(ភ្នំពេញ)៖ លោក អ៊ុំ វុទ្ធទី ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) និងជាជំនួយការសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ឱ្យដឹងថា មកដល់ពេលនេះ សមាគមបានជួយដល់និស្សិតប្រមាណជាង១,៦០០នាក់មកហើយ បានទៅបន្តការសិក្សានៅប្រទេសចិន ចាប់តាំងពីឆ្នាំ២០១៧ ដែលជាឆ្នាំបង្កើតសមាគម រហូតមកដល់ពេលបច្ចុប្បន្ននេះ។

លោកបន្តថា សមាគម នៅបន្តឆន្ទះខិតខំយ៉ាងជួយជំរុញកំណើននិស្សិតកម្ពុជានៅប្រទេសចិន យ៉ាងតិច៥,០០០នាក់ នៅឆ្នាំ២០២៩។ ជាមួយគ្នានេះដែរ សមាគមយុវជន (CCYA) ក៏បន្តខិតខំសម្របសម្រួលយុវជន មកបណ្តុះបណ្តាលវគ្គខ្លី (រយៈ២ ទៅ៣សប្តាហ៍) នៅប្រទេសចិន។

ជាមួយគ្នានេះ លោកក៏បានឱ្យដឹងទៀតថា នាពេលថ្មីនេះ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) និងសមាគមទំនាក់ទំនងយុវជនកម្ពុជាចិន (CCYA) បានជួយសម្របសម្រួលបេក្ខជនជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលចិន CSC-TypeA តាមការប្រលងអាហារូបករណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់សរុប៦៥រូប ក្នុងការប្រឹក្សាយោបល់ក្នុងការជ្រើសរើសជំនាញ និងសាកលវិទ្យាល័យ, ការណែនាំការរៀបចំឯកសារ និងការបំពេញព័ត៌មានក្នុងប្រព័ន្ធCSC Online Application, ការណែនាំអំពីនិតីវិធីស្នើសុំ Pre-Admission Notice (លិខិតទទួលនិស្សិតចូលរៀន) ពីសាកលវិទ្យាល័យនានានៅប្រទេសចិន និងការស្នើសុំសិក្សាភាសាចិន មុនពេលទៅបន្តការសិក្សានៅប្រទេសចិន។

ទន្ទឹមគ្នានេះដែរ សមាគមបានធ្វើការជ្រើសរើសយុវជនប្រមាណ២០០នាក់ ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលនៅប្រទេសចិន ជាប្រចាំខែ សម្រាប់ឆ្នាំ២០២៥ តាមរយៈកម្មវិធី Chin Aid ដែលផ្តល់ជូនតាមរយៈស្ថានទូតចិនប្រចាំកម្ពុជា។

សូមជម្រាបថា នៅឆ្នាំ២០២២ និងឆ្នាំ២០២៤ សមាគម បានជ្រើសរើសមកចូលរួមសិក្ខាសាលាទាំងផ្ទាល់ និងអនឡាញនៅប្រទេសចិន សរុបមានចំនួន២៧៤នាក់ (ចូលរួមផ្ទាល់បានចំនួន១៣៧នាក់) ប្រមាណ ៨០ប្រធានបទ ដែលពាក់ព័ន្ធនឹងវិស័យជាច្រើនដូចជា សេដ្ឋកិច្ច ច្បាប់ កសិកម្ម សុខាភិបាល ពន្ធដារ ទំនាក់ទំនងអន្តរជាតិ បច្ចេកវិទ្យា វិនិយោគ ធុរកិច្ច ពាណិជ្ជ កម្ម អាកាសចរណ៍ សហគ្រាសធុនតូច និងមធ្យម ទីផ្សារ បដិសណ្ឋារកិច្ច វប្បធម៌ សារព័ត៌មាន សោតទស្សន៍ ដឹកជញ្ជូន ជាដើម។ល។ ដោយរាល់ការចំណាយជាបន្ទុករបស់ភាគី ចិនទាំងស្រុង៕