(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ បានអំពាវនាវដល់ម្ចាស់ដីដែលជួយដីឱ្យកសិករធ្វើស្រែ សូមជួយបន្ធូរបន្ថយថ្លៃឈ្នួល ព្រោះតែពេលនេះ តម្លៃស្រូវ OM ធ្លាក់ចុះ ដែលធ្វើឱ្យប្រាក់ចំណេញរបស់កសិករធ្លាក់ចុះ ខុសពីពេលមុនៗ។
ការលើកឡើងរបស់រដ្ឋមន្ត្រី ឌិត ទីណា ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីស្ថានភាពថ្លៃស្រូវ និងការប្រមូលផលស្រូវប្រាំង ដែលរៀបចំដោយក្រសួងកសិកម្ម និងអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។
លោករដ្ឋមន្ត្រីបានថ្លែងដូច្នេះថា «ជាការអំពាវនាវសុំឱ្យបងប្អូនយើងដែលជួលដីឱ្យ បងប្អូនយើងផ្សេងៗទៀត សម្រាប់ដាំដុះស្រូវអូអឹម (OM) គួរតែពិចារណាក្នុងការបន្ធូរបន្ថយតម្លៃ [...] សូមឱ្យមានការយោគយល់គ្នា ព្រោះតម្លៃស្រូវអូអឹមនេះ មិនដូចពីមុនទៀតទេ ដែលត្រូវពិចារណាជួយគ្នាក្នុងគ្រានេះ»។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏បានបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេច របស់ក្រសួងកសិកម្ម ក្នុងការចាំជួយដល់កសិករ ដែលត្រូវប្រមូលផលស្រូវក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមខាងមុខ ប្រសិនបើឈ្មួញទិញស្រូវនាំចេញទៅវៀតណាម ផ្អាកសកម្មភាពរបស់ពួក ដើម្បីអបអរក្នុងបុណ្យចូលឆ្នាំ៕
សូមស្តាប់ការលើកឡើងរបស់លោករដ្ឋមន្ត្រីកសិកម្ម៖