(ស្ទឹងត្រែង)៖ លោក ឡោក ឆវណ្ណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំសិក្សា២០២៣-២០២៤ និងលើកទិសដៅឆ្នាំសិក្សាឆ្នាំ២០២៤-២០២៥ នៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តស្ទឹងត្រែង។
ពិធីបើកសន្និបាតបានប្រព្រឹត្តទៅនៅមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដែលបានលើកឡើងអំពីសមិទ្ធផលការងារសំខាន់ៗ ដែលមន្ទីរអនុវត្តសម្រេចបាននាឆ្នាំកន្លងទៅ ហើយសាលារៀនគ្រប់កម្រិតសិក្សានៅខេត្តស្ទឹងត្រែង បានកើតឡើងគួរឲ្យកត់សម្គាល់ ឆ្លើយតបទៅនិងគោលនយោបាយរបស់រាជរដ្ឋាភិបាល បង្ខិតសាលារៀនឲ្យទៅជិតលំនៅឋានរបស់ប្រជាជន។
រយៈពេល១ឆ្នាំកន្លងមកនេះ វិស័យអប់រំសម្រេចបានសមិទ្ធផល តាមរយៈអន្តរាគមន៍មួយចំនួនដូចជាធ្វើយុទ្ធនាការការប្រមូលកុមារដល់វ័យសិក្សា ការកសាងអគារសិក្សា ការផ្តល់គ្រូ ការផ្តល់ថវិកាដំណើរការសាលារៀន ការផ្តល់អាហារូបករណ៍ដល់សិស្សមកពីគ្រួសារក្រីក្រ ដែលបានបង្កឱកាសឱ្យសិស្សានុសិស្ស ទទួលបានការអប់រំនៅគ្រប់កម្រិត។ នេះគឺតាមការលើកឡើងរបស់លោក ហ៊ាង ប៉ូលី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែង។
លោក ឡោក ឆវណ្ណា ថ្លែងការវាយតំលៃខ្ពស់អំពីសមិទ្ធផលសំខាន់ៗ នៃការអនុវត្តការងារអប់រំ យុវជន និងកីឡាក្នុងឆ្នាំសិក្សាកន្លងមក។ ជាមួយគ្នានោះ លោកបានលើកឡើងពីអាទិភាពស្នូលទាំង៨ចំនុច ដែលបានដាក់ចេញក្នុងកិច្ចប្រជុំលើកទី១ និតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺអាទិភាពទី១៖ ការពង្រឹងអភិបាលកិច្ចសាលារៀន, ទី២៖ ការពិនិត្យ កែសម្រួល និងរៀបចំកកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឲ្យស្រប ទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស, ទី៣៖ ការលើកកម្ពស់សុខភាពសិក្សា, ទី៤៖ ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតា បិតា អាណាព្យាបាលសិស្ស និងសហគមន៍ក្នុងការអប់រំ, ទី៥៖ ការអប់រំឌីជីថល, ទី៦៖ ការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅគ្រឹះស្ថានឧត្តមសិក្សា, ទី៧៖ ការកសាងប្រព័ន្ធ និងការអភិវឌ្ឍសមត្ថភាព និងទី៨៖ ការអភិវឌ្ឍការអប់រំកាយ និងកីឡា។
ជាមួយនឹងកំណែសម្រង់ថ្មី ការអប់រំនៅខេត្តស្ទឹងត្រែង បើគិតពី១០ឆ្នាំមុន ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បើធៀបនឹងបច្ចុប្បន្នមានការប្រែប្រួលគួរឲ្យកត់សម្គាល់។ លោកក៏បានផ្តាំផ្ញើដល់អង្គសន្និបាតទាំងមូល បន្តយកចិត្តទុកដាក់ចូលរួមបញ្ជេញមតិយោបល់ ក្នុងខ្លឹមសារតាមប្រធានបទនីមួយៗ ប្រកបដោយគុណភាព ប្រសិទ្ធភាព ដើម្បីឆ្លើយតបនិងទិសដៅដែលបានគ្រោងទុក និងកំណត់សូចនការសមិទ្ធកម្មសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ឲ្យបានច្បាស់លាស់៕