(ភ្នំពេញ)៖ ប្រជាពលរដ្ឋក្នុងស្រុករមាសហែក ខេត្តស្វាយរៀង បានផ្ទុះការ​ត្រេក​​អរជា​ខ្លាំងពេលបានឮសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​កម្ពុជា សួរនាំ​ដល់ផ្លូវក្នុងស្រុករមាសហែក ដែលជាផ្លូវសម្តេចធ្លាប់ធ្វើដំណើរក្នុងពេលតស៊ូ​​រំដោះ​ជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។ ត្រេកអរនោះ ក៏ព្រោះ មាន​​ក្តីរំពឹងថា ក្រោយការសួរនាំរបស់សម្តេចតេជោ បណ្តាញផ្លូវជាតិក្នុងស្រុក​រមាសដែលពិបាកធ្វើដំណើរនាពេលបច្ចុប្បន្ន អាចនឹងត្រូវបានសាងសង់ឆាប់​រហ័ស។

ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញនីតិកាលទី៥ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៅលោកបណ្ឌិត គឹម ធា  ពីស្ថានភាពផ្លូវតភ្ជាប់ទៅស្រុករមាសហែក។ ក្រោយទទួលចម្លើយពីដំណើរ​ការ​សាងសង់ ក៏ដូចជាស្ថានភាពផ្លូវហើយនោះ សម្តេចតេជោ ក៏លាន់មាត់ថា «ផ្លូវនៅរមាសហែក ក្រាលកៅស៊ូយូរម្ល៉េះ?»

តាមរយៈវីដេអូនៃការសួរនាំរបស់សម្តេចតេជោ ដែលបង្ហោះតាមបណ្តាញ​សង្គម​របស់អង្គភាពព័ត៌មាន Fresh News មានប្រជាពលរដ្ឋអ្នកស្រុក​រមាស​​ជាច្រើនរូប បានចូលទៅចែករំលែកជាមួយពាក្យពេចន៍រំលេចនូវការ​រអ៊ូរ​ទាំពី​ស្ថាន​ភាពលំបាកនៃបណ្តាញផ្លូវជាតិក្នុងស្រុករមាសហែក។

អ្នកខ្លះទៀតក៏បានបង្ហាញក្តីរីករាយ និងថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបាននឹក​រលឹក​​ដល់ផ្លូវនៅក្នុងស្រុករមាសហែក តែមិនភ្លេចទទូច​សុំ​សម្តេចតេជោ ជួយ​ពន្លឿនការសាងសង់ផ្លូវ ព្រោះពួកគេជួបការលំបាក​ខ្លាំង។

លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានប្រាប់ Fresh News ឱ្យ​ដឹង​ថា ផ្លូវដែលសម្តេចតេជោ ហ៊ុន សែន បានសួរនាំនេះ ត្រូវបានលោកស្នើ​សុំ​ជួស​ជុល និងកែលំអរ​​ទៅ​កាន់ក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈ​មន្ទីរសាធារណការ និងដឹកជញ្ជូន និងអភិបាលខេត្តស្វាយរៀង រួចរាល់​ហើយកាលពីខែ​កក្កដា ឆ្នាំ២០២៤។

សំណើនោះ ត្រូវបានលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និង​ដឹកជញ្ជូន ចារឯកភាពក្នុងការជួសជុល និងកែលំអររួចហើយផងដែរ។

ផ្លូវដែលលោកអភិបាលស្រុករមាស បានស្នើសុំរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជួយជួសជុល និងកែលម្អរនេះ មានចំនួន៣ខ្សែរួមមាន៖

១៖ ផ្លូវជាតិលេខ៣១៥ ចាប់ពីខាងជើងផ្សារដូនស ស្រុកស្វាយជ្រុំ មកស្រុករមាសហែក ឆ្លងកាត់ឃុំចំនួន៧ រហូតដល់ផ្លូវជាតិលេខ៨A ព្រំប្រទល់ស្រុកកំចាយមារ ខេត្តព្រៃវែង មានប្រវែង៤១គីឡូម៉ែត្រ។
២៖ ផ្លូវលេខ៣១៣១ ជាផ្លូវពីទីរួមស្រុក ចាប់ពីឃុំកំពង់ត្រាច ដល់ឃុំមុខដា កែងផ្លូវជាតិលេខ១០ ប្រវែង៧គីឡូម៉ែត្រ។
៣៖ ផ្លូវខាងជើងសាលាស្រុករមាសហែក ចាប់ពីកែងផ្លូវជាតិលេខ១៣ ឃុំកំពង់ត្រាច រហូតដល់ឃុំដូង ប្រវែង១៦គីឡូម៉ែត្រ។

បើតាមលោក ស៊ូ ម៉ុល ផ្លូវទាំង៣ខ្សែនេះ នឹងចាប់ផ្តើមដំណើរការសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះហើយ។

លោកអភិបាលស្រុករមាសហែក បានបញ្ជាក់ផ្លូវតភ្ជាប់ពីទីរួមខេត្តស្វាយរៀង មកកាន់ស្រុករមាសហែក ជាផ្លូវប្រវត្តិសាស្ត្រដែលសម្តេចតេជោ ហ៊ុន សែន បានធ្វើដំណើរជាញឹកញាប់ ក្នុងដំណាក់កាលនៃការតស៊ូ​រំដោះ​ជាតិចេញពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត៕