(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ បានគូសបញ្ជាក់ថា មុនការធ្វើវិសោធនកម្ម ច្បាប់រដ្ឋធម្មនុញ្ញកម្ពុជាគឺមានចន្លោះប្រហោងធំណាស់ ពាក់ព័ន្ធការដឹកនាំប្រទេស ជាពិសេសពេលដែលនាយករដ្ឋមន្ត្រីមានបញ្ហា ដូចជាការលាលែងពីដំណែង ឬនាយករដ្ឋមន្រ្តីទទួលមរណភាព។
សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់បែបនេះ ធ្វើឡើងនៅក្នុងសម័យប្រជុំវិសាមញ្ញរបស់ព្រឹទ្ធសភាកម្ពុជា ដើម្បីអនុម័តលើសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «មុននេះ ចន្លោះប្រហោងធំណាស់ក្នុងរដ្ឋធម្មនុញ្ញរបស់យើង។ ចន្លោះប្រហោងត្រង់ណា? បើសិនជានាយករដ្ឋមន្រ្តីស្លាប់ ឬនាយករដ្ឋមន្រ្តីលាលែងចេញពីដំណែង មានន័យថា គណៈរដ្ឋមន្រ្តីទាំងមូលគឺរលាយ ព្រោះគេចង្អុលបង្ហាញត្រឹមថា បើដំណែងនាយករដ្ឋមន្រ្តីនៅទំនេរជាស្ថាពរ គណៈរដ្ឋមន្រ្តីមួយត្រូវរៀបចំឡើងវិញ អ៊ីចឹងការបកស្រាយនៅទីនេះមានន័យថា បើនាយករដ្ឋមន្រ្តី លាលែងឬនាយករដ្ឋមន្រ្តីស្លាប់មានន័យថា អត់មានអ្នកណាធ្វើរដ្ឋមន្រ្តីអីតទៅទៀងបាត់ គឺរលាយតាមគ្នា»។
ប៉ុន្តែយ៉ាងនេះក្តី រដ្ឋធម្មនុញ្ញកម្ពុជាដែលបានធ្វើវិសោធនកម្ម បានតម្រូវថា ប្រសិនបើនាយករដ្ឋមន្រ្តីទទួលមរណភាព ឬលាលែងចេញពីដំណែង ឧបនាយករដ្ឋមន្រ្តីដែលត្រូវបែងចែកភារកិច្ចរបស់នាយករដ្ឋមន្រ្តី នឹងធ្វើជានាយករដ្ឋមន្រ្តីស្តីទី ក្នុងពេលដែលអវត្តមាននាយករដ្ឋមន្រ្តី ត្រូវដឹកនាំគណៈរដ្ឋមន្រ្តីរហូតដល់រៀបចំគណៈរដ្ឋមន្រ្តីមួយរួចរាល់។
សម្តេចមានប្រសាសន៍ថា ភាពចន្លោះប្រហោងនេះ ជាការបង្កើតភាពចលាចលមួយធំណាស់ ដែលបង្កឱ្យមានបញ្ហានៅក្នុងប្រទេស៕