(ភ្នំពេញ)៖ លើកកម្ពស់ផលិតភាពនៃវិស័យកសិកម្មប្រកបដោយចីរភាពនៅកម្ពុជា មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិហៅកាត់ថា (ACIAR) ផ្តល់ការគាំទ្រដល់គម្រោងស្រាវជ្រាវកសិកម្មចំនួន២ ដែលមានទំហំថវិកាចំនួន ៦លានដុល្លាអូស្ត្រាលី។ គម្រោងស្រាវជ្រាវនេះជួយអភិវឌ្ឍន៍ការធ្វើកសិកម្ម របស់កសិករខ្នាតតូចនៅកម្ពុជា តាមរយៈបច្ចេកវិទ្យាទំនើបផ្នែកគ្រឿងយន្ត កសិកម្ម និងការគ្រប់គ្រងធនធានដី ប្រកបដោយចីរភាព។
លោកស្រីសាស្ត្រាចារ្យ Wendy Umberger នាយកប្រតិបត្តិរបស់ ACIAR បានថ្លែងថា គម្រោងថ្មីនេះបានប្រមូលផ្តុំអ្នកស្រាវជ្រាវអូស្ត្រាលី មកពីសាកលវិទ្យាល័យ ស៊ីដនី និងសាកលវិទ្យាល័យ Murdoch ដោយមានការសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់កម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈមនានាដែលកើតចេញពីបច្ចេកវិទ្យាគ្រឿងយន្តកសិកម្មដោយដែលរួមមានការបំភាយឧស្ម័នផ្ទះកញ្ចក់ ភាពហាប់ណែននៃដី និងឧបសគ្គលំបាកនានាក្នុងពេល ប្រតិបត្តិការណ៍គឿងយន្តទំាងអស់នោះ- ជាពិសេសសម្រាប់កសិករជាស្ត្រី។
លោកស្រីសាស្ត្រាចារ្យ Wendy Umberger បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ ACIAR ក្នុងការជួយគាំទ្រកសិករ និងអ្នកស្រាវជ្រាវកម្ពុជា។
លោកស្រីបញ្ជាក់ថា «គោលដៅរបស់ ACIAR គឺយើងចង់ជួយជំរុញឱ្យវិស័យកសិកម្មទទួលបានផលិតភាពកាន់តែប្រសើរឡើងនិងប្រកបដោយចីរភាព។ ការផ្តល់ដំណោះស្រាយរបស់យើងដល់កសិករចំពោះបញ្ហាប្រឈមសំខាន់ៗមួយចំនួនរួមមានការរិចរិលធនធានរបស់ដី និងការបន្សាំរបស់កសិករទៅនិង បច្ចេកវិទ្យាថ្មីៗ។ ការគាំទ្រនេះពិតជាអាចជួយកសិករកម្ពុជា កសាងនូវប្រព័ន្ធកសិកម្មមួយ ដែលមានភាពធន់ និងជួយឱ្យពួកគាត់មានការត្រៀមរួចខ្លួនជាស្រេច សម្រាប់អនាគតខាងមុខ»។
«ការគ្រប់គ្រងធនធានដីប្រកបដោយចីរភាពមានសារៈសំខាន់ខ្លំាងណាស់ សម្រាប់សន្តិសុខស្បៀង និងជួយកាត់បន្ថយផលប៉ះពាល់ពីបម្រែបម្រួលរបស់អាកាសធាតុ ដោយសារដីដែលខូចគុណភាពបានរួមចំណែកបញ្ចេញសារធាតុកាបូន និងផ្តល់ផលប៉ះពាល់ដល់គុណភាពទឹក»។ លោកស្រីសាស្ត្រាចារ្យ Umberger មានប្រសាសន៍បន្ថែម។
នៅក្នុងប្រទេសកម្ពុជា គេឃើញការប្រើប្រាស់បច្ចេកវិទ្យាចល័ត (mobile technologies) និងបច្ចេកវិទ្យាដ្រូន (Drone Technology) បានបន្ស៉ាំខ្លួនយ៉ាង ឆាប់រហ័ស។ ការគាំទ្ររបស់ ACIAR តាមរយៈគម្រោងនេះ ស្របទៅតាមគោលនយោបាយជាតិអភិវឌ្ឍន៍កសិកម្មឆ្នាំ ២០២២-២០៣០ របស់កម្ពុជា និងផែនទីបង្ហាញផ្លូវស្តីអំពីបច្ចេកវិទ្យាកសិកម្ម។ ការគាំទ្រនេះជួយការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការធ្វើទំនើបកម្មវិស័យកសិកម្មរបស់ខ្លួន។
លោកបណ្ឌិត ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មបានលើកឡើងពីសារៈសំខាន់ យុទ្ធសាស្ត្រនៃការធ្វើសមាហរណកម្មបច្ចេកវិទ្យាថ្មីៗប្រព្រឹត្តិទៅបន្តិចម្តងៗ។ ការធ្វើបែបនេះអាចជួយឱ្យកសិករសំរបខ្លួនរបស់ពួកគាត់ទៅនិងការច្របាច់បញ្ចូលបច្ចេកវិទ្យាគ្រឿងចក្រទៅក្នុងការធ្វើ កសិកម្មរបស់ពួកគាត់។
