(ភ្នំពេញ)៖ ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥នេះ បានរៀបចំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងរបាយការណ៍បូកសរុបសកម្មភាពខែមករា និងទិសដៅអនុវត្តខែកុម្ភៈ ឆ្នាំ២០២៥។ កិច្ចប្រជុំបានធ្វើឡើង នៅទីស្ដីការក្រសួងការពារជាតិ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការពារជាតិ។
បើតាម នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅក្នុងខែមករា ឆ្នាំ២០២៥នេះ កងយោធពលខេមរភូមិន្ទបានយកចិត្តទុកដាក់ពុះពារអនុវត្តភារកិច្ចរបស់ខ្លួន តាមកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងភារកិច្ចជាក់ស្តែងចំពោះមុខដោយសម្រេចបាននូវសមិទ្ធផលការងារធំៗដូចខាងក្រោម៖
* សភាពការណ៍យោធានៅតាមតំបន់ព្រំដែនមានភាពស្ងប់ស្ងាត់ធម្មតា កងយោធពលខេមរភូមិន្ទ បានធ្វើល្បាតជាប្រចាំក្នុងភូមិសាស្ត្រទទួលខុសត្រូវរៀងៗខ្លួនសរុប ៨៧៩លើក ដើម្បីតាមដានត្រួតពិនិត្យ គ្រប់គ្រងសភាពការណ៍ និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទនៅតាមតំបន់ព្រំដែន និងសកម្មភាពឆ្លងដែនខុសច្បាប់ទៅវិញទៅមក ព្រមទាំងបានបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង ដោះស្រាយបញ្ហាផ្សេងៗដែលកើតឡើងដោយសន្តិវិធី។
* សភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងប្រទេស។ កងយោធពលខេមរភូមិន្ទ បានម្ចាស់ការ និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់និងបណ្តាស្ថាប័នរាជរដ្ឋាភិបាលពាក់ព័ន្ធនានាធ្វើ ការបង្ការ ទប់ស្កាត់និងបង្ក្រាបសកម្មភាពបទល្មើសគ្រប់ប្រភេទនិងភាពអនាធិបតេយ្យផ្សេងៗ ពិសេសសកម្មភាពកាប់ទន្ទ្រានកាន់កាប់ដីខុសច្បាប់ បំផ្លិចបំផ្លាញធនធានធម្មជាតិ នេសាទខុសច្បាប់ គេចពន្ធនិង សកម្មភាពជួញដូរប្រើប្រាស់គ្រឿងញៀន ដោយសម្រេចបាននូវលទ្ធផលល្អ។ ជាក់ស្តែងករណីបទល្មើស ឧក្រិដ្ឋបទល្មើសមជ្ឈិមកើតឡើងចំនួន៣៧១លើក កងយោធពលខេមរភូមិន្ទម្ចាស់ការបង្ក្រាបបានចំនួន ២៦៨លើក។
* កងយោធពលខេមរភូមិន្ទ បានបន្តយកចិត្តទុកដាក់អនុវត្តការងារហ្វឹកហ្វឺនបណ្តុះបណ្តាលនិងបំប៉ន ជំនាញផ្សេងៗ ការរៀបចំសំណុំបែបបទផ្ទេរយោធិនពលី-មរណៈ ពិការចូលនិវត្តន៍ បាត់បង់សមត្ថភាព ការងារ ទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា ការងារកសាងច្បាប់និងលិខិតបទដ្ឋានផ្សេងៗ ការងារធានាភស្តុភារ-ហិរញ្ញវត្ថុ ការងារធានាគ្រឿងបំពាក់សម្ភារៈបច្ចេកទេសនិងកែច្នៃជួសជុលថែទាំលើក កម្ពស់សុវត្ថិភាពគុណភាពគ្រឿងបំពាក់ ការងារលើកកម្ពស់សុខុមាលភាពកងទ័ពនិងគ្រួសារ ការងារគ្រប់ គ្រងនិងធានាដល់ការប្រើប្រាស់បណ្តាញទំនាក់ទំនងបញ្ជូនសារ ការងារកសាងនិងជួសជុលបណ្តាញផ្លូវ គមនាគមន៍ ស្ពាន លូ ប្រព័ន្ធធារាសាស្ត្រ សំណង់អគារគ្រប់ប្រភេទនិងការបោសសំអាតគ្រាប់មីន ការងារ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការអន្តរជាតិ ការបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហ ប្រជាជាតិ ការងារប្រវត្តិសាស្ត្រយោធា ការគ្រប់គ្រងនិងអភិវឌ្ឍន៍វិមានឈ្នះ ឈ្នះ ព្រមទាំងការងារមួយចំនួនទៀត តាមផែនការដោយសម្រេចបាននូវលទ្ធផលល្អ។
នាយឧត្តមសេនីយ៍ ចាយ សាំងយុន បានកោតសរសើរដល់បណ្តាអង្គភាពក្រោមចំណុះក្រសួងការពារជាតិ ដែលបានខិតខំបំពេញការងារតាមទិសដៅដែលបានដាក់ចេញ ស្របតាមគោលនយោបាយ យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលដាក់ចេញដោយ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