(តាកែវ)៖ លោកឧត្តមត្រី សៅ សារុន ស្នងការរងទទួលបន្ទុកសេនាធិការ និងជាអ្នកនាំពាក្យរបស់ស្នងការនគបាលខេត្តតាកែវ បានបញ្ជាក់ថា ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់​នៅក្នុងឱកាសបុណ្យចូលឆ្នាំ​ប្រពៃណីជនជាតិចិន -វៀតណាម កម្លាំងនគរបាល១២០០នាក់ របស់ស្នងការនគបាលខេត្តតាកែវ បានត្រៀមខ្លួនក្នុងការចេញល្បាតនៅក្នុងភូមិសាស្រ្តខេត្តតាកែវ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ត្រី សៅ សារុន បានឱ្យដឹងទៀតថា លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ បានដាក់បទបញ្ជា យ៉ាងម៉ឹងម៉ាត់ ដល់ផែនសណ្ដាប់ធ្នាប់ចុះសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋ និងកុំឱ្យមានការកកស្ទះនៅតាមដងផ្លូវនានា ហើយមានកម្លាំងអន្តរាគមន៍នៅក្នុងដៃ ដើម្បីចេញអន្តរាគមន៍​ពេលមានបទល្មើស​កើតឡើងជាពិសេស បានត្រៀមផែនអគ្គីភ័យត្រៀមរថយន្តជួយអន្រាគមន៍បើមានករណីយ៍អគ្គីភ័យកើតឡើងជាយថាហេតុ។

លោកឧត្តមសេនីយ៍ត្រី សៅ សារុន បានលើកឡើងបន្ថែមថា លោកស្នងការខេត្ត ក៏បានណែនាំដល់អធិការក្រុងស្រុក និងលោកមេប៉ុស្តិ៍ទាំងអស់ត្រូវធ្វើការចុះត្រួតពិនិត្យល្បាតតាមមូលដ្ឋាន ហាមឃាត់បងប្អូនប្រជាពលរដ្ឋ មិនឱ្យមានការដុតគ្រឿងផ្ទុះ(ផាវ) ឬដាក់តាំងលក់នៅតាមទីផ្សារឡើយ៕