(ភ្នំពេញ)៖ នៅសល់មិនដល់មួយសប្តាហ៍ទៀតឡើយ ដែលប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ នឹងត្រូវឡើងកាន់តំណែងប្រធានាធិបតីលើកទី៤៧របស់សហរដ្ឋអាមេរិក។ លោក ដូណាល់ ត្រាំ បានសន្យាលើចំណុចអទិភាពធំៗខ្លះ ដែលនឹងត្រូវដោះស្រាយភ្លាមៗ នៅពេលលោកឡើងកាន់តំណែងនៅថ្ងៃទី២០ មករា ឆ្នាំ២០២៥ ក្នុងនោះអទិភាពដ៏ចម្បងមុនគេបំផុត គឺការដោះស្រាយបញ្ហាអន្តោប្រវេសន៍ និងសន្តិសុខព្រំដែន។
សេចក្តីរាយការណ៍បានបង្ហាញថា ភាពប្រែប្រួលនយោបាយអាមេរិកនេះ បានធ្វើឱ្យខ្មែរមួយក្រុមរស់នៅលើទឹកដីសហរដ្ឋអាមេរិក បានបារម្ភអំពីការធ្វើនយោបាយប្រឆាំងរបស់ខ្លួន នៅពេលដែលនឹងមានរជ្ជកាលថ្មីស្ថិតនៅក្រោមគោលនយោបាយរបស់លោក ដូណាល់ ត្រាំ ។ ក្នុងន័យនេះហើយ អ្នកនយោបាយខ្មែរមួយក្រុម ដែលមាននិន្នាការចង់ផ្តួលរំលំរាជរដ្ឋាភិបាល កម្ពុជាតាមរយៈការបង្កើតក្រុមតស៊ូនៅក្រៅប្រទេស បានប្រញាប់ផ្លាស់ប្តូរឈ្មោះអង្គការរបស់ខ្លួនពី «ក្រុមប្រឹក្សាជាតិរំដោះកម្ពុជា» មកជា «ក្រុមប្រឹក្សាជាតិខ្មែរចំណាកស្រុក»។
Fresh Exclusive មានអត្ថបទស៊ីជម្រៅជុំវិញបញ្ហានេះ...
ថ្ងៃដែលប្រធានាធិបតីថ្មីលើកទី៤៧ របស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ត្រូវឡើងកាន់តំណែង គឺនៅថ្ងៃទី២០ មករា ខាងមុខនេះហើយ ដែលនៅសល់តែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះ។ អាទិភាពធំបង្អស់មួយរបស់លោក ដូណាល់ ត្រាំ ដែលបានសន្យាថានឹងចាត់ការនៅពេលឡើងកាន់អំណាចនោះ គឺការបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ដែលមានច្រើនលាននាក់នៅក្នុងទឹកដីសហរដ្ឋអាមេរិក។
បញ្ហាសន្តិសុខព្រំដែន និងជនអន្តោប្រវេសន៍ខុសច្បាប់ គឺជាអទិភាពដ៏ចម្បងបំផុត ដែលនយោបាយរបស់លោក ដូណាល់ ត្រាំ ត្រូវធ្វើរួមមានការបិទព្រំដែន និងការបញ្ជួនជនអន្តោប្រវេសន៍ខុសច្បាប់ទាំងឡាយណាដែលរស់នៅក្នុងភាពមិនស្របច្បាប់លើទឹកដីសហរដ្ឋអាមេរិក ត្រូវចាប់បញ្ជួនចេញពីទឹកដីសហរដ្ឋអាមេរិក មកកាន់សាមីប្រទេសរបស់ពួកគេវិញ។
