(ប៉ារីស)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ បានជួបពិភាក្សាការងារជាមួយលោក Philippe Orliange នាយកទទួលបន្ទុកតំបន់ភូមិសាស្ត្រ នៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) នៅទីស្នាក់ការកណ្ដាល AFD។
លោករដ្ឋមន្ត្រី និងលោកនាយក បានរំឭកពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធកន្លងមករវាង ក.ប.ទ. និង AFD លើការងារបរិវត្តកម្មឌីជីថល រួមមានការសិក្សាបុរេសមិទ្ធិលទ្ធភាព លើគម្រោងពាក់ព័ន្ធនឹងរដ្ឋាភិបាលឌីជីថល និងនវានុវត្តន៍ឌីជីថល រួមមានគម្រោងជំនួយបច្ចេកទេស លើគោលនយោបាយទិន្នន័យបើកចំហ គម្រោងជំនួយបច្ចេកទេសពាក់ព័ន្ធនឹងរដ្ឋាភិបាលឌីជីថល និងគម្រោងមន្ទីរពិសោធជាតិបញ្ញាសិប្បនិម្មិត និងវិទ្យាសាស្ត្រទិន្នន័យ ជាដើម។
ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រីបានជម្រាបលោកនាយកអំពីសន្ទុះបរិវត្តកម្មឌីជីថលនៅកម្ពុជា លើគ្រប់ផ្នែក ជាពិសេសការតភ្ជាប់ឌីជីថល ធនធានមនុស្សឌីជីថល ក្របខណ្ឌអភិបាលកិច្ច ការរៀបចំសួនឌីជីថល និងបច្ចេកវិទ្យាឌីជីថលរបស់រាជរដ្ឋាភិបាល រួមមានថ្នាល verify.gov.kh ជាដើម។
លោករដ្ឋមន្ត្រីបានបញ្ជាក់អំពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ សម្រាប់ការអភិវឌ្ឍ វិស័យឌីជីថលនៅកម្ពុជា និងស្នើឱ្យ AFD ជំរុញគម្រោងមន្ទីរពិសោធជាតិបញ្ញាសិប្បនិម្មិត និងវិទ្យាសាស្ត្រទិន្នន័យឱ្យបានជោគជ័យក្នុងពេលឆាប់ៗ ព្រមទាំងពិនិត្យលទ្ធភាពពង្រីកកិច្ចសហការលើផ្នែកធនធានមនុស្ស ថ្នាលសម្រាប់ការអប់រំ និងការទាក់ទាញក្រុមហ៊ុនឌីជីថល មកដំណើរការនៅកម្ពុជា ដើម្បីចូលរួមពង្រឹងអេកូឡូស៊ីបញ្ញាសិប្បនិម្មិត និងវិស័យឌីជីថលនៅកម្ពុជា ឱ្យទាន់សភាពការណ៍វិវត្តក្នុងវិស័យនេះ៕