(ត្បូងឃ្មុំ)៖ លោក គន់ រ័ត្នមុនី អភិបាលរងខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ បានដឹកនាំប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម សហការជាមួយរដ្ឋបាលស្រុកពញាក្រែក រដ្ឋបាលឃុំអញ្ចើម ស្រុកត្បូងឃ្មុំ រដ្ឋបាលឃុំកក់ ស្រុកពញាក្រែក សហគមន៍កសិកម្មសាមគ្គីកក់ និងប្រជាកសិករ ចុះពិនិត្យស្ថានភាពដំណាំស្រូវរដូវប្រាំងនិងប្រភពទឹក ដើម្បីត្រៀមអន្តរាគមន៍ស្រោចស្រព ករណីមានតម្រូវការទឹកចាំបាច់។
តាមការចុះពិនិត្យមានប្រភពទឹក០៣ប្រភេទ សម្រាប់អន្តរាគមន៍រួមមាន ទឹកអណ្តូង ទឹកកណ្សិនវត្តព្រៃនគរក្នុង និងទំនប់បាក់អាយ។ មកដល់ពេលនេះ ទឹកស្រោចស្រព នៅអាចស្រោចស្រពដំណាំស្រូវបាន។
ទោះយ៉ាងណា ក្រុមការងារបានសំណូមពរដល់បងប្អូនប្រជាកសិករ ត្រូវបូមទឹកស្រោចស្រពដោយសន្សំសំចៃ អាជ្ញាធរឃុំ ត្រូវបន្តតាមដានជាប្រចាំ ករណីខ្វះទឹកជាក់ស្តែង ដុំរាយការណ៍ជាបន្ទាន់មកមន្ទីរជំនាញ ស្រុក ខេត្ត។ ទន្ទឹមនេះ សុំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋផ្អាកការដាំដុះបន្ថែមក្នុងឱកាសនេះ។
គួររំលឹកថា ក្នុងរដូវប្រាំងឆ្នាំ២០២៥នេះ ក្នុងឃុំដូនតី មានដាំដុះស្រូវរដូវប្រាំងប្រមាណ ១៥០ហិកតា ឃុំកក់មានដាំដុះលើផ្ទៃដីប្រមាណ ៣០០ហិកតា ដែលកើនលើសពីឆ្នាំ២០២៤ទ្វេរដង។
សូមជម្រាបជូនថា ឆ្នាំ២០២៥នេះ ក្នុងខេត្តត្បូងឃ្មុំ មានដាំដុះស្រូវរដូវប្រាំងប្រមាណ ១៥ ០០០ហិកតា កើនលើសឆ្នាំ២០២៤ ប្រមាណ ២ ០០០ហិកតា។ ស្រូវបានប្រមូលផលជាបណ្តើរៗ ហើយបានលក់ចេញដោយមិនមានការកកស្ទះទីផ្សារនោះទេ។
ចំពោះស្ថានភាពដំណាំស្រូវដែលសេសសល់ នឹងបន្តប្រមូលផលរហូតដល់ចុងពាក់កណ្តាលខែមិនា។ ភូមិសាស្ត្រដែលមានប្រឈមខ្វះទឹកស្រោចស្រពនិងមានប្រភពទឹក ត្រូវបានរដ្ឋបាលខេត្ត ណែនាំនិងអន្តរាគមន៍បូមផ្គត់ផ្គង់ជាបន្តបន្ទាប់។ ទោះយ៉ាងណា មិនមានភូមិសាស្រ្តខ្វះទឹកបូមអន្តរាគមន៍ ដែលបណ្តាលឲ្យខូចខាតស្រូវនោះទេ៕