(ភ្នំពេញ)៖ ថ្ងៃពុធ ឆ្មក់ចុះមើលការបូមទឹកដាក់ស្រែប្រាំងរបស់ប្រជាកសិករ​នៅខេត្ត​កណ្តាល និងខេត្តតាកែវ ដោយឡែកនៅព្រឹកថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២៥​នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឆ្មក់ចុះជួប​ជា​មួយ​ប្រជាសហគមន៍ និងពិនិត្យវឌ្ឍនភាពនៃការរៀបចំសហគមន៍កសិកម្ម​ទំនើប​ប្រាសាទ​សំបូររុងរឿង ដែលផ្តោតលើដំណាំស្វាយចន្ទី ស្ថិតនៅក្នុងឃុំគោល ស្រុក​ប្រា​សាទ​សំបូរ ខេត្តកំពង់ធំ។

ចាប់តាំងពីឡើងកាន់ការងារជានាយករដ្ឋមន្ត្រីមក ក្រៅពីបំពេញការងារផ្លូវការនានា​ហើយនោះ សម្តេចមហាបវរធិបតី ក៏ចូលចិត្តឆ្មក់ចុះនៅតាមមូលដ្ឋានដោយមិន​ប្រកាស​​មុនផងដែរ។ កុំថាឡើយមន្ត្រីជាន់ខ្ពស់ ជាន់ទាប សូម្បីអ្នកសារព័ត៌មាន​ក៏មិន​ឱ្យដឹង​នោះដែរ។ ការមិនប្រកាសឱ្យដឹងមុននូវដំណើរចុះទៅកាន់កន្លែងណាមួយនេះ ដើម្បីបានជ្រាបការពិតជាក់ស្តែងពីវឌ្ឍនភាព​ការងារ ក៏ដូចជាបញ្ហាក្នុងវិស័យ​ទាំង​ឡាយ។

នៅក្នុងជំនួបជាមួយប្រជាពលរដ្ឋដាំស្វាយចន្ទីថ្ងៃនេះ មិនមានរៀបចំពិធីការអ្វីច្រើន​នោះឡើយ សម្តេចនាយករដ្ឋមន្ត្រី អមដោយមន្ត្រីពាក់ព័ន្ធមួយចំនួនតូច បានក្រាល​តង់ ក្រោមដើមស្វាយចន្ទី ហើយជជែកត្រង់ទៅត្រង់មកជាមួយប្រជាពលរដ្ឋតែម្តង។ តាមរយៈវីដេអូ ដែលចែកចាយលើបណ្តាញសង្គមរបស់សម្តេចនាយករដ្ឋមន្ត្រី, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យប្រជាពលរដ្ឋសម្តែងមតិ និងលើកឡើងពីបញ្ហារបស់គាត់ផងដែរ។

ក្នុងវីដេអូនោះ ប្រជាពលរដ្ឋ បានបង្ហាញពីស្ថានភាពថែទាំង ក៏ដូចជាការប្រមូលផល​ស្វាយចន្ទីរ មានភាពល្អប្រសើរជាងមុន ក្រោយពេលចូលរួមក្នុងសហគមន៍ទំនើប។

សហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង គឺជាសហគមន៍ទំនើបមួយ ក្នុង​ចំណោម​សហគមន៍ទំនើបទាំង៣ (សហគមន៍កសិកម្មទំនើបកំពង់ ធំសាលា វិស័យ និងសហគមន៍កសិកម្មទំនើបទំរីងកំពង់ធំ) ដែលផ្តោតលើដំណាំស្វាយចន្ទី នៅក្នុងខេត្តកំពង់ធំ ដោយមានសមាជិកសរុបចំនួន ១៥៣គ្រួសារ និងមានផ្ទៃដី​ផលិតកម្ម ចំនួន ៦៤៤ហិកតា ដោយរំពឹងបរិមាណផលគ្រាប់ស្វាយចន្ទីសើម​ប្រមាណ ១,០០០តោន។

តាមរយៈបណ្តាញសង្គម, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរដល់សហគមន៍ ក្នុងការរៀបចំផែនការបានយ៉ាងល្អ ដោយមាន​យុទ្ធ​សាស្ត្រក្នុងការលក់គ្រាប់ស្វាយចន្ទីសើម​ ៧០ភាគរយ​ និងគ្រាប់ស្វាយចន្ទីស្ងួត​ ៣០ភាគរយ​ ជាមួយការរៀបចំធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាថ្លៃល្អជាងមុន ១០-១៥ភាគរយ។

