(ភ្នំពេញ)៖ សូមអបអរសាទរ! អាវជម្រើសជាតិបាល់ទាត់កម្ពុជាម៉ាក Varaman (វរ្ម័ន) ត្រូវបានបោះឆ្នោតជាប់លេខ១ល្អជាងគេប្រចាំឆ្នាំ២០២៤ នៅប្រទេសអង់គ្លេស ក្នុងកម្មវិធី Shirt of the Year។ នេះបើយោងតាមការប្រកាសឲ្យដឹងពីនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News, នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា បានចាត់ទុកថា «នេះជាដំណឹងមួយគួរឲ្យភ្ញាក់ផ្អើល និងជាមោទកភាពសម្រាប់ជាតិខ្មែរទាំងមូល ដែលសមិទ្ធិផលរបស់កូនខ្មែរ ត្រូវបានអន្តរជាតិទទួលស្គាល់ ដែលជាកិត្តិយស និងលើកមុខមាត់ខ្មែរយើងកាន់តែខ្លាំងលើទៅកាន់ពិភពលោក»

នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងដោយមោទកភាពយ៉ាងដូច្នេះថា «នេះជាព័ត៌មានល្អដែលយើងត្រូវជំរុញការផ្សព្វផ្សាយ។ នេះជារឿងមួយដែលពាក់ព័ន្ធនឹងកេរ្តិ៍ឈ្មោះប្រទេសផង និងទេសចរណ៍ផង ឲ្យគេស្គាល់ប្រទេសកម្ពុជាយើងតាមរយះផលិតផល ជាស្នាដៃរបស់កូនខ្មែរ និងជាមរតក វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរយើងផង ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងយុគសម័យសន្តិភាព ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត»