(ភ្នំពេញ)៖ ឯកអគ្គរាជទូតកម្ពុជាចំនួន៤រូប ដែលនឹងទៅបំពេញបេសកកម្មនៅតាមប្រទេសចំនួន១០ បានប្ដេជ្ញាសហការជាមួយក្រសួងទេសចរណ៍ក្នុងការជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍កម្ពុជា ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរបរទេសពីប្រទេសគោលដៅឱ្យមកទស្សនាកម្ពុជាកាន់តែច្រើនឡើង។
ការប្ដេជ្ញាផ្ដល់កិច្ចសហការនេះធ្វើឡើងក្នុងជំនួបរវាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយឯកអគ្គរាជទូតកម្ពុជាចំនួន៤រូប នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងទេសចរណ៍ រួមមាន៖
១. លោក ជា ច័ន្ទបូរិបូរណ៍ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប៊ុលហ្ការី សាធារណរដ្ឋរ៉ូម៉ានី សាធារណរដ្ឋក្រិក និងសាធារណរដ្ឋស៉ីប ដែលមាននិវេសនដ្ឋាននៅទីក្រុងសូហ្វីយ៉ា។
២. លោកស្រី គឹមសួគ៌ សុវណ្ណារី ឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រប៊ែលហ្ស៊ិក សាធារណរដ្ឋអូទ្រីស ព្រះរាជាណាចក្រនែតដឺឡង់ (ហូឡង់) ព្រះរាជាណាចក្រលុចសំបួ និងអមសហភាពអឺរ៉ុប ដែលមាននិវេសនដ្ឋាននៅទីក្រុងព្រុចសែល។
៣. លោក ជ័យ រដ្ឋា ឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រព្រុយណេ។
៤. លោក ស៊ិន សារៀម ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋហ្វីលីពីន។
លោករដ្ឋមន្ត្រី ហួត ហាក់ បានជម្រាបពីវិធានការមួយចំនួនរបស់រាជរដ្ឋាភិបាលក្នុងវិស័យទេសចរណ៍ចំពោះការបញ្ចុះតម្លៃទិដ្ឋការអេឡិចត្រនិក (e-Visa) ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ក្នុងនោះទិដ្ឋការប្រភេទ T បញ្ចុះពី៣៦មក៣០ដុល្លារអាម៉េរិក ទិដ្ឋការប្រភេទ E បញ្ចុះ ពី៤២មក៣៥ដុល្លារអាម៉េរិក។
លោករដ្ឋមន្ត្រីបានបង្ហាញពីគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថានឯកអគ្គរដ្ឋទូត/រាជទូតបរទេសប្រចាំនៅកម្ពុជា ដៃគូអភិវឌ្ឍ ស្ថានឯកអគ្គរាជទូតកម្ពុជា/កុងស៊ុលកម្ពុជានៅបរទេស, កិច្ចសហប្រតិបត្តិការអន្តរជាតិ កម្រិតទ្វេភាគី ពហុភាគី អនុតំបន់ តំបន់ (អាស៊ាន) និងពិភពលោក ក្នុងការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា។
លោករដ្ឋមន្ត្រីបានស្នើសុំឱ្យលោក-លោកស្រីឯកអគ្គរាជទូតចេញជាសារ ឬវីដេអូ ដែលបង្ហាញពីសភាពការណ៍ពិតនៅកម្ពុជា ដូចជា សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបកស្រាយទាន់ពេលវេលាចំពោះការផ្សព្វផ្សាយអវិជ្ជមាន ព័ត៌មានក្លែងក្លាយ ដែលជះឥទ្ធិពលដល់កិត្តិនាមកម្ពុជា និងវិស័យទេសចរណ៍កម្ពុជា។
ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍នឹងផ្តល់ជូនជា Brochure, leaflet, video promotion ជូនលោក-លោកស្រីឯកអគ្គរាជទូត ជាពិសេសការជួយភ្ជាប់ទំនាក់ទំនងជាមួយផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ដូចជា សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ភ្នាក់ងារ ការីទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ជាដើម នៅប្រទេសដែលលោក-លោកស្រីឯកអគ្គរាជទូតកាន់ជាអគ្គរាជទូត ព្រមទាំងរៀបចំជាជំនួបដៃគូពាណិជ្ជកម្ម (Business Matching) ទស្សនកិច្ចសិក្សា (FAM Trip) និងព្រឹត្តិការណ៍ផ្សេងៗទៀតផងដែរ៕