យោងតាមទិន្នន័យរបស់រដ្ឋាភិបាលអាមេរិក ជនអន្តោប្រវេសន៍ទាំងឡាយដែលបានមករស់នៅក្នុងទឹកដីរបស់ខ្លួនគិតត្រឹមឆ្នាំ២០២៣ មាន៤៧លាន៨សែននាក់ ដែលស្មើនឹង១៤,៣% នៃប្រជាជនសរុបរបស់ អាមេរិក។ ក្នុងចំណោមជនអន្តោប្រវេសន៍ដែលមានគ្រប់សញ្ជាតិចម្រុះនោះ គឺប្រមាណ១១លាននាក់ ជាជនអន្តោប្រវេសន៍រស់នៅខុសច្បាប់ ដែលជនចំណាកស្រុកខុសច្បាប់ទាំង១១លាននាក់ នោះហើយ គឺជាមុខព្រួញនៃការបញ្ជួនឱ្យវិលត្រឡប់មកប្រទេសដើមកំណើតរបស់ពួកគេរៀងៗខ្លួនវិញ ក្នុងនោះក៏រួមមានទាំងជនអន្តោប្រវេសន៍ខុសច្បាប់របស់កម្ពុជាផងដែរ។
សម្រាប់ជនអន្តោប្រវេសន៍កម្ពុជា ជាពិសេសអ្នកដែលស្វែងរកទីជម្រក ឬសុវត្ថិភាពដោយសារបញ្ហានយោបាយ បើសិនជាស្ថិតក្នុងជំនាន់រដ្ឋបាលរបស់លោក ចូ បៃដិន សេចក្តីរាយការណ៍ បានបង្ហាញនូវភាពធូរស្រាលជុំវិញនយោបាយសណ្តោសប្រណីចំពោះជនអន្តោប្រវេសន៍ខ្លះ ដែលគ្មានឯកសារប៉ុន្តែខណៈពេលវេលានៃការផ្លាស់ប្តូរមករដ្ឋបាលថ្មី គ្រប់គ្រងដោយលោក ដូណាល់ ត្រាំ ដែលនឹងកើតឡើងក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ភាពសណ្តោសប្រណី ទំនងនឹងគ្មានឱកាសទៀតឡើយ។ ហេតុដូច្នេះហើយ សាខាមួយនៃ«ក្រុមប្រឹក្សាជាតិរំដោះកម្ពុជា» ដែលមានទីតាំងនៅលើទឹកដីសហរដ្ឋអាមេរិក បានប្រញាប់កែឈ្មោះអង្គការរបស់ខ្លួនយ៉ាងប្រញាប់ប្រញាល់ជាទីបំផុត ក្នុងការរំពឹងថាវិធីមួយនេះ នឹងអាចបន្លំភ្នែកនយោបាយរដ្ឋបាលថ្មីរបស់អាមេរិក។
ការកែឈ្មោះរបស់ «ក្រុមប្រឹក្សាជាតិរំដោះកម្ពុជា» ដែលមានទីតាំងក្នុងប្រទេសបារាំង និងមានសាខានៅក្នុងសហរដ្ឋអាមេរិក ត្រូវបានចេញលិខិតជូនដំណឹងមួយនៅថ្ងៃទី៦ មករា ឆ្នាំ ២០២៥ ចុះហត្ថលេខាដោយស្ថាបនិក ឈ្មោះ ប៉ែន វ៉ាណូ បានសរសេរបញ្ជាក់ថា ការដូរឈ្មោះ ពី «ក្រុមប្រឹក្សាជាតិរំដោះកម្ពុជា» មក «ក្រុមប្រឹក្សាជាតិខ្មែរចំណាកស្រុក» គឺដើម្បីគោរពតាមច្បាប់របស់សហរដ្ឋអាមេរិក។
* តើពាក្យ «រំដោះប្រទេស ឬ រំដោះជាតិ» មានអត្ថន័យយ៉ាងណា?
