(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងទេសចរណ៍ ជាមួយក្រសួងព័ត៌មាន ក្រោមការដឹកនាំរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ដើម្បីរួមគ្នាផ្សព្វផ្សាយពីសក្តានុពលវិស័យទេសចរណ៍នៅកម្ពុជា ដែលជាវិស័យចម្បងមួយក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងជាផ្នែកមួយដ៏សំខាន់មួយក្នុងការជំរុញកំណើនថវិកាជាតិ ការវិនិយោគ និងបង្កើនឱកាសការងារជូនប្រជាជនតាមមូលដ្ឋាន។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី ហួត ហាក់ ក៏អរគុណដល់អ្នកសារព័ត៌មានទាំងអស់ដែលបានចូលរួមផ្សព្វផ្សាយព័ត៌មាន ធ្វើឱ្យភ្ញៀវទេសចរជាតិ ជាពិសេសភ្ញៀវទេសចរអន្តរជាតិ បានឃើញពីសក្តានុពលនៃគោលដៅទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា ព្រមជាមួយផលិតផលទេសចរណ៍ប្រកបដោយ ភាពច្នៃប្រឌិត និងភាពជាខ្មែរ ដែលរួមមានបេតិកភ័ណវប្បធម៌ បេតិកភណ្ឌធម្មជាតិ ឆ្នេរសមុទ្រ និងប្រជាជនខ្មែរដែលប្រកបដោយសន្តិភាព និងភាពកក់ក្ដៅ។

ការវាយតម្លៃខ្ពស់បែបនេះរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានធ្វើឡើងនៅក្នុងឱកាសលោក រួមជាមួយលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានអញ្ជើញជាអធិបតីក្នុង «ពិធីផ្សព្វផ្សាយការលើកកម្ពស់វិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ» នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នាសាលចតុម្មុខមង្គលទីស្តីការក្រសួងព័ត៌មាន។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី ហួត ហាក់ បានគូសបញ្ជាក់ថា ជាទិសដៅបន្តទៅមុខទៀតដើម្បីឱ្យវិស័យទេសចរណ៍មានការរីកចម្រើនបន្ថែមទៀត គឺទាមទារមានកិច្ចសហការពីគ្រប់ក្រសួង ស្ថាប័ន និងផ្នែកពាក់ព័ន្ធទាំងអស់ រួមទាំងវិស័យព័ត៌មានដែលផ្នែកមួយសំខាន់ក្នុងការផ្សព្វផ្សាយ លុបបំបាត់ព័ត៌មានក្លែងក្លាយពាក់ព័ន្ធវិស័យទេសចរណ៍ ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យឧស្សាហ៍កម្មទេសចរណ៍នៅកម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត។

រដ្ឋមន្ត្រី ហួត ហាក់ បានជម្រាបជូនពីចំនួនភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា កាលពីឆ្នាំ២០១៩ ពោលគឺមុនផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩ មានកើតឡើង ចំនួន ៦លាន ៦សែននាក់ បើប្រៀបធៀបឆ្នាំ២០២៤ កន្លងទៅនេះ គឺទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៦លាន ៧សែននាក់ លើសឆ្នាំ២០១៩ ចំនួន ១.៤% បើធៀបនិងឆ្នាំ២០២៣ កើនឡើង ២២.៩%។

នៅក្នុងឱកាសនេះដែរ លោករដ្ឋមន្ត្រី ហួត ហាក់ ក៏បានស្នើដល់អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋទាំងអស់ចូលរួមគាំទ្រ ប្រធានបទរបស់ក្រសួងទេសចរណ៍ គឺ «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍« «ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងប្រឆាំងព័ត៌មានក្លែងក្លាយ»។

បើតាមលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានអំពាវនាវដល់អ្នកសារព័ត៌មាន អ្នកផលិតមាតិកាសង្គម ជាពិសេសក្រុម MMO សូមកុំឱ្យគិតតែការស្វែងរកលុយពីការផ្សព្វផ្សាយនូវព័ត៌មាន ខ្លឹមសាររបស់ខ្លួនដែល ប្រាស់ចាកពីក្រមសីលធម៌ វិជ្ជាជីវៈ សូមប្រកាន់ខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈគោរពនូវតម្លៃរបស់សង្គម កិត្តិយសជាតិ សីលធម៌ និងលើកទឹកចិត្តឱ្យបង្កើតមាតិកាល្អៗទាក់ទងប្រពៃណី វប្បធម៌ ទំនៀមទម្លាប់ ទីតាំងសក្តានុពលទេសចរណ៍ផ្សេងៗដែល មាននៅក្នុងប្រទេសកម្ពុជា ហើយចូលរួមផ្សព្វផ្សាយរាល់សក្តានុពលទេសចរណ៍នៅតាមតំបន់នានាដែលមានភាពទាក់ទាញឱ្យបានទូលំទូលាយ ពីព្រោះវិស័យទេសចរណ៍ គឺជាសសរស្ដម្ភមួយនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មាន មានការពាក់ព័ន្ធនឹងវិស័យទេសចរណ៍បានល្អ។ ក្រសួងព័ត៌មាន គឺជាផ្នែកមួយសំខាន់ក្នុងការចូលរួមជួយដល់ក្រសួងទេសចរណ៍ លើការផ្សព្វផ្សាយព័ត៌មានអំពីសក្តានុពលទេសចរណ៍ ចូលរួមបង្ការ ទប់ស្កាត់ និងប្រឆាំងព័ត៌មានក្លែងក្លាយទាំងឡាយដើម្បីកុំអោយខូចមុខមាត់ប្រទេសជាតិ ឬក៏ប៉ះពាល់ដល់អារម្មណ៍ និងបង្កើតឱ្យមានបញ្ហានៃក្តីព្រួយបារម្មណ៍ដល់ភ្ញៀវទេសចរបរទេសមកកាន់ប្រទេសកម្ពុជា។ 

គួរឱ្យដឹងថា ក្នុងគោលដៅផ្តល់ភាពងាយស្រួលដល់អ្នកដំណើរ និងទេសចរណ៍ដែលចូលមកប្រទេសកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាបានណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធឱ្យកែលម្អ និងសម្រួលនីតិវិធីក្នុងការផ្តល់ទិដ្ឋាការតាមប្រព័ន្ធ e-Visa និងប្រព័ន្ធ e-Arrival ឱ្យមកនៅក្នុង Ecosystem តែមួយរបស់រាជរដ្ឋាភិបាល និងបញ្ចុះតម្លៃទិដ្ឋាការអេឡិចត្រូនិក (e-Visa) ប្រភេទទេសចរ (T) និងប្រភេទធម្មតា (E) ឱ្យបានសមស្រប។

ការកែទម្រង់ ខាងលើនេះនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ តទៅ។ តម្លៃទិដ្ឋាការអេឡិចត្រូនិក ត្រូវបានបញ្ចុះតម្លៃដូចខាងក្រោម៖

*e-Visa T បញ្ចុះតម្លៃពី ៣៦ដុល្លារអាម៉េរិក មកនៅត្រឹម ៣០ ដុល្លារអាម៉េរិក
*e-Visa E បញ្ចុះតម្លៃពី ៤២ដុល្លារអាម៉េរិក មកនៅត្រឹម ៣៥ដុល្លារអាម៉េរិក៕