(ភ្នំពេញ)៖ ដើម្បីរួមចំណែកសម្រួលដល់កសិករ ដែលកំពុងតែច្រូតកាត់ប្រមូលទិន្នផលស្រូវ អ្នកឱកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសនៅថ្ងៃទី១៥ ខែមករានេះថា នឹងជួយទិញស្រូវពីកសិករខ្មែរ ចំនួន ១ ០០០តោន ដើម្បីយកមកចែកជូនដល់អតិថិជនរបស់បុរីឡេងណាវ៉ាត្រា គម្រោង6A ទាំងអស់ ដែលមានការខ្វះខាត និងសំណង់យឺតយ៉ាវ ដែលទុកហូបរយៈពេល ១ឆ្នាំ ដោយឥតគិតថ្លៃ។
ផ្អែកតាមទំព័រហ្វេសប៊ុកផ្លូវការរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានសរសេរក្នុងន័យដើម យ៉ាងដូច្នេះថា៖ «ខ្ញុំជួយទិញស្រូវ ១ ០០០តោន បើកអង្ករជូនអតិថិជនដែលបានទិញបុរី ឡេង ណាវ៉ាត្រា 6A ទាំងអស់ដែលខ្វះខាត សម្រាប់ហូបរយៈពេលពេញ ១ឆ្នាំ ដោយឥតគិតថ្លៃ»។
អ្នកឧកញ៉ា បានថ្លែងបញ្ជាក់ថា «អតិថិជនរបស់ខ្ញុំទាំងអស់ដែលខ្វះខាត និងសំណង់យឺតយ៉ាវ សូមបំពេញព័ត៌មាន ដើម្បីទទួលបានអង្ករហូបរយៈពេល ១ឆ្នាំ ដោយឥតគិតថ្លៃ។ អាចជួយបានទាំងកសិករ និងបន្ធូរបន្ទុកដល់អតិថិជនរបស់បុរីឡេណាវ៉ាត្រា ទាំងអស់ខ្លះ»។
អ្នកឧកញ៉ាដែលតែងតែចូលរួមជួយដល់ប្រជាពលរដ្ឋគ្រប់ទិសទីរូបនេះ បានអំពាវនាវដល់បងប្អូន ដែលចង់ជួយកសិករយើងអាចចូលរួមជាមួយគ្នាបាន រួមគ្នាជួយជាតិ និងប្រជាជនយើង៕