ការកែឈ្មោះពី «ក្រុមប្រឹក្សាជាតិរំដោះកម្ពុជា» មក «ក្រុមប្រឹក្សាជាតិខ្មែរចំណាកស្រុក» ត្រូវបានធ្វើឡើងក្នុងសេចក្តីថ្លែងការណ៍ថ្ងៃទី៦ មករា ឆ្នាំ២០២៥ ចុះហត្ថលេខាដោយស្ថាបនិកឈ្មោះ ប៉ែន វ៉ាណូ។ សេចក្តីថ្លែងការណ៍នោះ បានសរសេរថា ការផ្លាស់ប្តូរនោះ «គឺដើម្បីគោរពតាមច្បាប់របស់សហរដ្ឋអាមេរិក» ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ គោលការណ៍នយោបាយប៉ុនប៉ងធ្វើកិច្ចការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដែលជារាជរដ្ឋាភិបាលឈ្នះឆ្នោតដោយស្របច្បាប់ នោះមិនបានផ្លាស់ប្តូរឡើយ ហើយការប្តូរឈ្មោះនេះ គឺដើម្បីតេការបិទបាំងមួយមិនឱ្យគេ ឃើញពាក្យ «រំដោះកម្ពុជា» ដែលបង្កប់ន័យនូវភាព «ហិង្សា» មួយនៅក្នុងនោះទៅហើយ។
ពាក្យ «រំដោះកម្ពុជា» អាចមានអត្ថន័យទាក់ទងនឹងចលនាសកម្មប្រយុទ្ធ ឬបដិវត្តន៍ ដែលអាចធ្វើឱ្យមន្ត្រីអាមេរិកក្រោមរដ្ឋបាលលោកដូណាល់ត្រាំ ដែលកំពុងរឹតបន្តឹងនយោបាយអន្តោប្រវេសន៍ នឹងធ្វើការត្រួតពិនិត្យក្រោមច្បាប់ទាំងឡាយដែលប្រឆាំងនឹងទង្វើភេរវកម្ម។
ច្បាប់ចុះបញ្ជីភ្នាក់ងារបរទេសរបស់សហរដ្ឋអាមេរិក (FARA) The Foreign Agents Registration Acts និងច្បាប់ពាក់ព័ន្ធ ទាមទារឱ្យមានតម្លាភាពអំពីសកម្មភាពនយោបាយដែលភ្ជាប់ជាមួយអង្គភាពបរទេសទាំងឡាយ។ ឈ្មោះដែលមិនសូវមានភាពចម្រូងចម្រាស ដូចជាពាក្យថា «ក្រុមប្រឹក្សាជាតិខ្មែរចំណាកស្រុក» នោះជាដើម ទំនងនឹងអាចជួយបិទបាំងការចាប់អារម្មណ៍ដល់ក្រុមអនុវត្តន៍ច្បាប់របស់សហរដ្ឋអាមេរិក ប៉ុន្តែវិធី «លាក់ក្បាល ខណៈខ្លួន និងកន្ទុយខ្វៀន នៅកណ្តាលវាល» នោះ គឺជារឿងដ៏គ្រោះថ្នាក់នោះទៅវិញទេ ព្រោះល្បិចនេះ គ្មានអ្វីដែលអាចបិទបាំងបានឡើយ គ្រាន់តែយូរនិងឆាប់តែប៉ុណ្ណោះ ពីព្រោះក្រដាសមិនអាចខ្ចប់រងើកភ្លើងជិតបានឡើយ។
*តើវិធីផ្លាស់ប្តូរឈ្មោះនេះ នឹងជួយសកម្មភាពធ្វើនយោបាយរបស់ក្រុមប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ដែលជាសមាជិកអង្គការសហប្រជាជាតិនេះបានដែរ ឬទេ?
