(បាត់ដំបង)៖ លោក សុខ លូ អភិបាល នៃអភិបាលខេត្តបាត់ដំបង នារសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំអំពីការពន្លឿនផែនការជំរុញដីធ្លីមិនទាន់បានចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងការរៀបចំសណ្តាប់ធ្នាប់ ការកែលម្អសោភ័ណភាពក្រុង និងបន្តយុទ្ធនាការ ផ្ទះមួយខ្នង ដើមឈើមួយដើម ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធនានា ក្នុងខេត្ត លោក លោកស្រី អភិបាលក្រុង ស្រុកទាំង១៤ និងអ្នកពាក់ព័ន្ធផ្សេងទៀត នៅសាលប្រជុំសាលាខេត្តបាត់ដំបងផងដែរ។

លោក សុខ លូ បានថ្លែងក្នុងកិច្ចប្រជុំថា ការពន្លឿនផែនការជំរុញដីធ្លីមិនទាន់បានចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធក្នុងភូមិសាស្ត្រខេត្តបាត់ដំបង គែជាចាំបាច់បំផុត ដែលខេត្តយើងធ្វើជូនប្រជាពលរដ្ឋនៅតាម ក្រុង ឬ ស្រុកណា មិនទាន់បានធ្វើអស់នៅឡើយ ព្រមទាំងរៀបចំសណ្តាប់ធ្នាប់ ការកែលម្អសោភ័ណភាពក្រុង និងបន្តធ្វើទីប្រជុំជន យុទ្ធនាការ ផ្ទះមួយខ្នង ដើមឈើមួយដើម។

បន្ថែមពីនេះ គឺការរៀបចំដោះស្រាយសំណង់បណ្តោះអាសន្ន មិនរៀនរយក្នុងក្រុងបាត់ដំបង ព្រមទាំងការរៀបចំដោះស្រាយទំនាស់ដីធ្លី ក្នុងឃុំបឹងប្រាំ ស្រុកបវេល និងនៅទីតាំងសំខាន់ៗផ្សេងទៀត។

លោកបានបន្តថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងភូមិសាស្ត្រខេត្តបាត់ដំបងរួចរាល់ ប្រជាពលរដ្ឋនឹងទទួលបានបណ្ណកម្មសិទ្ធស្របច្បាប់ហើយ ការងារនេះចំណេញបានច្រើន ការកាត់បន្ថយពីការទំនាស់ដីធ្លី កាត់បន្ថយកាប់ទន្ទ្រានដីធ្លី ដោយខុសច្បាប់ ការរលោភបំពានដីធ្លីនានាផ្សេងទៀតផងដែរ។

ឆ្លៀតក្នុងឱកាសនេះ លោកអភិបាលខេត្តបាត់ដំបង បានណែនាំឲ្យលោកអភិបាលក្រុង ស្រុក បន្តខិតខំផ្សព្វផ្សាយ
ពន្យល់ណែនាំឲ្យបងប្អូនប្រជាពលរដ្ឋជួយថែរក្សាដើមឈើដែលបានដាំរួចនាពេលកន្លងមក ក្នុងយុទ្ធនាការ ផ្ទះមួយខ្នង ដើមឈើមួយដើមនេះ ឲ្យបានល្អដោយចូលរួមក្នុងការស្រោចទឹក ថែទាំ ចំពោះដើមឈើដែលនៅមុខផ្ទះនីមួយៗ ឲ្យបានទៀងទាត់តាមលទ្ធភាព ដែលបងប្អូនធ្វើបាន និងខិតខំដាំបន្តទៀត ដើម្បីបង្កើនសម្រស់ទីក្រុងបាត់ដំបង ជាទីក្រុងបៃតង មានសោភ័ណភាពស្អាតបរិស្ថានល្អ រស់នៅមានសុខភាពល្អទាក់ទាញភ្ញៀវទេសចរមកលេងកាន់តែច្រើនក្នុងពេលអនាគត ធ្វើប្រជាពលរដ្ឋមានជីវភាពធូរធាផងដែរ៕