(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ធំ តែងតែក្រើនរំលឹក និងដាក់បទបញ្ជាជាប្រចាំដល់ អង្គភាពមន្ទីរពាក់ព័ន្ធ ស្តីពីការបង្កា ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសធនធានធម្មជាតិ ជាពិសេសការដឹកជញ្ជូនផលអនុផលព្រៃឈើ គ្រប់ទម្រង់ និងគ្រប់រូបភាព។
ជាក់ស្តែងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត កម្លាំងមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ ដឹកនាំដោយលោកវរសេនីយ៍ទោ ថៃ ដានិត ប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ សហការជាមួយកម្លាំងអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ដឹកនាំដោយលោក គឹម ចេត្ថាវី នាយរងអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប បានការចុះបង្ក្រាបបទល្មើសដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានច្បាប់អនុញ្ញាត នៅចំណុចភូមិវាំងខាងជើង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា រថយន្តនេះដឹកឈើចេញពីក្នុងព្រៃភូមិសាស្រ្តស្រុកសន្ទុក ដើម្បីយកទៅកែច្នៃ អារច្រៀក លក់បន្តទៅឲ្យឈ្មួញ ប៉ុន្តែត្រូវសមត្ថកិច្ចសហការគ្នាបង្ក្រាប បានតែម្តង។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់បានរថយន្តកែច្នៃ ១គ្រឿង ដឹកឈើមូលប្រភេទចំបក់ចំនួន២ដើម មុខកាត់ ៧០cmប្រវែង៤ម៉ែត្រ ដោយឡែកជនសង្ស័យរត់គេចខ្លួន។
បច្ចុប្បន្នសមត្ថកិច្ចបាននាំយកវត្ថុតាងទាំងនោះ មករក្សាទុកនៅរដ្ឋបាលអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប បន្តនីតិវិធី៕