ការប្តូរឈ្មោះក្រុមនយោបាយ ដែលពីមុនហៅថា «រំដោះជាតិ» ប្រហែលជាមិនជួយដោយផ្ទាល់ ឬភ្លាមៗ ដល់ជនអន្តោប្រវេសន៍ខុសច្បាប់ខ្មែរណាដែលស្ថិតក្នុងក្រុមធ្វើសកម្មភាព នយោបាយសម្លាប់ជាតិខ្មែរខ្លួនឯងនោះបានឡើយ។
១៖ ផលប៉ះពាល់លើជនអន្តោប្រវេសន៍ខុសច្បាប់កម្ពុជា
ជាច្រើនឆ្នាំកន្លងមកនេះ អ្នកធ្វើចំណាកស្រុកពីប្រទេសកម្ពុជាដើម្បីចង់ទៅរស់នៅក្នុងសហរដ្ឋអាមេរិក មានចំនួនច្រើនម៉ឺននាក់ស្ថិតក្រោមរូបភាពផ្សេងៗ ដោយបុគ្គលខ្លះត្រូវបានសហរដ្ឋអាមេរិក ស្នើធានាយកទៅធ្វើការដោយសារសមត្ថភាពរបស់ខ្លួន, ខ្លះដោយសាររង្វាន់ចាប់ឆ្នោត, ខ្លះដោយសារទៅជួបជុំក្រុមគ្រួសារក្រោយការបែកបាក់គ្នា, ខ្លះដោយសារការៀបការជាមួយជនជាតិអាមេរិក និងក៏មានខ្លះទៀតក្រោមលេសអំពើធ្វើទុក្ខបុកម្នេញដោយផ្អែកលើកត្តាជាតិសាសន៍, សាសនា, នយោបាយ ឬការបញ្ចេញមតិនយោបាយរបស់ខ្លួន ត្រូវទទួលបានអំពើធ្វើទុក្ខបុកម្នេញជាដើម។ ពលរដ្ឋខ្មែរជាច្រើនម៉ឺននាក់ ត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិក ទទួលយកស្នាក់នៅក្នុងចុងទសវត្ស១៩៧០ នៅពេលដែលមានជនភៀសខ្លួនរត់លូនក្នុងសង្គ្រាម និងក៏មានអ្នកចំណាកស្រុកមិនស្របច្បាប់ជាច្រើន ក្រោមស្លាកអំពើធ្វើទុក្ខបុកម្នេញ នយោបាយ និងក្រោមលេសដទៃទៀត បាននិងកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិករហូត មកទល់នឹងបច្ចុប្បន្ននេះ។
* តើមានជនភៀសខ្លួនខ្មែរខុសច្បាប់ប៉ុន្មាននាក់ហើយ ដែលត្រូវបានរដ្ឋបាលអាមេរិកបញ្ជូនមកកម្ពុជាវិញ?
គិតត្រឹមឆ្នាំ ២០១៩ មានជនជាតិខ្មែរប្រមាណ១,៩០០នាក់ នៅសហរដ្ឋអាមេរិកត្រូវបានបណ្តេញចេញ ដោយក្នុងនោះមានប្រមាណ១,៤០០នាក់ ត្រូវបានផ្តន្ទាទោសបទព្រហ្មទណ្ឌ។ ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump បានប្រកាសនូវផែនការអនុវត្តប្រតិបត្តិការបណ្តេញក្នុងលក្ខណៈទ្រង់ទ្រាយធំ សំដៅលើជនអន្តោប្រវេសន៍ដែលគ្មានឯកសារ ជាពិសេសអ្នកដែលមានកំណត់ត្រាព្រហ្មទណ្ឌ។
ខណៈពេលដែលចំនួនជាក់លាក់ទាក់ទងនឹងការបណ្តេញជនកម្ពុជាខុសច្បាប់ខ្លះក្នុងពេលខាងមុខ មិនមានតួលេខបញ្ជាក់ជាផ្លូវការនោះ ប៉ុន្តែនៅតែត្រូវបានគេរំពឹងថាជាមួយនឹងគោលនយោបាយរបស់រដ្ឋបាលថ្មីអាមេរិកជិតមកដល់នេះ ចំនួននៃការបណ្តេញមកប្រទេសកម្ពុជាវិញ អាចត្រូវរំពឹងថា នឹងមានការកើនឡើង ក្នុងចំណោមក្រុមដែលគ្មានឯកសារត្រឹមត្រូវរស់នៅក្នុងទឹកដីសហរដ្ឋអាមេរិក ជាពិសេសក្រុមដែលរៀបចំធ្វើចលនាតស៊ូប្រឆាំងរដ្ឋាភិបាលកម្ពុជា ដែលជាមិត្តរបស់សហរដ្ឋអាមេរិក។
