(បន្ទាយមានជ័យ)៖ ក្មេងទំនើងប្រុសស្រី២០នាក់ ដែលដាក់តាមខ្លួននូវដាវកែច្នៃ និងកាំបិត ប្រមូលផ្ដុំគ្នាតាមទីសាធារណៈបង្កការអុកឡុកក្នុងសង្គម ត្រូវកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួននៅយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥។

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ការឃាត់ខ្លួនក្មេងទំនើងជាង២០នាក់នេះ ដោយអនុវត្តតាមការណែនាំ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ឲ្យកម្លាំងអធិការដ្ឋានទាំង៩ក្រុង ស្រុក ចុះបង្ក្រាបបទល្មើសផ្សេងៗដូចភ្លៀងរលឹមនៅទីកន្លែងដែលខ្លួនកាន់កាប់។

លោកបានដឹកនាំកម្លាំងផែនព្រហ្មទណ្ឌ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ សំដៅធ្វើយ៉ាងណាធានាឲ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈសង្គមជូនប្រជាពលរដ្ឋ នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីវៀតណាម ចិន ជិះរថយន្តចេញល្បាត ត្រួតពិនិត្យរដ្ឋបាល និងពង្រឹងការយាមល្បាត។

នៅយប់លុះជិះល្បាតក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ស្រាប់តែប្រទះឃើញមានក្មេងជាច្រើននាក់ កំពុងធ្វើសកម្មភាពអុកឡុកនៅក្នុងក្រុងប៉ោយប៉ែតយ៉ាងសកម្ម កម្លាំងបានចុះធ្វើការឃាត់ខ្លួនក្មេងទំនើងបានចំនួន២០នាក់ មានប្រុស ស្រី និងដកហូតបានម៉ូតូជាច្រើនគ្រឿង កាំបិត ដាវចំរុះ មួយចំនួនយកមកអធិការក្រុងប៉ោយប៉ែតដើម្បីសួរនាំ។

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ បានអះអាងថា ក្មេងទំនើងទាំងអស់នេះជាមុខសញ្ញាចាស់ ដែលធ្លាប់ធ្វើសកម្មភាពអុកឡុកក្នុងក្រុងប៉ោយប៉ែតកន្លងមក។ ក្មេងទំនើងទាំងអស់នោះពេលដែលធ្វើរបាយការណ៍ចប់សព្វគ្រប់បានបញ្ជូនមកស្នងការដ្ឋានខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្ត។

អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និងមានការសម្របសម្រួលពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងជំនាញព្រហ្មទណ្ឌខេត្តបន្ទាយមានជ័យ បានកសាងសំណុំរឿងបញ្ជូនក្មេងទំនើងទាំងអស់ទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥នេះ ដើម្បីចាត់ការបន្តតាមនីតិវិធី៕