(ម៉ាឡេស៉ី)៖ ពិព័រណ៍ទេសចរណ៍អាស៊ានឆ្នាំ២០២៥ (ASEAN TRAVEX 2025) ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៉ី ត្រូវបានបើកជាផ្លូវការហើយនាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ ជាមួយវត្តមានគណៈអធិបតីនៃប្រទេសម៉ាឡេស៉ី ប្រតិបត្តិករទេសចរណ៍ក្នុងតំបន់អាស៊ាននិងពិភពលោក (អ្នកលក់ និងអ្នកទិញ) ជាង៣០០ស្ថាប័ន និងអ្នកព័ត៌មានអន្តរជាតិមកពី៣៥ប្រទេស ដើម្បីចាប់ផ្ដើមជំនួបធុរកិច្ចតភ្ជាប់អាជីវកម្មវិស័យទេសចរណ៍ ចរចាពីការទិញលក់កញ្ចប់ទស្សនកិច្ចទៅកាន់គោលដៅទេសចរណ៍និងគោលដៅអាជីវកម្មរៀងៗខ្លួន ព្រមទាំងផលិតនិងផ្សព្វផ្សាយព័ត៌មានជាដើម។

គួរជម្រាបថា ពិព័រណ៍ទេសចរណ៍អាស៊ានឆ្នាំ២០២៥ (ASEAN TRAVEX 2025) មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៧ ខែមករា ឆ្នាំ២០២៥ ពោលគឺប្រារព្ធឡើងនាឱកាសវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៥ (ATF 2025) នៅរដ្ឋចូហូរ (Johor) ប្រទេសម៉ាឡេស៉ី ដែលធ្វើឡើងចាប់ពីថ្ងៃទី១៩-២១ ខែមករា ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ រួបរួមជាចលនា-កំណត់ទិសដៅទេសចរណ៍អាស៊ាននៅថ្ងៃស្អែក (UNITY IN MOTION- Shaping ASEAN's Tourism Tomorrow)។

ក្នុងបើកពិធីពិព័រណ៍ទេសចរណ៍អាស៊ានឆ្នាំ២០២៥នេះ លោក Dato Onn Hafiz bin Ghazi ប្រមុខរដ្ឋចូហូរ នៃសហព័ន្ធម៉ាឡេស៉ី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះអ្នកចូលរួមអន្តរជាតិ និងការជ្រើសរើសយករដ្ឋចូហូរ ដើម្បីប្រារព្ធវេទិការទេសចរណ៍អាស៊ាន២០២៥នេះ ដោយលោកបានបញ្ជាក់ពីការប្ដេជ្ញាទាក់ទាញភ្ញៀវទេសចរមកកាន់រដ្ឋចូហូរឱ្យបានប្រមាណ១២លាននាក់ សម្រាប់ទិសដៅនៅឆ្នាំ២០២៦ខាងមុខ។

នាឱកាសនោះដែរ លោក Dato Sri Tiong King Sing រដ្ឋមន្ត្រីក្រសួងទេសចរណ៍ វប្បធម៌ និងវិចិត្រសិល្បៈ នៃសហព័ន្ធម៉ាឡេស៉ី បានបញ្ជាក់ថា វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៥ ក៏ដូចជាពិព័រណ៍ទេសចរណ៍ឆ្នាំ២០២៥នេះ មិនត្រឹមតែចូលរួមលើកកម្ពស់គោលដៅទេសចរណ៍ក្នុងប្រទេសម៉ាឡេស៊ីតែមួយនោះទេ ប៉ុន្ដែក៏ជាការលើកកម្ពស់នូវការផ្លាស់ប្ដូរទេសចរណ៍នៅទូទាំងតំបន់អាស៊ាន ឬជាមួយតំបន់ផ្សេងៗផងដែរ។

សូមជម្រាបដែរថា ពិព័រណ៍ទេសចរណ៍អាស៊ានឆ្នាំ២០២៥ ក៏ដូចជាវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៥ សុទ្ធតែធ្វើឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់កំណើនទេសចរណ៍ក្នុងតំបន់ បង្កើតឱកាសអាជីវកម្មទេសចរណ៍ និងជំរុញការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់ប្រទេសជាសមាជិកឱ្យកាន់តែទូលាយទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារអាស៊ាន ព្រមទាំងជាឱកាសក្នុងការបង្កើតទំនាក់ទំនងអាជីវកម្មថ្មី កិច្ចសហប្រតិបត្តិការល្អក្នុងវិស័យទេសចរណ៍ និងការពង្រឹងភាពជាដៃគូទេសចរណ៍ជាតិ-អាស៊ាន តាមរយៈបណ្តាញទំនាក់ទំនងទីភ្នាក់ងារទេសចរណ៍ និងកិច្ចសហការក្នុងវិស័យទេសចរណ៍អាស៊ាន៕