ប្រសិនបើ Donald Trump ធ្វើតាមផែនការរបស់គាត់ ក្នុងការនិរទេសជនអន្តោប្រវេសន៍ខុសច្បាប់រាប់លាននាក់នោះ ជនជាតិខ្មែរដែលរស់នៅខុសច្បាប់នៅសហរដ្ឋអាមេរិក ក៏នឹងត្រូវប្រឈមមុខនឹងបញ្ហាជាច្រើន ដោយមិនគិតពីទំនាក់ទំនងនយោបាយរបស់ពួកគេឡើយ។ ម្យ៉ាងទៀតពួកគេអាចនឹងត្រូវប្រឈមការបណ្តេញចេញកាន់តែលឿនថែមទៀត ប្រសិនណាបើសិនជាមានការរកឃើញថាពួកគេបានឃុបឃិតក្នុងចង្កោមអង្គការទុច្ចរិតដែលចង់ផ្តួលរំលំ រាជរដ្ឋាភិបាលកម្ពុជា ដែលជាសមាជិកស្របច្បាប់របស់អង្គការសហប្រជាជាតិ បើទោះបីជាអង្គការរបស់គេនោះ បានផ្លាស់ប្តូរឈ្មោះបិទបាំងភ្នែកសហរដ្ឋអាមេរិកក៏ដោយ។
ក្រុមអ្នកច្បាប់បាននិយាយថា បុគ្គលដែលរងផលប៉ះពាល់ដោយគោលនយោបាយថ្មីទាំងនេះ គប្បីត្រូវតែស្វែងរកការប្រឹក្សាផ្នែកច្បាប់ដើម្បីយល់ពីសិទ្ធិ និងជម្រើសរបស់ពួកគេ ប៉ុន្តែមិនគប្បីត្រូវទៅប្រឹក្សាជាមួយក្រុមជ្រុលនិយមឡើយដើម្បីបញ្ចៀសហានិភ័យបញ្ជួនវិលត្រឡប់មកប្រទេសកម្ពុជាវិញ។ ការប្រើប្រាស់សហរដ្ឋអាមេរិកជា «តំបន់សុវត្ថិភាព» សម្រាប់ក្រុមប្រឆាំងនយោបាយ គឺជាហានិភ័យប្រឈមមួយក្រោមការគ្រប់គ្រងរបស់លោក Donald Trump ជាពិសេសប្រសិនបើគោលនយោបាយរបស់លោក សង្កត់ធ្ងន់លើការទប់ស្កាត់បរទេសពីការចូលរួមក្នុងសកម្មភាពដែលអាចធ្វើអោយទំនាក់ទំនងអន្តរជាតិកាន់តែតានតឹង ឬហាក់ដូចជាបំពានលើអធិបតេយ្យភាពរបស់សហរដ្ឋអាមេរិក។
រដ្ឋបាលថ្មីរបស់លោក Donald Trump អាចពិនិត្យមើលសកម្មភាពរបស់ក្រុមនយោបាយកម្ពុជានៅសហរដ្ឋអាមេរិក ជាពិសេសប្រសិនបើពួកគេត្រូវបានគេសង្ស័យថាបានប្រើប្រាស់ដីអាមេរិកដើម្បីរៀបចំសកម្មភាពប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា។
សរុបមកវិញ ការផ្លាស់ប្តូរឈ្មោះ ទំនងអាចជួយលាក់បានមួយរយៈពេលខ្លី ប៉ុន្តែវាមិនផ្លាស់ប្តូរជាមូលដ្ឋាននូវស្ថានភាពមិនច្បាស់លាស់នៃជនអន្តោប្រវេសន៍ខុសច្បាប់កម្ពុជានៅក្នុងសហរដ្ឋអាមេរិកក្រោមគោលនយោបាយអន្តោប្រវេសន៍ដ៏តឹងរ៉ឹងរបស់រដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ នោះបានឡើយ។
ការឡើងកាន់អំណាចរបស់លោក Donald Trump ជាប្រធានាធិបតីថ្មីលើកទី៤៧ក្នុងពេលខាងមុខនេះ ត្រូវគេរំពឹងថា នឹងមានអនុវត្តយ៉ាងតឹងរ៉ឹងលើច្បាប់ចុះបញ្ជីភ្នាក់ងារបរទេសរបស់សហរដ្ឋអាមេរិក (FARA) ដែលជាគោលនយោបាយកំណត់ក្រុមជាគោលដៅ ដែលនឹងត្រូវបានគេគិតថា វាជាក្រុមធ្វើវិទ្ធង្សនាឬវិច្ឆេទ្ធកម្មនយោបាយប្រឆាំងនឹងប្រទេសមួយដែលជាមិត្តរបស់សហរដ្ឋអាមេរិក៕