(បាត់ដំបង)៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥

បានចុះពិនិត្យស្ថានភាពប្រមូលផលស្រូវ និងពន្យល់ណែនាំអំពីការជ្រើសរើសពូជស្រូវ និងការចងក្រងជាសហគមន៍ទំនើប ដល់ប្រជាកសិកររស់នៅភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី។ ពិធីនេះមានការអញ្ជើញចូលរួមពីលោកអភិបាលស្រុកមោងឫស្សី អាជ្ញាធរឃុំ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

នាឱកាសនោះដែរ លោក ឌិត ទីណា បានបញ្ជាក់ថា ដើម្បីឱ្យទិន្នផលស្រូវទទួលបានផលខ្ពស់ ប្រជាកសិករធ្វើម៉េចកាត់បន្ថយថ្លៃដើម ថ្លៃជី ថ្លៃថ្នាំ ដោយយកការជ្រើសរើសពូជស្រូវ ការប្រើប្រាស់ជី ថ្នាំ យកមកគិតចុងក្រោយបានជារូបមន្តធ្វើស្រែមួយ និងរៀបចំធ្វើជាសហគមន៍ ហើយបើបងប្អូនយល់ថាធ្វើស្រែខ្លួនឯងធ្វើបានផលល្អ ចំណេញច្រើន ចង់ធ្វើខ្លួនឯងបន្តទៀតក៏ធ្វើទៅដោយក្រសួងព្យាយាមជួយបច្ចេកទេស ព្យាយាមជួយតម្លៃ ដែលជាការជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ដោយពិនិត្យមើលរោងម៉ាស៊ីនណាដែលនៅជិតមានលទ្ធភាពទទួលទិញបាន ហើយធ្វើការទាក់ទងរោងម៉ាស៊ីននោះធ្វើយ៉ាងណាឱ្យថ្លៃដើមទាបមានរូបមន្តធ្វើល្អ។

លោករដ្ឋមន្ត្រីបានបន្តថា ប៉ុន្តែត្រូវចូលគ្នាជាសហគមន៍ទំនើប ក្នុងនោះដែរក្រសួងនឹងរៀបចំផ្តល់លុយកម្ចីជូនដោយអត្រាការប្រាក់ទាប ដើម្បីយកមកធ្វើស្រែទំហំធំចំណាយឱ្យអស់តិច ពេលលក់ស្រូវទៅវិញស្រូវនឹងមានអ្នកទិញ ហើយក្នុងសហគមន៍បើធ្វើស្រូវអ្វីបានល្អ យើងធ្វើនិងគិតជាមួយគ្នា ដោយធ្វើការជ្រើសរើសពូជស្រូវ ឱ្យត្រូវនឹងទីផ្សារ ក្នុងការទទួលបាននូវប្រាក់ចំណេញកសាងសេដ្ឋកិច្ចគ្រួសារឱ្យបានប្រសើរឡើងថែមទៀត ក៏ដូចជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសជាតិមានឱ្យការរីកចម្រើនជឿនលឿនថែមទៀត។

ក្នុងឱកាសនោះដែរ លោកបានណែនាំដល់ប្រជាកសិករ ដែលរស់នៅឃុំព្រៃតូចទាំងអស់ បន្ទាប់ពីធ្វើការប្រមូលផលស្រូវរួចហើយ សូមបងប្អូនធ្វើការចិញ្ចឹមសត្វដាំដំណាំរួមផ្សំបន្ថែម ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ និងធ្វើឱ្យយើងមានជីវភាពធូធាមួយកម្រិតថែមទៀតផងដែរ៕