(ភ្នំពេញ)៖ ឯកឧត្តមឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា ចិនលើកឡើងថា ប្រទេសចិនគឺជាប្រទេសគំរូមួយលើក ការងារកាត់បន្ថយភាពក្រីក្រ ដែលកម្ពុជាអាចរៀនសូត្រតាម ខណៈប្រទេសយើងទាំងពីរតែងតែគាំទ្រគ្នាទៅវិញទៅមក គ្រប់កាលៈទេសៈ។
ក្នុងកិច្ចសម្ភាសមួយវិទ្យុមិត្តភាពកម្ពុជាចិន កាលពីព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមឯក សំអុលមានប្រសាសន៍ថា ចំណុចដែលកម្ពុជាត្រូវរៀនសូត្រពីប្រទេសចិន នោះគឺការអភិវឌ្ឍលើគ្រប់វិស័យ នៅតាមទីជនបទ។ សំឡេង៖ «កម្ពុជាគួររៀនសូត្រពីចិនគឺការកសាងភូមិគំរូ កាត់បន្ថយភាពក្រីក្រនៅប្រទេសចិន ដោយចិនបានបញ្ចូល ការអប់រំបណ្តុះបណ្តាល ប្រជាពលរដ្ឋនៅតាមជនបទ និងជនជាតិផ្សេងៗឱ្យមានការប្រែប្រួលពី ក្រីក្រលំបាកមកជាធូធារ មានវប្បធម៌ ចំណេះដឹងខ្ពស់។ ខ្ញុំសូមជំរុញឱ្យភាគីពាក់ព័ន្ធ ខិតខំធ្វើរឿងនេះឱ្យបានច្រើនជាងមុនថែមទៀត។»
ដោយមើលឃើញពីចំណុចល្អរបស់ប្រទេសចិន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ភាគីកម្ពុជា និងចិនបានសហការគ្នា ជ្រើសរើស ភូមិតាននស្ថិតនៅឃុំដូង ស្រុកបាទីខេត្តតាកែវ ដើម្បីអភិវឌ្ឍន៍ និងធ្វើជាភូមិគំរូមួយក្នុងការកាត់បន្ថយភាពក្រីក្រ។ ក្នុងនាមឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល ឯកឧត្តម ជា ពៅ អគ្គលេខាធិការរងបានថ្លែងថា ការអនុវត្តគម្រោងកាត់បន្ថយភាពក្រីក្រនៅភូមិតានននេះ ជាសញ្ញាណវិជ្ជមាននៃកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំ រវាងសង្គមស៊ីវិលនៃប្រទេសយើងទាំងពីរ ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការបំពេញបាននូវតម្រូវការជាមូលដ្ឋានជូនដល់ប្រជាជនកម្ពុជា។
គួររម្លឹកថា គិតចាប់ពីឆ្នាំ២០១៧មកដល់បច្ចុប្បន្ន ក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានខិតខំកៀរគរជំនួយរបស់ចិន មកចូលរួមនៅក្នុងការអភិវឌ្ឍស្រុកបាទី ជាពិសេសភូមិតានន ឃុំដូង មានដូចជា៖ អគារសិក្សា អណ្តូងទឹក ស្ថានីយផលិតទឹកស្អាត ផ្លូវបេតុង លូបង្ហូរទឹកភ្លៀង ផ្លូវដីខ្សាច់ស បង្គោលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យបំភ្លឺផ្លូវ, អគារពហុបំណងកម្ពស់២ជាន់ បំពាក់ដោយសម្ភារៈអេឡិចត្រូនិកបម្រើដល់ការបណ្តុះបណ្តាល ការប្រារព្ធពិធីសាសនា និងជំនួបនានា។ ម៉ូតូដឹកកម្មករ, ម៉ូតូសម្រាប់ដឹកអ្នកជំងឺ, ដាំដើមឈើតាមផ្លូវ និងការថែរក្សាបរិស្ថានក្នុងភូមិ។ ក្រៅពីនេះភាគីចិន ក៏បានផ្តល់កាតាបដល់សិស្សានុសិស្ស ក្នុង១ឆ្នាំ៤០០កញ្ចប់សម្រាប់រយៈពេល៣ឆ្នាំ និងកង់ដល់សិស្សានុសិស្ស ៨០គ្រឿង៕
វិទ្យុមិត្តភាពកម្ពុជាចិន