(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ ត្រូវបានជនអនាមិកលួចបង្កើតគណនី Facebook ក្លែងក្លាយដោយប្រើប្រាស់ឈ្មោះ និងរូបភាពរបស់លោក ទៅវាយប្រហារអ្នកដទៃដោយគ្មានសីលធម៌។

លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ បានអះអាងថា នៅពេលនេះលោកកំពុងធ្វើការស្រាវជ្រាវ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនអនាមិកនេះ។

លោកបានបញ្ជាក់បែបនេះថា «ខ្ញុំវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ មានការសោកស្តាយយ៉ាងខ្លាំងនូវទង្វើរបស់ជនអគតិខិលខូច ដែលបានបង្កើតគណនេយ្យហ្វេសប៊ុករួចដាក់ឈ្មោះខ្ញុំ (ទៀង ច័ន្ទសារ និងរូបថតខ្ញុំធ្វើជាប្រូហ្វាល) ដើម្បីសរសេរវាយប្រហារ និងធ្វើការស៊ែល ទៅលើគណនេយ្យឈ្មោះ ដំណឹងថ្មី ដែលទង្វើនេះជាទង្វើអសីលធម៌។ សូមសម្តេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ និងមហាជន ដែលកំពុងប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក សូមកុំមានការភាន់ច្រឡំ មកលើរូបខ្ញុំ»