(ត្បូងឃ្មុំ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ នៅរដ្ឋបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ បានលើកសរសើរដល់អាជ្ញាធរថ្នាក់ក្រោមជាតិ ដែលបានជំរុញចលនាស្អាត ហើយភាពស្អាតនេះ មានការចាប់អារម្មណ៍ពីទេសចរជាតិ និងអន្តរជាតិ។
ការលើកសរសើរបែបនេះលោកបណ្ឌិត អ៊ាង សុផល្លែត បានធ្វើឡើងបន្ទាប់ពីខេត្តមួយចំនួនទទួលនូវបានភាពស្អាត គ្មានសំរាមប្លាស្ទិកហោះហើរនៅតាមផ្លូវ និងតាមទីសាធារណៈមួយចំនួនធំស្ទើរទូទាំងប្រទេសកម្ពុជា នេះក៏ដោយសារចលនាស្អាត ដែលកើតចេញពីការយល់ដឹងរបស់ប្រជាពលរដ្ឋខ្មែរ ដោយមិនមានការបង្ខំ ឬដាក់ពិន័យឡើយ។
ជាមួយឥរិយាបថស្អាតរបស់ប្រជាពលរដ្ឋនេះ បានសរបញ្ជាក់ទៅដល់ការយកចិត្តទុកដាក់ចុះអប់រំផ្សព្វផ្សាយពីសំណាក់អាជ្ញាធរដែនដី ដែលជាអាណាព្យាបាលផ្ទាល់របស់ពលរដ្ឋ នឹងបានឆ្លុះបញ្ចាំងពីប្រសិទ្ធភាពការងាររបស់រាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីបានធ្វើប្រតិភូកម្មអំណាចទៅថ្នាក់ក្រោមជាតិប្រកបដោយប្រសិទ្ធភាព និងតម្លាភាពការងារ ឆ្លើយតបនឹងគោលនយោបាយជាតិដែលផ្តោតលើការងារអាទិភាពចំនួន៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។
លើសពីនេះ ចលនាស្អាតរបស់ប្រជាពលរដ្ឋជាង ១០លាននាក់ បានបង្ហាញនូវឥរិយាបថវិជ្ជមាន ឈានទៅភាពជោគជ័យប្រយុទ្ធប្រឆាំងនឹងសំណល់ប្លាស្ទិក ដើម្បីធានាបាននូវសុខភាពបរិស្ថាន ដែលរួមបញ្ជូលសភាវមានជីវិត មនុស្ស សត្វ ធម្មជាតិប្រកបដោយភាពសុខដុមរមនីយកម្ម៕