(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ បានរៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ លើកទី១៨ ក្រោមប្រធានបទ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្ស គ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល»។ ពិធីនេះបានធ្វើឡើងនៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ខូយ រីដា អភិបាលអភិបាលខេត្ត ដោយមានអ្នកចូលរួមជាង ៨០០នាក់។
ការប្រារព្ធទិវានេះធ្វើឡើងក្នុងគោលបំណងបង្ហាញពីឆន្ទៈមោះមុតរបស់រដ្ឋបាលខេត្ត ក៏ដូចរាជរដ្ឋាភិបាលកម្ពុជានៅតែបន្តឥតឈប់ឈរក្នុងការប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្សគ្រប់ទម្រង់ តាមគ្រប់មធ្យោបាយ និងផ្សព្វផ្សាយដល់សាធារណជន អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ វិស័យឯកជន មន្ត្រីរាជការ គ្រប់ឋានុក្រម មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធទាំង៣ ព្រមទាំងបុព្វជិតគ្រប់និកាយសាសនា និងប្រជាពលរដ្ឋ ទូទាំងខេត្តពោធិ៍សាត់ ឱ្យបានការយល់ដឹង ដើម្បីសហការចូលរួម បង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសថ្មីៗលើគ្រប់រូបភាព ដែលពាក់ព័ន្ធទៅនឹងអំពើរជួញដូរមនុស្សនៅក្នុងខេត្ត។
បើតាមលោកស្រី ប៉ុក ណាឌី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត បានជម្រាបជូនអំពីទិន្នន័យប្រជាពលរដ្ឋចំណាកស្រុកទៅរកការងារធ្វើក្រៅប្រទេស ក្នុងឆ្នាំ២០២៤ មានជាង១៤ពាន់នាក់ ក្នុងនោះស្របច្បាប់ជាង ១២ពាន់នាក់ មិនស្របច្បាប់ជាង២ពាន់នាក់។ ជនបរទេសស្នាក់នៅ និងធ្វើការរយៈពេលវែងមាន ២៦គោលដៅ ចំនួន៧៤៤នាក់ និងស្នាក់នៅរយៈពេលខ្លីជាង៤ពាន់នាក់។ ផ្សព្វផ្សាយតាមរយៈវេទិកាបានជាង២ពាន់លើក មានអ្នកចូលរួមជាង៨៩ពាន់នាក់ តាមរយៈភូមិ ឃុំ សង្កាត់មានសុវត្ថិភាពបានជិត ៦ពាន់លើក មានអ្នកចូលរួមជាង៥៦នាក់ និងតាមកម្មវិធីផ្សេងៗជាច្រើនទៀត។
លោក ខូយ រីដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្សខេត្ត បានថ្លែងថា ទិវាជាតិ ១២ ធ្នូ លើកទី១៨ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំនេះ នៅខេត្តពោធិ៍សាត់ ក៏ដូចទូទាំងប្រទេស ក្រោមប្រធានបទ «កម្ពុជា ប្រឆាំងដាច់ខាត អំពើរជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងសម័យឌីជីថល» បន្តពង្រឹងកិច្ចសហការនិងការគ្រប់គ្រងលំហូរទេសន្តរវេសន៍ ដើម្បីប្រសិទ្ធិភាពនៃការបង្ការទប់ស្កាត់ ការពារបង្រ្កាប និងការផ្តន្ទា ទោស គឺជាអន្លូង ទូងស្គរប្រាប់ដល់អ្នកប្រព្រឹត្តបទល្មើសទាំងឡាយឱ្យបញ្ឈប់ជាបន្ទាន់ ព្រោះថាអំពើជួញដូរមនុស្ស កេងប្រវ័ញ្ចផ្លូវភេទ កម្លាំងពលកម្ម ក៏ដូចជាការរំលោភបំពានទៅលើសិទ្ធមនុស្សពិសេសស្រ្តី និងកុមារ គឺជាអំពើខុសច្បាប់។ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដែលមានក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្តេជ្ញាចិត្តខ្ពស់ និងប្រឆាំងដាច់ខាតនូវរាល់ការប៉ុនប៉ងបង្កវិនាសសកម្ម នៅកម្ពុជាតាមគ្រប់រូបភាព។
គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស ដឹកនាំដោយលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញនូវវិធានការដើម្បីរុករក បង្ក្រាប បោសសម្អាតបទល្មើសជួញដូរមនុស្សគ្រប់ទម្រង់យ៉ាងសកម្មស្របតាមវិធានការច្បាប់កម្ពុជា និងច្បាប់អន្តរជាតិ។
លោកអភិបាលខេត្តបានទទួលស្គាស់ថាវត្តមាននៃអំពើជួញដូមនុស្សនៅកម្ពុជា និងផលប៉ះពាល់ទាំងឡាយនៃឧក្រិដ្ឋនេះ តាំងពីទស្សវត្សឆ្នាំ៩០ និងបានកសាងច្បាប់សម្រាប់បង្រ្កាបបទល្មើសនេះតាំងពីឆ្នាំ១៩៩៦មកម៉្លេះ ដូច្នេះទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន សង្គមស៊ីវិល ចូលរួមសហការ និងបង្កើនយន្តការគណៈកម្មាធិការក្រុមការងារ និងបណ្តាញសម្រាប់អនុវត្តលើការងារនេះឱ្យមានប្រសិទ្ធិភាព និងតម្លាភាព។
ក្នុងនាមរដ្ឋបាលខេត្ត, លោក ខូយ រីដា សូមអំពាវនាវឱ្យគ្រប់មន្ទីរ អង្គភាព រដ្ឋបាលស្រុក ក្រុង ឃុំ សង្កាត់ អង្គការសង្គមស៊ីវិល និងសមត្ថកិច្ចពាក់គប្បីលើកកម្ពស់ និងបង្កើនការងារនៅក្នុងមូលដ្ឋានលុបបំបាត់ការបម្លាស់ទីរបស់ជនបរទេស មិនមានឯកសារត្រឹមត្រូវ និងបង្កើនប្រសិទ្ធិភាពជឿជាក់ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋបានត្រឹមត្រូវព្រមទាំងជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាជនជាពិសេសក្មួយៗ សិស្សានុសិស្សជាការដាស់តឿន ក្រើនរម្លឹកទទួលការយល់ដឹង និងចូលរួមបង្កាទប់ស្កាត់អំពើរជួញដូរមនុស្ស៕