(កំពង់ធំ)៖ ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង១,៧៦គីឡូម៉ែត្រ ទទឹងខ្នងលើ៦ម៉ែត្រ ស្ថិតនៅក្នុងរមណីដ្ឋានតំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានបើកការដ្ឋានសាងសង់នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសស និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ តំណាងលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ រួមជាមួយលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។

បន្ទាប់ពីមតិស្វាគមន៍ និងរបាយការណ៍របស់លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំរួចមក លោក ឆាយ ឫទ្ធិសែន បានធ្វើរបាយការណ៍ជូនអង្គពិធីឱ្យបានជ្រាបថា ផ្លូវក្រាលល្បាយក្រួសក្រហមមួយខ្សែប្រវែង១,៧៦គីឡូម៉ែត្រ ស្ថិតនៅក្នុងរមណីដ្ឋានតំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានបើកការដ្ឋានលើកកម្រិតជាផ្លូវក្រាលកៅស៊ូពីរជាន់ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងសេវាសាធារណៈនានា បង្កើនការតភ្ជាប់រវាងភូមិទៅភូមិ និងឃុំទៅឃុំ និងអាចប្រើប្រាស់បានគ្រប់រដូវកាល ដោយចំណេញបានទាំងពេលវេលា និងថវិកា ជាពិសេសដើម្បីជួយលើកម្ពស់ការផ្ដល់សេវាទេសចរណ៍ តាមរយៈការបង្កភាពងាយស្រួលក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរចូលទៅទស្សនាកម្សាន្តនៅតំបន់រមណីយដ្ឋានតំបន់ប្រាសាទសំបូរព្រៃគុក ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកមួយរបស់កម្ពុជា ក្នុងចំណោមតំបន់បេតិកភណ្ឌពិភពលោកជាច្រើនទៀត។

សូមជម្រាបថា ដោយមានកិច្ចសហការជាមួយអាជ្ញាធរជាតិប្រាសាទសំបូរព្រៃគុក នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងអភិវឌ្ឍន៍ជនបទ បានបើកការដ្ឋានលើកកម្រិតផ្លូវពីផ្លូវក្រាលល្បាយក្រួសក្រហម ទៅជាផ្លូវក្រាលកៅស៊ូពីរជាន់មានប្រវែង១,៧៦គីឡូម៉ែត្រ ទទឹងខ្នងលើ៦ម៉ែត្រ មានចិញ្ចើមផ្លូវក្រាលលក្បាយក្រួសក្រហមម្ខាងៗប្រវែង១ម៉ែត្រ មានសំណង់លូមូលចំនួន៤កន្លែង និងមានរយៈពេលសាងសង់ចំនួន៦ខែ ដែលស្ថាបនាដោយកងវិស្វកម្មនៃក្រសួងការពារជាតិ៕