបីប្រភេទ នៅតែបន្តខិតខំប្រឹងប្រែងការពារដល់សុខសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ នៅតាមមូលដ្ឋាន ជាពិសេសនៅតែបន្តអនុវត្តនូវបទបញ្ជា និងគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃក្នុងការធានា និងរក្សាបាននូវសន្តិសុខសុវត្ថិភាពសង្គម ប្រកបដោយប្រសិទ្ធភាព។

បើតាមលោក អ៊ុន ចាន់ដា, តាមរយៈការគាំទ្រ និងជំរុញការផ្សព្វផ្សាយគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មាន សុវត្ថិភាព» បានចំនួន២១,០៦៧លើក មានប្រជាពលរដ្ឋចូលរួម ១,១៨៤,៧២០ដងនាក់។ វេទិកាសាធារណៈផ្សាភ្ជាប់រវាងនគរបាលជាមួយប្រជាពលរដ្ឋ ដើម្បីទទួលយកសំណូមពរ និងដំណោះស្រាយ ទុក្ខកង្វល់របស់ប្រជាពលរដ្ឋ បានចំនួន ១៣,៣៩៤លើក មានប្រជាពលរដ្ឋចូលរួម៤៣០,៥៦១នាក់។ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងមានសមត្ថកិច្ច បានចូលរួម ទប់ស្កាត់ និងបង្ក្រាបបទល្មើសទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់៕