(ព្រះវិហារ)៖ រដ្ឋបាលឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ បានរៀបចំពិធីអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជំនះ ៧មករា (៧មករា ១៩៧៩-៧មករា ២០២៥) ក្រោមវត្តមានលោក សុខ សាន្ត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំគូលែនត្បូង ដោយមានការចូលរួមពីសំណាក់ លោកស្រី ហែម សុគុណពិសី អនុប្រធានក្រុមការងាថ្នាក់ខេត្តចុះជួយឃុំគូលែនត្បូង លោក លោកស្រី ក្រុមប្រឹក្សាឃុំ យុវជន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
នៅក្នុងឱកាសនោះលោកស្រី ហែម សុគុណពិសី បានអានសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជូនដល់អង្គពិធីដែលមានខ្លឹមសារថា ថ្ងៃនេះគម្រប់ខួបលើក ទី៤៦ នៃទិវាជ័យជំនះ៧មករា ជាប្រវត្តិសាស្ត្រ ដែលបានផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្គ្រោះជាតិ និងប្រជាជនកម្ពុជាឱ្យមានជីវិតរស់រានឡើងវិញ រួចផុតពីការកាប់សម្លាប់ នៃរបបដ៏សាហាវយង់ឃ្នងនេះ ហើយបើកឡើងនូវសករាជថ្មីរបស់កម្ពុជា គឺឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។
បន្ទាប់ពីជ័យជំនះ ថ្ងៃ ៧ មករា ១៩៧៩ គណបក្សប្រជាជនកម្ពុជា បានរួមសាមគ្គី ប្រជាជាតិទាំងមូល ដឹកនាំប្រទេសឆ្លងកាត់ឧបសគ្គ និងការលំបាករាប់ម៉ឺនសែនជំពូក សម្រេចបានជោគជ័យយ៉ាងធំធេងក្នុងបុព្វហេតុស្តារ កសាង និងការពារមាតុភូមិ ព្រមទាំងការស្វែងរកសន្តិភាព និងការផ្សះផ្សាជាតិ ធ្វើឱ្យប្រទេសជាតិបានចាកផុតពីស្ថានភាពដែលត្រូវបំផ្លាញខ្ទេចខ្ទី និងសង្គ្រាមដ៏រ៉ាំរ៉ៃ ឈានមកដល់ដំណាក់កាលអភិវឌ្ឍន៍លើគ្រប់វិស័យក្រោមម្លប់នៃសន្តិភាព ប្រកបដោយមោទនភាពជាទីបំផុត។
លោក សុខ សាន្ត បានថ្លែងថា «យើងប្រារព្ធខួបនៃទិវាជ័យជម្នះជាប្រវត្តិសាស្ត្រនេះឡើង ក្នុងស្មារតីចងចាំពុំអាចបំភ្លេចបាននូវ មហាឧក្រិដ្ឋកម្ម ដែលរបបប្រល័យពូជសាសន៍ ប៉ុល ពត បានប្រព្រឹត្តមកលើប្រជាជន ព្រមជាមួយនេះ យើងចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃកងកម្លាំងប្រដាប់ អាវុធបដិវត្តន៍កម្ពុជា និងវីរៈកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានប្រយុទ្ធ និងធ្វើពលិកម្មយ៉ាងអង់អាច លើសមរភូមិ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ និងការពារការរស់ឡើងវិញរបស់ប្រជាជន។ យើងទាំងអស់គ្នាក៏សូមលំឱនកាយ សង្រួមចិត្តគោរពដួងវិញ្ញាណក្ខ័ន្ធរបស់ជនរួមជាតិ ដែលបានបាត់បង់ជីវិតទៅ យ៉ាងអយុត្តិធម៌ដោយសារអំពើ ប្រល័យពូជសាសន៍ ហើយឧទ្ទិសបួងសួងសូមឱ្យដួងវិញ្ញាណក្ខ័ន្ធរបស់ លោកអ្នកទាំងអស់បានទៅប្រតិស្ឋានក្នុងសុគតិភពជារៀងដរាប»។
លោក សុខ សាន្ត បានថ្លែងលើកឡើងថា រយៈពេល៤៦ឆ្នាំ បន្ទាប់ពីជ័យជំនះ ៧ មករា ១៩៧៩ ប្រទេសកម្ពុជា បានឆ្លងកាត់របត់នយោបាយ និងសេដ្ឋកិច្ចជាច្រើនដំណាក់កាល និងបានផ្លាស់ប្តូរមុខមាត់ថ្មីលើគ្រប់វិស័យ បានបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ នាំមកនូវសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី និងការអភិវឌ្ឍ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សមេ្តចតេជោ ហ៊ុន សែន។
លោកបានបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កំពុងបន្តដឹកនាំនាវាកម្ពុជា និងធានាបាននិរន្តរភាពជាតិ សន្តិភាព ស្ថេរភាព ដែលជាមូលដ្ឋានគ្រឹះ ក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងបានកំពុងបង្កើតសមិទ្ធផលថ្មីៗថែមទៀត ដើម្បីឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