(សៀមរាប)៖ លោកវរសេនីយ៍ឯក ឡុង ម៉េនសុយ៉ាលី ស្នងការរងទទួលផែនសណ្តាប់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានស្នើសុំដល់ប្រជាពលរដ្ឋទាំងអស់ នាឱកាសបុណ្យចូលឆ្នាំចិន វៀតណាមនេះ មិនត្រូវផឹកស្រវឹង ហើយបើកបរនោះទេ ព្រោះអាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃផងដែរ។
ក្នុងនាមសមត្ថកិច្ច លោកវរសេនីយ៍ឯក ឡុង ម៉េនសុយ៉ាលី សូមបួងសួងដល់ប្រជាពលរដ្ឋទាំងអស់ ព្រមទាំងភ្ញៀវទេសចរ ដើរលេងកម្សាន្តប្រកបដោយសុខសុវត្ថិភាព និងទំនុកចិត្តគ្រប់ពេលវេលា។
ជាមួយគ្នានឹងការជូនពរនេះដែរ លោកស្នងការរងក៏បានអំពាវនាវសូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការចម្អិនម្ហូបអាហារ ដុតក្រដាស់សែន ធូប និងទៀន ដើម្បីចៀសវាងកុំឱ្យមានអគ្គីភ័យកើតឡើង ដែលធ្វើឱ្យរំខានក្នុងថ្ងៃចូលឆ្នាំ ព្រោះតែការធ្វេសប្រហែស។
ក្នុងឱកាសបុណ្យចូលឆ្នាំចិននេះដែរ ក៏មានបងប្អូនមួយចំនួនធ្វើដំណើរទៅកាន់បណ្តាខេត្តផ្សេងៗ, លោកវរសេនីយ៍ឯក ឡុង ម៉េនសុយ៉ាលី ក៏អំពាវនាវសូមបើកបរគោរពច្បាប់ចរាចរណ៍ កុំផឹកស្រវឹងក្នុងពេលបើកបរ ត្រូវមានការយោគយល់គ្នា និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ទោះបីបើកបរជិតឬឆ្ងាយ ដើម្បីសុវត្ថិភាពក្នុងថ្ងៃចូលឆ្នាំទាំងអស់គ្នា៕