(ភ្នំពេញ)៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ បានរៀបចំប្រជុំផ្សព្វផ្សាយ ផែនការសកម្មភាពការងាររបស់គណៈកម្មាធិការសម្របសម្រួល ជំរុញ អនុវត្ត និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ និងការផ្សព្វផ្សាយចំណេះដឹងជាមូលដ្ឋានស្តីពីបញ្ហាគ្រឿងញៀន ដល់មន្ត្រី រាជការ នៃអង្គភាពក្រោមឱវាទ ក្រសួងមហាផ្ទៃ។

កិច្ចប្រជុំផ្សព្វផ្សាយនេះ ធ្វើឡើងក្រោមអធិបតីភាពលោក កៅ ខុនដារ៉ា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការ សម្របសម្រួល ជំរុញ អនុវត្ត និងត្រួតពិនិត្យ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ តំណាងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ថ្លែងក្នុងឱកាសនោះ លោក កៅ ខុនដារ៉ា បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថានភាព នៃការផលិត ការចរាចរ ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀននៅលើពិភពលោកទាំងមូល បានកំពុងបន្តកើនឡើងគួរឲ្យកត់សម្គាល់បើទោះបីជាបញ្ហាសកលដូចជាបញ្ហា សង្រ្គាមអ៊ុយក្រែន បញ្ហានៅប្រទេសភូមា និងសង្រ្គាមនៅមជ្ឈឹមបូព៌ាជាដើមនោះ។

លោកកត់សម្គាល់ថា សកម្មភាពលួចលាក់ផលិត កែច្នៃ ចរាចរ និងជួញដូរគ្រឿងញៀនរបស់ក្រុម ឧក្រិដ្ឋជន ពីកន្លែងមួយទៅកន្លែងមួយ និងពីប្រេទេសមួយទៅប្រទេសមួយ កាន់តែបន្តមានសកម្មភាព យ៉ាងសកម្ម និងកើនឡើងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខុមាលភាព សុវត្ថិភាព សន្តិសុខសាធារណៈ នៃសង្គមជាតិ ដោយជាក់ស្តែងនៅកម្ពុជាយើង។

កន្លងមកនេះទីតាំងកែច្នៃផលិតមួយចំនួនត្រូវបានរកឃើញ និងបង្ក្រាបជាបន្តបន្ទាប់ ខណៈក្នុងឆ្នាំ២០២៤កន្លងទៅនេះ បទល្មើសគ្រឿងញៀនបង្ក្រាបបានចំនួន១០,៦៣០ករណី កើនឡើង២,៥៦៧ករណី បើប្រៀបធៀបឆ្នាំ២០២៣ ហើយគ្រឿងញៀនដែលត្រូវចាប់បានមានចំនួនជិត១៥តោន កើនឡើងជាង១២តោនធៀបឆ្នាំ២០២៣មានត្រឹមតែជិត៣តោន ខណៈជនសង្ស័យដែលឃាត់ខ្លួនបានសរុបចំនួន២៧,០៧១នាក់ កើនឡើង៧,០៦៩នាក់ បើធៀបឆ្នាំ២០២៣ មានត្រឹមតែ២០,០០២នាក់។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃរូបនេះ បានបន្ដទៀតថា ការប្រើប្រាស់គ្រឿងញៀននេះ បានបន្តរីករាលដាលរហូតដល់ជនបទមួយចំនួន ព្រមទាំងបានបង្កជាបញ្ហាយ៉ាងច្រើនដល់សុខភាព ជីវភាពផ្ទាល់ខ្លួន និងគ្រួសារ ប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍន៍សហគមន៍មូលដ្ឋានជាដើម។ ដូច្នេះនិយាយជារួមមកស្ថានភាព និងបញ្ហាគ្រឿងញៀននៅកម្ពុជា នាពេលបច្ចុប្បន្ន គឺទាមទារឲ្យគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ជាពិសេសអាជ្ញាធរថ្នាក់ក្រោមជាតិត្រូវបន្តរៀបចំ និងពង្រឹងនូវយន្តការសម្រាប់ការ ឆ្លើយតបនិងដោះស្រាយបញ្ហានេះនៅក្នុងមូលដ្ឋាននីមួយៗបានគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធថែមទៀត ទាំងលើការអនុវត្តច្បាប់ អប់រំបង្ការ ស្តារនីតិសម្បទា និងសមាហរណកម្មជាដើម។

ទាក់ទងនឹងបញ្ហាគ្រឿងញៀននេះ រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចាត់ទុកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាកិច្ចការអាទិភាពមួយ និងបានដាក់បញ្ចូលការងារនេះ ទៅក្នុងមុំមួយ នៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលព្រមទាំងបានដាក់ចេញនូវគោលការណ៍ ស្តីពី «សម្អាតផ្ទះយើង និងសម្អាតចកចេញពីបឹង» ដោយបានដាក់ចេញនូវបទបញ្ជាលេខ០១បប ស្តីពីការដាក់ចេញនូវវិធានការហ្មឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ អនុវត្តផងដែរ។

ជាលទ្ធផលក្នុងការអនុវត្តបទបញ្ជាលេខ០១បបនេះ នៅទូទាំងប្រទេស បានធ្វើតេស្តរហ័សរកសារ ធាតុញៀនក្នុងទឹកមូត្រ ក្នុងចំណោមមន្រ្តីរាជការ ស៊ីវិល និងកងកម្លាំងបានចំនួនជាងមួយសែននាក់ ដោយក្នុងនោះអ្នកវិជ្ជមានចំនួន៩៩នាក់ បណ្តេញចេញពីក្របខណ្ឌចំនួន៩៧នាក់ និង២នាក់កំពុងបន្តនីតិវិធីច្បាប់ផងដែរ៕