(ភ្នំពេញ)៖ លោក សុខ សប្បាយណា សមាជិកគណៈអចិន្ត្រៃយ៍ នៃគណកម្មាធិការកណ្តាល ជាតំណាងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានដឹកនាំប្រតិភូសិល្បករ សិល្បការិនីកម្ពុជា ចូលរួមព្រឹតិ្តការណ៍ឈីងហ្គេឆ្នាំ២០២៥ រួមជាមួយ លោកគ្រូ អ្នកគ្រូ ដែលជាសាស្រ្តាចារ្យដឹកនាំការសម្ដែង និងសិល្បករ សិល្បការិនី បានអញ្ជើញចូលរួមក្នុងពិធីសំពះគ្រូ រំលឹកគុណគ្រូ និងបួងសួងសុំសេចក្តីសុខមុនការចេញដំណើរទៅកាន់ប្រទេសសិង្ហបុរី នៅអាគាដំបូលទូក (ក្នុងបរិវេណពហុកីឡាដ្ឋានអូឡាំពិក) នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥។
តបតាមការអញ្ជើញរបស់សមាគមប្រជាជននៃសាធារណរដ្ឋសិង្ហបុរី សហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានការសហការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងដឹកនាំគណៈប្រតិភូ សិល្បករ សិល្បការិនីកម្ពុជាសរុបចំនួន៥៤រូប ចូលរួមព្រឹត្តិការណ៍ក្បួនដង្ហែ ឈីងហ្គេ ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៧-០៨ ខែកុម្ភៈ ឆ្នាំ២០២៥ សាធារណរដ្ឋសិង្ហបុរី៕