សម្តេចនាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ដល់ការជួយសម្របសម្រួល និងជ្រោម​ជ្រែង​របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការអនុវត្តកម្ម​វិធី​គោល​នយោ​បាយអាទិភាពទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្នុងគោលដៅប្រែ​ក្លាយការធ្វើកសិកម្មបែបគ្រួសារ ឱ្យទៅជាសហគ្រាសសេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ មាន​សមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន និងមានសមត្ថភាពប្រកួត​ប្រជែង​ទាំង​បរិមាណ និងគុណភាព។ ការចងក្រងជាសហគមន៍កសិកម្មទំនើប ប្រជាកសិករ ក៏អាច​ទទួលបានយន្តការគាំទ្រចំនួនពីរ ដូចជា៖ ១) ក្រុមប្រឹក្សាគោល​នយោបាយ​សហគមន៍កសិកម្ម និងទី២) មូលនិធិអភិវឌ្ឍសហគមន៍កសិកម្ម។

ជាលទ្ធផលដ៏វិជ្ជមានមួយក្នុងការកែប្រែការធ្វើកសិកម្មបែបគ្រួសារ មកក្លាយជា​សហ​គ្រាសសេដ្ឋកិច្ចកសិកម្មរឹងមាំ។ រាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ បានរៀបចំបង្កើតជាសហគមន៍កសិកម្ម​ទំនើប​បានចំនួន៩ មានដូចជា៖ សហគមន៍កសិកម្មទំនើបស្រូវនាងអំ, បន្លែសរសី, ទំរឹងកំពង់ធំ, ប្រាសាទសំបូររុងរឿង, កំពង់ធំសាលាវិស័យ, បន្លែផ្ទះសំណាញ់​ត្រាំ​កក់, ស្រូវផ្ការំដួលខ្នារឆ្មារ, បន្លែកោះខ្សាច់ទន្លេ និង សហគមន៍កសិកម្មទំនើបម្រេច​មេមត់ត្បូងឃ្មុំ ព្រមទាំងកំពុងសម្របសម្រួល និងជ្រោមជ្រែងក្នុងការបង្កើតសហ​គមន៍​ថ្មីមួយទៀតក្នុងស្រុកកំពង់ស្វាយ និងក្រុងស្ទឹងសែន ដែលនឹងលេចជារូបរាង​ឆាប់ៗនាពេលខាងមុខ ហើយសហគមន៍ថ្មីនេះ គឺផ្តោតលើការដាំស្រូវសែនក្រអូប​០១ ដែលជាដំណាំយុទ្ធសាស្ត្រមួយរបស់កម្ពុជា។

សូមបញ្ជាក់ថា ក្នុងរយៈពេលជាង១ឆ្នាំនៃការកាន់តំណែងជានាយករដ្ឋមន្ត្រី សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត បានឆ្លៀតឆ្មក់ចុះទៅទីតាំងជាច្រើន ដូចជា ឆ្មក់ចុះ​តាម​ផ្លូវក្រវាត់ព្រំដែន ឆ្មក់ចុះមើលស្ថានភាពទឹកជំនន់នៅខេត្តកំពង់ធំ ឆ្មក់ចុះ​មើល​ការ​អប់រំនៅតាមសាលា ឆ្មក់ចុះមើលស្ថានភាពទេសចរណ៍​នៅក្នុងខេត្តសៀម​រាបជា​ដើម។

វិធីឆ្មក់ចុះពិនិត្យស្ថានភាពការងារជាក់ស្តែងរបស់សម្តេចនាយករដ្ឋមន្ត្រី បានធ្វើឱ្យ​មានការចាប់អារម្មណ៍ខ្ពស់ពីប្រជាពលរដ្ឋខ្មែរ។ គេក៏បានមើលឃើញផងដែរថា ការ​ជ្រើស​យកវិធីឆ្មក់​ចុះតាមមូលដ្ឋាននេះ នឹងធ្វើឱ្យសម្តេចទទួលបានព័ត៌មានពិតជាក់​ស្តែងទាំងឡាយ។ ជាពិសេសមន្ត្រីថ្នាក់ក្រោមជាតិ ក៏មិនអាចភូតភរនាយករដ្ឋមន្ត្រី តាមតែរបាយការណ៍របស់ខ្លួននោះឡើយ៕