(ម៉ាឡេស៉ី)៖ កម្ពុជារំពឹងថានឹងទាក់ទាញភ្ញៀវទេសចរបានច្រើនបន្ថែមពីការផ្សព្វផ្សាយពីគោលដៅទេសចរណ៍ និងទំនាក់ទំនងរវាងអ្នកលក់-អ្នកទិញកញ្ចប់ទស្សនកិច្ចទេសចរណ៍ ក្នុងពិព័រណ៍ទេសចរណ៍អាស៊ានឆ្នាំ២០២៥ (ASEAN TRAVEX 2025) និងវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៥ (ATF 2025) នៅប្រទេសម៉ាឡេស៉ី។

ពិព័រណ៍ទេសចរណ៍អាស៊ានឆ្នាំ២០២៥ (ASEAN TRAVEX 2025) បាននិងកំពុងប្រព្រឹត្តទៅនៅក្រុងចូហូរបារូ (Johor Bahru) រដ្ឋចូហូរ នៃសហព័ន្ធម៉ាឡេស៉ី រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៧ ខែមករា ឆ្នាំ២០២៥ ពោលគឺប្រារព្ធឡើងនាឱកាសវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៥ (ATF 2025) ចាប់ពីថ្ងៃទី១៩-២១ ខែមករា ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ រួបរួមជាចលនា-កំណត់ទិសដៅទេសចរណ៍អាស៊ាននៅថ្ងៃស្អែក (UNITY IN MOTION- Shaping ASEAN's Tourism Tomorrow)។

គេសង្កេតឃើញថា ក្រសទេសចរណ៍កម្ពុជាក៏បានរៀបចំនូវពន្លាដ៏ធំមួយដែរ ដើម្បីសម្រួលដល់ការផ្សព្វផ្សាយ និងការធ្វើទំនាក់ទំនងធុរកិច្ចទេសចរណ៍។

លោក ឡុង សុខា អគ្គនាយករងនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ស្របតាមស្មារតីកិច្ចសហប្រតិបត្តិការអាស៊ាន ក្រសួងទេសចរណ៍បានសហការជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីនាំយកនូវអ្វីដែលជាសិល្បៈ របាំ ក្បាច់គុនល្បុក្កតោ និងវប្បធម៌ប្រពៃណីរបស់ខ្មែរមកបង្ហាញជូនភ្ញៀវអន្តរជាតិ ព្រមទាំងតំណាងទីភ្នាក់ងារទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ប្រមាណ១៥ស្ថាប័ន (តាមរយៈក្រសួងទេសចរណ៍) ដើម្បីផ្សព្វផ្សាយពីផលិតផលទេសចរណ៍ និងគោលដៅទេសចរណ៍កម្ពុជាទៅកាន់ភ្ញៀវទេសចរអន្តរជាតិ សំដៅទាក់ទាញភ្ញៀវទេសចរទៅទស្សនាប្រទេសកម្ពុជា។

លោក ឡុង សុខា ថ្លែងថា «យើងរំពឹងថានឹងអាចស្រូបទាញទេសចរអន្តរជាតិទៅកាន់ច្រើនបន្ថែមពីទីផ្សារទេសចរណ៍អាស៊ាន ក៏ដូចជាទីផ្សារអន្តរជាតិដទៃទៀត ទៅកាន់គោលដៅទេសចរណ៍នៅកម្ពុជាយើង»

សូមជម្រាបដែរថា ពិព័រណ៍ទេសចរណ៍អាស៊ានឆ្នាំ២០២៥ ក៏ដូចជាវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៥ សុទ្ធតែធ្វើឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់កំណើនទេសចរណ៍ក្នុងតំបន់ បង្កើតឱកាសអាជីវកម្មទេសចរណ៍ និងជំរុញការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់ប្រទេសជាសមាជិកឱ្យកាន់តែទូលាយទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារអាស៊ាន ព្រមទាំងជាឱកាសក្នុងការបង្កើតទំនាក់ទំនងអាជីវកម្មថ្មី កិច្ចសហប្រតិបត្តិការល្អក្នុងវិស័យទេសចរណ៍ និងការពង្រឹងភាពជាដៃគូទេសចរណ៍ជាតិ-អាស៊ាន តាមរយៈបណ្តាញទំនាក់ទំនងទីភ្នាក់ងារទេសចរណ៍ និងកិច្ចសហការក្នុងវិស័យទេសចរណ៍អាស៊ាន៕