(បាត់ដំបង)៖ លោក ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់សហភាពសហព័ន្ធយុវជនកម្ពុជា។
ពិធីនេះមានការអញ្ជើញចូលរួមពីលោក លោកស្រី អនុប្រធាន សមាជិកអចិន្ត្រៃយ៍ ស.ស.យ.ក.ខេត្ត លោក លោកស្រី ជាជំនួយការដឹកនាំ ប្រធានកិតិ្តយស ប្រធានក្រុមប្រឹក្សាចុះជួយ ស.ស.យ.ក. ក្រុង/ស្រុក លោក លោកស្រី ប្រធាន ស.ស.យ.ក. ក្រុង/ស្រុក ទាំង១៤ សមាជិក សមាជិកា ស.ស.យ.ក.ឃុំ/សង្កាត់ សមាជិក សមាជិកា ស.ស.យ.ក. ខេត្ត សរុបចំនួន៤០១នាក់ នៅសាលប្រជុំអគារE សាលាខេត្តបាត់ដំបង ស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
នៅក្នុងពិធីបើកសន្និបាត លោក ស រដ្ឋា បានលើកឡើងពីការលះបង់របស់ក្រុមគ្រួសារ ស.ស.យ.ខេត្ត គ្រប់លំដាប់ថ្នាក់ ការចូលរួមពីគ្រប់ភាគីដៃគូ រួមមានអាជ្ញាធរដែនដី មន្ទីរវិស័យពាក់ព័ន្ធជុំវិញខេត្ត ជាពិសេសអនុសាសន៍ណែនាំរបស់លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មាធិការកណ្តាល ស.ស.យ.ក. ការដឹកនាំផ្ទាល់របស់លោក ស សុខា អនុប្រធាន ស.ស.យ.ក. ទទួលបន្ទុក៣ខេត្ត (ខេត្តបាត់ដំបង, ព្រៃវែង និងបន្ទាយមានជ័យ) ការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាអ្នកតំណាងរាស្រ្តប្រចាំ មណ្ឌលខេត្តបាត់ដំបង បានធ្វើឱ្យ ស.ស.យ.ក. ខេត្តសម្រេចបានលទ្ធផលជាច្រើន ដែលមានរំលេច ក្នុងរបាយការណ៍ ដែលនឹងអានដោយលោក យី សុងគី អនុប្រធានប្រចាំការស.ស.យ.ក.ខេត្ត។
លោកបានថ្លែងអំណរគុណដល់ក្រុមគ្រួសារ ស.ស.យ.ក.ខេត្ត និងស្ថាប័នពាក់ព័ន្ធ ជាពិសេស ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ពេលវេលា ទាំងសម្ភារៈ ថវិកា រួមចំណែកក្នុងការសម្រេចបាននូវបេសកកម្មរបស់ស.ស.យ.ក.ខេត្តកន្លងមក លើការងារសង្គម សប្បុរសធម៌, ការអប់រំ កសាងកម្លាំង និងកីឡា, ការងារអនាម័យបរិស្ថាន និងការវប្បធម៌ សាសនា និងប្រវត្តិសាស្រ្ត។
កម្មវិធីបន្ទាប់នាឱកាសនោះក៏មានជាការអាននូវរបាយការណ៍លទ្ធផលសម្រេចបានរបស់ស.ស.យ.ក.ខេត្ត ដោយលោក យី សុងគី អនុប្រធានប្រចាំការស.ស.យ.ក.ខេត្ត ដោយបានលើកឡើង ពីចំណុចខ្លាំង បញ្ហាប្រឈម សំខាន់ៗដាក់ជូនអង្គពិធី និងមានបទអន្តរគមន៍ចំនួន៤ប្រធានបទដែលធញវើបទបង្ហាញដោយស.ស.យ.ក.ស្រុក រួមមាន៖
*ប្រធានបទទី១៖ ការចូលរួមក្នុងការលើកស្ទួយនូវឧត្តមភាព កិត្តិនាមជាតិ ប្រវត្តិសាស្រ្ត វប្បធម៌ប្រពៃណី សិល្បៈ ជំនោះ និងសាសនា ដោយលោក ម៉ង់ មឿន អនុប្រធានស.ស.យ.ក.ស្រុកបវេល
*ប្រធានបទទី២៖ ការពង្រឹង និងពង្រីករចនាសម្ព័ន្ធ ខ្សែរយៈចាត់តាំង និងការកសាងចលនាយុវជន ធ្វើបទបង្ហាញដោយលោក នន់ គឹមនី ប្រធានស.ស.យ.ក.ស្រុកសង្កែ
*ប្រធានបទទី៣៖ ការបង្កើនការចូលរួមរបស់យុវជនក្នុងការងារស្ម័គ្រចិត្ត និងកិច្ចការសង្គម ធ្វើបទ
បង្ហាញដោយលោក សម កុសល្យ ប្រធានស.ស.យ.ក.ស្រុកឯកភ្នំ
*ប្រធានបទទី៤៖ ការចូលរួមជម្រុញ និងលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពយុវជនតាមរយៈការអប់រំ បណ្តុះបណ្តាល និងកីឡា ទន្ទឹមនិងការធ្វើបទអន្តរគមន៍ទាំង៤ខាងលើ ក៏មានជាមតិយោបល់ចូលរួមយ៉ាងផុសផុលផងដែរ ពីសំណាក់លោក លោកស្រីនៃអង្គពិធីដើម្បីជាធាតុចូល និងជាវិធានការគន្លឹះ សម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០២៥។
ចុងបញ្ចប់នៃកម្មវិធីលោក ស រដ្ឋា បានមានប្រសាសន៍បូកសរុបលទ្ធផលសន្និបាត និងបានដោះស្រាយបញ្ហាប្រឈមមួយចំនួនជូនអង្គពិធី ក៏ដូចជាបានផ្តល់ជាអនុសាសន៍ណែនាំ និងលើកទិសដៅ សំខាន់ៗជូនអង្គពិធី ជាពិសេស ស.ស.យ.ក.ខេត្ត ស.ស.យ.ក.ក្រុង/ស្រុក បន្តអនុវត្តឱ្យកាន់តែល្អប្រសើរនាឆ្នាំ២០២៥ និងសូមឱ្យសមាជិកនៃអង្គពិធីទាំងអស់ចូលរួមកម្មវិធីបិទសន្និបាតនាពេលរសៀល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក ស សុខាអនុប្រធានស.ស.យ.ក. ទទួលបន្ទុក៣ខេត្ត (ខេត្តបាត់ដំបង, ព្រៃវែង និងបន្ទាយជ័យ) ដើម្បីទទួលបាននូវអនុសាសន៍ល្អៗ វិធានការគន្លឹះ ជាធាតុចូលមួយសម្រាប់អនុវត្តបានល្អប្រសើរនាឆ្នាំបន្តបន្ទាប់៕