(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការការពារសុខភាព បណ្តាលមកពីការប្រែប្រួលគុណភាពខ្យល់ក្នុងបរិយាកាស។

ក្រសួងសុខាភិបាល បានឲ្យដឹងថា យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាននាពេលថ្មីៗនេះ និងជាបន្តបន្ទាប់ បង្ហាញថាសន្ទស្សន៍គុណភាពខ្យល់ មានការប្រែប្រួលខុសៗគ្នា ទៅតាមភូមិសាស្ត្រ ពីខេត្តមួយទៅខេត្តមួយ។ ដើម្បីវាយតម្លៃផលប៉ះពាល់ទៅលើ សុខភាព និងបរិស្ថាន ក្រសួងបរិស្ថានបានបែងចែកសន្ទស្សន៍គុណភាពខ្យល់ (AQI)ជា ៦កម្រិត៖

អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់តាមដានសន្ទស្សន៍គុណភាពខ្យល់ដោយយកចិត្តទុកដាក់ និងការពារសុខភាពខ្លួន និងសមាជិកក្រុមគ្រួសារឱ្យបានហ្មត់ចត់បំផុត ដោយអនុវត្តតាមវិធានការដូចខាងក្រោម៖

* បន្តតាមដានីស្ថានភាពគុណភាពខ្យល់តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ឬគេហទំព័ររបស់ក្រសួងបរិស្ថាន (https://airquality.moe.gov.kh) ដើម្បីដឹងអំពីសន្ទស្សន៍គុណភាពខ្យល់ នៅក្នុងភូមិសាស្ត្រដែលអ្នករស់នៅ
* ស្នាក់នៅក្នុងផ្ទះ ក្នុងអំឡុងពេលដែលសន្ទស្សន៍គុណភាពខ្យល់ខ្ពស់ (ពណ៌ក្រហម) ឬខ្ពស់ខ្លាំង (ពណ៌ស្វាយ) ឬបរិយាកាសអ័ព្ទអូដោយសារមានការកើនឡើង នូវកំហាប់សារធាតុបំពុលខ្យល់
* បិទបង្អួច និងទ្វារ ដើម្បីបង្ការខ្យល់មិនល្អពីខាងក្រៅចូលក្នុងផ្ទះរបស់លោកអ្នក
* កាត់បន្ថយសកម្មភាពខាងក្រៅផ្ទះ ឬនៅទីវាល ក្នុងអំឡុងពេលដែលសន្ទស្សន៍គុណភាពខ្យល់ខ្ពស់ និង ខ្ពស់ខ្លាំង ឬពាក់ម៉ាស ក្នុងករណីចាំបាច់
* ទទួលទានទឹកឱ្យបានគ្រប់គ្រាន់
* ត្រូវយកចិត្តទុកដាក់ការពារជាពិសេសចំពោះ ទារក កុមារ ស្ត្រីមានផ្ទៃពោះ ជនចាស់ជរា អ្នកមានជំងឺសួត ជំងឺសរសៃឈាមបេះដូង និងជំងឺរ៉ាំរ៉ៃ ដែលជាក្រុមងាយរងគ្រោះ
* ប្រសិនបើមានរោគសញ្ញាផ្លូវដង្ហើមដូចជា ពិបាកដកដង្ហើម ក្អក ហត់ សូមលោកអ្នកប្រញាប់ទៅកាន់ មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះលោកអ្នក

អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាប និងថែរក្សាសុខភាព តាមរបៀបបង្ការខាងលើ។

ក្រសួងសុខាភិបាលនឹងបន្តធ្វើការជូនដំណឹង អំពីព័ត៌មានទាក់ទងនឹងបញ្ហាសុខភាពសាធារណៈ តាមបណ្តាញសង្គមផ្លូវការ របស់ក្រសួងសុខាភិបាល ក៏ដូចជាទំព័រហ្វេសប៊ុកផ្លូវការ របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងគេហទំព័រ www.cdcmoh.gov.kh។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរសព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល លេខ១១៥ ដោយឥតគិតថ្លៃ៕