លោកបណ្ឌិត ងិន ឆាយ បានបន្ថែមថា៖ «ការយល់ដឹងអំពីបរិបទសង្គម-វប្បធម៌ និងសេដ្ឋកិច្ចរបស់កសិករកម្ពុជាមានសារៈសំខាន់ខ្លាំងណាស់ដើម្បីឱ្យពួកគាត់អាចទទួលយកបាននូវបច្ចេកវិទ្យាថ្មីៗទាំងអស់នោះ និងអាចយកវាមកប្រើប្រាស់ដោយជោគជ័យ។ យើងក៏នឹងប្រើប្រាស់វិធីសាស្រ្តនេះផងដែរ ជាមួយនឹងដាក់បញ្ចូលបច្ចេកវិទ្យាគ្រឿងចក្រវៃឆ្លាត (smart mechanisation) ព្រោះថាការវិវត្តបែបនេះនឹងជួយកាត់បន្ថយហានិភ័យរបស់កសិករក្នុងពេលប្រតិបត្តិការហើយនឹងជួយបំពេញបន្ថែមទៅលើសមត្ថភាពកសិកម្មរបស់ពួកគាត់ដែលមានស្រាប់»។
តាមរយ:ការគាំទ្ររបស់ ACIAR អ្នកស្រាវជ្រាវកំពុងបង្កើតត្រាក់ទ័រអគ្គិសនីដោយច្របាច់បញ្ចូលជាមួយនឹងបច្ចេកវិទ្យាកសិកម្មឆ្លាតវៃថ្មីៗមួយចំនួន ដែលវានឹងជួយបង្កើនប្រសិទ្ធភាព កាត់បន្ថយផលប៉ះពាល់បរិស្ថាន ជាពិសេសជួយកសិករសម្របខ្លួនទៅនឹងការអនុវត្តកសិកម្មទំនើប។
លោកបណ្ឌិត Salah Sukkarieh អ្នកដឹកនាំគម្រោងមកពីសាកលវិទ្យាល័យ Sydney បាននិយាយថា «ការរីកចម្រើនរបស់បច្ចេកវិទ្យាទំនើបទាំងនេះនឹងជួយឱ្យយើងអាចរួមបញ្ចូលបន្ថែមបច្ចេកវិទ្យាឆ្លាតវៃផេ្សងៗទៀតទៅក្នុងត្រាក់ទ័រកង់២ (គោយន្ត) ដោយរួមមានកម្មវិធីរៀបស្មៅឆ្លាតវៃ (smart weeding application) កម្មវិធីបាញ់ថ្នាំឆ្លាតវៃដោយអាចកំណត់គោលដៅបានទុកជាមុន (targeted spraying application) កម្មវិធីដំាដំណាំដោយប្រើបញ្ញាសិប្បនិម្មិត (crop intelligence sensing)» ជាដើម។
បន្ថែមពីនេះ គំនិតផ្តួចផ្តើមដ៏ចម្បងមួយផ្សេងទៀតគឺការរកដំណោះស្រាយលើបញ្ហានៃការរិចរិល របស់ធនធានដី ដែលកំពុងតែមានស្ថានភាពកាន់តែធ្ងន់ធ្ងរឡើងៗ។ការប្រឈមនេះកើតចេញពីសំណឹក ការបញ្ចេញសារធាតុអាស៊ីត និងការធ្វើកសិកម្មតាមវិធីដែលគ្មានចីរភាព។ ការគ្រប់គ្រងធនធានដីប្រកបដោយចីរភាពពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សន្តិសុខស្បៀង និងជួយកាត់បន្ថយផលប៉ះពាល់ពីបម្រែបម្រួលរបស់អាកាសធាតុ ព្រោះដីដែលខូចគុណភាពបានរួមចំណែកដល់ការបំភាយសារធាតុកាបូន និងប៉ះពាល់ដល់គុណភាពទឹក។
លោកស្រីបណ្ឌិត Wendy Vance ប្រធានគម្រោងមកពីសាកលវិទ្យាល័យ Murdoch បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការកែលម្អការគ្រប់គ្រងដីថា «នេះជាជំហានដ៏សំខាន់មួយឆ្ពោះទៅកាន់ការបង្កើតប្រព័ន្ធកសិកម្មដែលរឹងមាំ និងប្រកបដោយចីរភាពនៅកម្ពុជា។ តាមរយៈការកែលម្អការគ្រប់គ្រងធនធានដី និងការបង្រៀនកសិករនូវជំនាញសំខាន់ៗទាំងនេះយើងអាចបង្កើនទិន្នផលដំណាំ ផ្តល់ជម្រើសច្រើនក្នុងការធ្វើកសិកម្ម និងអាចចូលរួមការកាត់បន្ថយការរិចរិលធនធានរបស់ដី»។
តាមរយៈភាពជាដៃគូដ៏រឹងមាំ និងកិច្ចខិតខំប្រឹងប្រែងសហការគ្នាយ៉ាងស៊ីជម្រៅរវាងស្ថាប័ន និង អ្នកស្រាវជ្រាវរបស់អូស្ត្រាលី និងកម្ពុជា ACIAR បន្តជំរុញការធ្វើកសិកម្មប្រកបដោយការច្នៃប្រឌិតនិងបចេ្ចកវិទ្យាទំនើប ដើម្បីគាំទ្រ និងជួយពង្រឹងសមត្ថភាពដល់កសិករខ្នាតតូច និងសហគមន៍កសិកម្ម ទាំងមូល ។ការគាំទ្របែបនេះអាចជួយឱ្យកសិករមានលទ្ធភាពគ្រប់គ្រាន់ប្រឈមមុខ និងមានការត្រៀមខ្លួនរួចជាស្រេចចំពោះការវិវត្តទំាងឡាយរបស់ពិភពលោក៕